​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ការិយាល័យ​របស់​លោក​ស្រី​នាយករដ្ឋមន្ត្រី​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ ទី​២២ សីហា​ថា​នាយករដ្ឋមន្ត្រីហ្វាំង​ឡ​ង់​បាន​ទទួល​លទ្ធផល​អវិ​ជ្ជមាន​នៅក្នុង​​ការធ្វើតេ​ស្តិ៍​រក​សារធា​តុ​ញៀន ដែល​លោកស្រី​បាន​ធ្វើឡើង​ដើម្បី “​ជម្រះ​មន្ទិលសង្ស័យ​” បន្ទាប់​ពី​វីដេអូ​នៃ​ការ​ជប់លៀង​របស់​មេដឹកនាំ​អាយុ ៣៦ ឆ្នាំ​រូប​នេះ​បង្ក​ឱ្យ​មាន​ការរិះគន់​។​

​លោកស្រី អ៊ី​ដា វ៉ាល់​លីន (Iida Vallin) ទីប្រឹក្សា​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា សំណាក​ទឹកនោម​របស់​លោកស្រី សាន​ណា ម៉ា​រី​ន (Sanna Marin) ត្រូវបាន​ធ្វើតេស្តិ៍​សម្រាប់​វត្ត​មាន​ថ្នាំញៀន​ជាច្រើន​ប្រភេទ​ដូចជា កូកាអ៊ីន អំ​ហ្វេ​តា​មីន កញ្ឆា និង​អាភៀន ។​

​ការិយាល័យ​របស់​លោក​ស្រី​ម៉ា​រី​ន​បាន​ឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការធ្វើតេ​ស្តិ៍​រក​សារធា​តុ​ញៀន​ដែល​ធ្វើ​ឡើង​ពី​នាយករដ្ឋមន្ត្រី​សាន​ណា ម៉ា​រី​ន នៅ​ថ្ងៃទី ១៩ ខែ​សីហា ឆ្នាំ​២០២២​មិនបាន​​បង្ហាញ​វត្តមាន​របស់​គ្រឿងញៀន​នោះ​ទេ​” ដោយ​បន្ថែម​ថា លទ្ធផល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​វេជ្ជបណ្ឌិត​។​

​លោកស្រី​វ៉ាល់​លី​ន​បាន​និយាយថា “​ការ​ធ្វើតេស្តិ៍​នេះ​គឺជា​ការធ្វើតេ​ស្តិ៍រក​ថ្នាំញៀន​គ្រប់​ជ្រុងជ្រោយ​”​។​

​វីដេអូ​បែកធ្លាយ​កាលពី​សប្តាហ៍​មុន​បានបង្ហាញ​លោកស្រី​ម៉ា​រី​ន​រាំ​និង​ជប់លៀង​ជាមួយ​ក្រុម​មិត្តភក្តិ​និង​តារា​ល្បីៗ ដែល​បង្កើតបានជា​ភាពចម្រូងចម្រាស​ទូទាំង​ពិភពលោក​។​

​សម្តី​មួយចំនួន​ស្តាប់​ឮ​នៅលើ​វីដេអូ​នេះ គឺ​សម្តៅលើ​គ្រឿងញៀន ជា​អ្វី​ដែល​ត្រូវ​បាន​ជជែក​វែកញែក​យ៉ាង​ខ្លាំងក្លា​នៅលើ​បណ្តាញ​សង្គម និង​ត្រូវបាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ដោយ​នាយក​រដ្ឋមន្ត្រី​។​

​លោកស្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ថា “​ដើម្បី​ជម្រះ​រាល់​ការសង្ស័យ ខ្ញុំ​បាន​ធ្វើតេស្តិ៍​រក​សារធាតុ​ញៀន​នៅថ្ងៃនេះ​”៕

នាយករដ្ឋមន្ត្រីហ្វាំង​ឡង់ សាន​ណា ម៉ា​រី​ន​