ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ថ្ងៃទី​២៣ ខែសីហា នេះ បាន​ស្រក​ចុះមក​នៅក្រោម​កម្រិត ដែល​ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន​វិញ​ហើយ បន្ទាប់ពី​ទ្វារ ចំនួន​១៩ ក្នុងចំណោម ២០ នៃ​អាងទឹក​រក្សា ក្នុង​ខេត្តព្រះវិហារ បាន​បិទ​សាកល្បង ក្រោយពី​អាងទឹក​នេះ បាន​សាងសង់​រួច នៅក្នុង​អំឡុងពេល​ជំនន់ ទឹកស្ទឹង​សែន ក្នុង​ខេត្តព្រះវិហារ បាន​ជន់​ឡើង ខ្ពស់ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​រួចមក​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២​ថាៈ ទោះបីជា​នៅ ខេត្តព្រះវិហា មាន​បរិមាណ​ទឹកភ្លៀង បាន​ធ្លាក់​ដល់​កម្រិត​ពី ៦ ដល់ ៥១ មី​លី​ម៉ែត្រ រយៈពេល ២៤ ម៉ោង គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែសីហា យ៉ាងណាក៏ដោយ ក៏​ទឹក​ស្ទឹងសែន នៅ​ក្រុង​កំពង់ធំ បាន​បន្ត​ស្រក​ចុះ​ផុត​កម្រិត​កម្ពស់ ដែល​ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន ហើយ នៅថ្ងៃនេះ (២៣​សីហា​) បន្ទាប់ពី​ទ្វារ​ទឹក ចំនួន​១៩ ក្នុងចំណោម​ទ្វារ ទាំង ២០ នៃ​អាងទឹក​រក្សា នៅក្នុង​ខេត្ត ត្រូវបាន​បិទ​សាកល្បង​រួចមក​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បានបញ្ជាក់​ថាៈ នៅពេល​ទ្វារ​នៃ​អាងទឹក​រក្សា បាន​បិទ​សាកល្បង បន្ទាប់​សាងសង់​រួច បានធ្វើឱ្យ​កម្ពស់​ទឹក នៅក្នុង​អាង​រក្សា កើនឡើង ០,១០ ម៉ែត្រ តែ​នៅ​ទឹកស្ទឹង​សែន នៅក្រោម​អាង រហូតដល់​ក្រុង​កំពង់ធំ ដែល​ជន់​ហូរ ហៀរ​ច្រើន​ថ្ងៃ មកហើយ ចាប់ផ្តើម​ស្រក​ចុះ​ជា​លំដាប់ ។ នេះ​គឺជា​ការចាប់ផ្តើម​សាកល្បង ធ្វើការ​គ្រប់គ្រង ទឹកស្ទឹង​សែន បន្ទាប់ពី​អាងទឹក​រក្សា ទើបនឹង​បាន​សាងសង់​រួច​នេះ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹងទៀតថាៈ អាងទឹក​រក្សា ដែល​អាច​តម្កល់​ទឹក បាន​ដល់​ប្រមាណ​ជា ២៩០ លាន​ម៉ែត្រគូប នៅពេល​ទឹក ក្នុង​អាង​ឡើងដល់​កម្ពស់ ៥០ ម៉ែត្រ តែ​ពេលនេះ ទឹក​ក្នុង​អាង ទើប​មាន​កម្ពស់​បាន ៤៣ ម៉ែត្រ និង​ក៏​មិនទាន់​ដល់ពេល ត្រូវ​បិទទ្វារ​ទាំងស្រុង ដើម្បី​រក្សា​ទឹក​ទុក​នៅឡើយ​ដែរ​។ ពេលនេះ ក្រុមការងារ កំពុងតែ​ដំណើរការ បង្រៀន​ពី​របៀប​ប្រើប្រាស់​ទ្វារ​ទឹក ដល់​មន្ត្រី​ដែល​ត្រូវ​ទទួលខុសត្រូវ នៅ​អាងទឹក​រក្សា បន្ទាប់​បញ្ចប់​ការសាងសង់​។​

​ចំណែកឯ​ស្ថានភាព​ទឹក​សែន នៅ​ក្រុង​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​២៣ ខែសីហា បន្ទាប់ពី​គេ បាន​សាកល្បង​បិទទ្វារ នៃ​អាងទឹក​រក្សា​រួចមក ទឹកបាន​ចាប់ផ្តើម​ស្រក​ចុះ មក​នៅ​កម្ពស់ ១៣,៤៨ ម៉ែត្រ ទាប​ជាង​កម្ពស់​ទឹក​ថ្ងៃទី​២២ ខែសីហា ០,០២ ម៉ែត្រ បន្ទាប់ពី​បាន​ឡើង ដល់​កម្រិត​កម្ពស់ ១៣,៥៨ ម៉ែត្រ កាលពី​សប្តាហ៍​មុន ដែលជា​កម្ពស់​ទឹក ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ អំពី​ការ​ជន់​លិច នៃ​ជំនន់​ទឹកស្ទឹង​សែន​។ ទឹកស្ទឹង​សែន ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​ស្ថានីយ​ជល​សាស្ត្រ​កំពង់ធំ នៅ​កម្ពស់ ១៣,៥០ ម៉ែត្រ ៕/V​