ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ អតីត​កីឡាការិនី​បាល់ទាត់ ជម្រើសជាតិ​កម្ពុជា ទោះបី​ពេលនេះ កំពុង​សិក្សា​នៅ​សាលា Bryant and Stratton college នា​សហរដ្ឋអាមេរិក ក៏​នាង​នៅតែ​ចិញ្ចឹមចិត្ត ចង់​លេង​ឲ្យ​ក្រុម​កម្ពុជា នា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ។​

​កីឡាការិនី ហួត គឹមហុង សព្វថ្ងៃ ជា​កីឡាការិនី​បាល់ទាត់​ឆ្នើម នៅ​សាលា Bryant and Stratton college ។ នាង​ធ្លាប់ជា​កីឡាការិនី​ឆ្នើម ដែល​លេង​ឲ្យ​ក្លិប ភ្នំពេញ​ក្រោ​ន និង​ធ្លាប់​ជាប់​នៅក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ។ កាល​លេង​ឲ្យ​ក្រុម​ជម្រើស ជាតិ​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍ AFF Women’s Championship 2018 ដែល​កាលនោះ ក្រុម​ជម្រើសជាតិ​កម្ពុជា ឈ្នះ​ក្រុមទី​ម័​រ​ខាងកើត ១២​ទល់​០​នោះ កីឡាការិនី ហួត គឹមហុង បាន​ទាត់​បាល់​បញ្ចូល​ទី​ម្នាក់ឯង បាន​ចំនួន ៦ គ្រាប់ ម្នាក់ឯង ។​

​អតីតកាល​របស់​នាង គឺ​លេង​នៅ​ខ្សែប្រយុទ្ធ របស់​ក្លិប​ភ្នំពេញ​ក្រោ​ន នាង បាន​និយាយថាៈ បើទោះជា​ពេលនេះ រស់នៅ​អាមេរិក ហើយ​មិនដឹងថា ឆ្នាំ​២០២៣ បាន​ទៅ​កម្ពុជា​វិញ ឬ​អត់ ប៉ុន្តែ​ចិត្ត​របស់ខ្ញុំ នៅតែ​ចង់ទៅ​ជួយ​ជម្រើសជាតិ​នារី​ខ្មែរ​វិញ បើសិន​មានការ​កោះហៅ ឬ​បើសិន​អាច​បាន​ទៅ​ស្រុកកំណើត​។​

​រឿង​ដែល​នាង​ស្រមៃ គឺ​ចង់​លេង​ស៊ី​ហ្គេម​២០២៣ នេះ ហើយ ប៉ុន្តែ​អ្វីដែល​នាង បារម្ភ​បំផុត​នោះ គឺ​នៅពេលដែល​នាង បាន​ចូល​បម្រើ​ការងារ នៅ​អាមេរិក​នោះ ពេលវេលា​ហ្វឹកហាត់ មិនសូវមាន​វា អាចធ្វើ​ឲ្យ​សិទ្ធិ​ផល​របស់​នាង ធ្លាក់ចុះ​មិនអាច​ជួយ ក្រុម​បាន​ច្រើន​។ តែ​មិនជា​បញ្ហា​ប្រសិន បើ​មានការ​កោះហៅ​មែន នាង​នឹង​ព្យាយាម​។​

​កីឡាការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​រូបនេះ បាន​បន្ថែមថា រូបគេ​នឹង​រៀន​ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២២ នេះ ហើយក៏​មិនទាន់​គិត​ច្បាស់ ពី​ផែនការ​ជីវិត ថា​បន្ត​នៅ​អាមេរិក ឬ​ត្រឡប់ ទៅកាន់​កម្ពុជា​វិញ​ដែរ​។ បើ​និយាយ​ពី​ការលេង​បាល់ទាត់​វិញ រូបគេ​ជឿថា នៅពេល​ធ្លាក់ ទម្រង់ បើសិន​បាន​ហាត់​ជាប់​គ្នា​ត្រឹម ១​សប្ដាហ៍​អ្វីៗ អាច​ល្អប្រសើរ វិញ​ហើយ​។​

​ហួត គឹមហុង ជា​អតីត​កីឡាការិនី របស់​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ជា​អតីត​គ្រូបង្វឹក​ក្រុម U14 របស់​ក្រុមបាល់ទាត់ ភ្នំពេញ​ក្រោ​ន ទៀតផង​៕/V​