​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​៖ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​គូសបញ្ជាក់​យ៉ាង ច្បាស់ៗ​ថា ក្រុមហ៊ុន​ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា គ្រុប តែង​ផ្តល់​តម្លៃ​ខ្ពស់ ចំពោះ​អតីតភាព ការងារ និង​កិច្ចខិតខំ​ប្រឹងប្រែង របស់​បុគ្គលិក​នីមួយៗ ហើយ​អ្នកឧកញ៉ា​ផ្ទាល់​និង​ថ្នាក់ដឹកនាំ ក្រុមហ៊ុន​គ្រប់ៗ​រូប តែង​ផ្តល់​តំលៃ ការគោរព​ស្រឡាញ់ និង​ឱកាស​ចំពោះ បុគ្គលិក ទាំងអស់​ស្មើៗ​គ្នា ដោយ​មិនមាន​ប្រកាន់​ពី​តួនាទី ឋានៈ ឬ​កម្រិត​ចំណេះដឹង នោះទេ​។​

​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា គ្រុប បាន​គូស បញ្ជាក់​យ៉ាង​ដូច្នេះ នៅពេល​លោក និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា គ្រុប បាន​ចូលរួម​ក្នុង​កម្មវិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​បុគ្គលិក​ក្រុមហ៊ុន អចិន្ត្រៃយ៍ ប្រមាណ​ជាង ១​ពាន់​នាក់ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពីពេល​ថ្មីៗ កន្លងទៅនេះ ។

​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏បាន​បញ្ជាក់ដែរថាៈ កម្មវិធី​ជួបជុំ​អាហារ​សាមគ្គី​ដ៏​ធំ​នេះ មិនមែន​គ្រាន់តែ​ការជួបជុំ កម្សាន្ត​សប្បាយ ពិសា​ភោជនាហារ​ជុំគ្នា​នោះទេ តែ​ជា​ឱកាស សម្រាប់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែលជា​អគ្គនាយក​ក្រុមហ៊ុន និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ធ្វើការ​ថ្លែងអំណរគុណ ចំពោះ​បុគ្គលិក​ទាំងអស់គ្នា ដែល​តែង​បាន​បំពេញភារកិច្ច​ការងារ និង​តួនាទី​របស់ខ្លួន យ៉ាងសកម្ម ដែលជា​កត្តា​រុញច្រាន នាំឱ្យ​ក្រុមហ៊ុន​យក្ស​មួយ​នេះ អាច​រីកចម្រើន​បាន តាំងពី​ចំណុចសូន្យ រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​អ្នកឧកញ៉ា អគ្គនាយក ក៏បាន​ស្នើឱ្យ​បុគ្គលិក​គ្រប់ៗ​រូប បន្ត​ប្ដូរផ្ដាច់​លើ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​ខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព និង​បន្ត​ស្រាក់​ដៃ​គ្នា ជា​ធ្លុង​រួមមួយ ដើម្បី​ជំរុញ​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា គ្រុប ឱ្យ​កាន់តែ​រីកលូតលាស់​បន្ថែមទៀត ទៅ​ពេលអនាគត​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា គ្រុប ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១៧ ហើយ​មាន​ទស្សនៈវិស័យ និង​បេសកកម្ម​ចម្បង ក្នុងការ​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជំរុញ​ការប្រើប្រាស់​ផលិតផល​ជាតិ បង្កើត​ឱកាស​ការងារ​ជាមួយ​ប្រាក់ចំណូល​ខ្ពស់ និង​ជាពិសេស​គឺ ការផ្តល់​ឱកាស​វិនិយោគ ក្នុងតម្លៃ​សមរម្យ ការកម្សាន្ត​ប្រកបដោយ​ភាព​ទាក់ទាញ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ទាំងអស់គ្នា​។ ក្រុមហ៊ុន មាន​ប្រតិបត្តិការ​លើ​វិស័យ​សំខាន់ ដូចជា វិស័យ​អចលនទ្រព្យ វិស័យ​សិល្បៈ​កម្សាន្ត វិស័យ​កសិកម្ម វិស័យ​មីក្រូហិរញ្ញវត្ថុ វិស័យ​អេកូ​ទេសចរណ៍ និង​វិស័យ​បច្ចេកវិទ្យា​ក​សិ​-​ឧស្សាហកម្ម ជាដើម​។​

​ក្នុង​ចក្ខុវិស័យ​ទៅ​ពេលអនាគត ក្រុមហ៊ុន ក៏​នឹង​ពិនិត្យ​ឱកាស​កិច្ចសហប្រតិបត្តិការ​ថ្មីៗ ជាមួយ​វិនិយោគិន​ជាតិ និង​អន្តរជាតិ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស លើ​វិស័យ​ជា សក្តានុពល ដូចជា វិស័យ​អប់រំ វិស័យ​ទេសចរណ៍ អេកូ​-​ទេសចរណ៍ និង​វិស័យ​អចលន ទ្រព្យ អាគារ​ខុន​ដូ សំណង់​ខ្ពស់​ផងដែរ​។​

​កន្លងមក ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា គ្រុប តែងតែ​ប្រកាន់ខ្ជាប់​ការចូលរួម ក្នុង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម ដោយបាន​ចូលរួម​ជា​បន្តបន្ទាប់ ជាមួយ​រាជរដ្ឋាភិបាល កម្ពុជា និង​កាកបាទក្រហមកម្ពុជា ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជំនួយ​មនុស្សធម៌ ការចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​សកម្ម​ភាពជា​ប្រយោជន៍​សង្គម​ដទៃទៀត ជាច្រើន ដែល​សរុប​ជា​ទឹកប្រាក់ ជាង ២៣,៣ លាន​ដុល្លារ​អាម៉េរិក ៕/V​