ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពី​ថ្ងៃទី ២២ ខែ សីហា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក មូ​ហា​មេ​ត អាប​ឌុល ហ៊ី ( Mohammed Abdul Hye ) ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែ​ស​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​បង់​ក្លា​ដែ​ស​។

​លោក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលបំណង​នៃ​កិច្ចប្រជុំ​នា​រសៀល​នោះ ដើម្បី​រួមគ្នា​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​បង់​ក្លា​ដែ​ស​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​បណ្ឌិត អាប​ឌុល មូ​មេន ( A.K Abdul Momen) រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​។

​លោក​បាន​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ វិស័យ​កសិកម្ម​មានកា​រ​រីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​ពី​ប្រទេស​ដែល​អសន្តិសុខ​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​ខ្លួន មកជា​ប្រទេស​ដែល​សល់​អតិរេក​ស្បៀង​ជាង ៦​លាន​តោន និង​កំពុង​ជំរុញ​ការកែច្នៃ វេច​ខ្ចប់​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ដើម្បី​ធ្វើការ​នាំចេញ​។ ដូច្នេះហើយ លោក​ជឿជាក់ថា ភាគី​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញតម្រូវកា​រ​អង្ករ​របស់​ភាគី​បង់​ក្លា​ដែ​ស​។

​លោក​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ពេលវេលា និង​ការទទួល​ស្វាគមន៍​ពី​សំណាក់​លោក​រដ្ឋមន្ត្រី និង​សហការី​។ លោក​បន្ថែមថា បើទោះបី​វិស័យ​កសិកម្ម​បង់​ក្លា​ដែ​ស ជាពិសេស​ផលិតកម្ម​ស្រូវ​មានការ​កើនឡើង​តាមរយៈ​ការបង្កើន​រដូវ​ដាំ​ដុះ​រហូតដល់​ទៅ​៣​ដង គិតពី​ឆ្នាំ​១៩៧១ មកដល់​បច្ចុប្បន្ន​យ៉ាងណាក្តី ក៏​ការផ្គត់ផ្គង់ មិនទាន់​ធានា​ដល់​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​បង់​ក្លា​ដែ​ស ចំនួន​ជាង ១៦០​លាន​នាក់ ដែល​បង់​ក្លា​ដែ​សត្រូវ​ការនាំ​ចូល​អង្ករ​ពី ១​លាន ទៅ ១,៥​លាន​តោន​ជា​រៀងរាល់ឆ្នាំ​។ ហេតុនេះ លោក​សង្ឃឹមថា កិច្ចប្រជុំ​នា​រសៀល​នេះ នឹង​អាច​ផ្តល់ឱកាស​ឱ្យ​ភាគី​បង់​ក្លា​ដែ​ស​យល់ច្បាស់​អំពី​យន្តការ និង​លក្ខខណ្ឌ​តម្រូវ​ដើម្បី​រួមគ្នា​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង ប្រទេស​ទាំងពីរ​លើ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​បង់​ក្លា​ដែ​ស​។

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ដើម្បីឱ្យ​ការងារ​នេះ​ទទួលបាន​ជោគជ័យ គឺមាន​ពីរ​ជម្រើស​សម្រាប់​ភាគី​បង់​ក្លា​ដែ​ស​ពិនិត្យ និង​ពិចារណា​។ ទី​១ ប្រើប្រាស់​យន្តការ​ដែលមាន​រួចជាស្រេច គឺ​សំដៅ​ទៅលើ​ការធ្វើ​កិច្ចសហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែលមាន​សមត្ថភាព និង លទ្ធភាព​អាច​ផ្គត់​ផ្គង​ទីផ្សារ​តាម​តម្រូវ​ចិត្ត និង​តម្រូវការ​នៃ​ភាគី​បង់​ក្លា​ដែ​ស​។ សម្រាប់​ជម្រើស​ទី​២ លោក​រដ្ឋមន្ត្រី​បន្ថែមថា បច្ចុប្បន្ន​កម្ពុជា​មា​នស​ហគ​មន៍​កសិកម្ម​ជាង ១​ពាន់​សហគមន៍​ទូទាំងប្រទេស ហេតុដូច្នេះ​អ្នកវិនិយោគ​បង់​ក្លា​ដែ​ស​អាចមក​វិនិយោគ​នៅ​កម្ពុជា ដូច​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ដោយ​បង្កើត​ជាឃ្លាំង​ស្តុក ម៉ាស៊ីនកិនស្រូវ និង​ទិញស្រូវ​ផ្ទាល់​ពី​សហគមន៍​កសិក​រ​សម្រាប់​ស្តុក​ទុក កិន និង​នាំ​អង្ក​ចេញទៅ​ប្រទេស​បង់​ក្លា​ដែ​ស​ផ្ទាល់​តែម្ដង ឬ​អាច​រៀបចំ​សហការ​ជាមួយ​ប្រជាកសិករ​កម្ពុជា​តាមរ​យៈ​ការធ្វើ​កសិកម្ម​តាមបែប​កិច្ចសន្យា​រវាង​បង់​ក្លា​ដែ​ស​ជាមួយ​កសិករ​កម្ពុជា​ផងដែរ​។​

​ជា​ចុងក្រោយ លោក​រដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត​បា​ន​ឯកភាព ដោយ​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​ជំនាញ​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​បង្កើត​រួចហើយ ចាប់ផ្តើម​កោះប្រជុំ​ពិភាក្សា​លម្អិត​បន្ថែមទៀត ក្នុង​ស្មារតី​រួមគ្នា​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​បង់​ក្លា​ដែ​ស​នាពេលខាងមុខ​៕​