​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​ថា​នៈ​ជា​ប្រទេស​ដែល​បន្ត​រងគ្រោះ​ដោយសារ​គ្រាប់មីន និង គ្រាប់​មិនទាន់​ផ្ទុះ​ដែលជា​កេរ្តិ៍ដំណែល​បន្សល់ទុក​ដោយ​សារ​តែ​សង្គ្រាមស៊ីវិល និង ឥណ្ឌូចិន​កន្លងមក នៅពេលនេះ កម្ពុជា និង ឡាវ កំពុងតែ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដោះមីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​នេះ ។


​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក​បាន​អះអាងថា នៅ​ថ្ងៃទី​២២-២៣ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ លោក​បាន​ស្វាគមន៍​និង​សំណេះសំណាល​ជាមួយ​លោក សោ​មុន្នី សុ​រី​វង្ស នាយក​ស្តីទី​នៃ​អង្គភាព​ដោះ​គ្រាប់​យុទ្ធភណ្ឌ​សំណល់​សង្គ្រាម​នៃ​ប្រទេស​ឡាវ ។

​លោក​បាន​បន្តថា ភាគី​ទាំង​ពីរបាន​អញ្ជើញ​មកជួប​ប្រជុំ​វាយ​តំលៃ​កិច្ចសហការ​រវាង​អង្គភាព​ស៊ីម៉ាក់ និង UXO Loa ដោយមាន​ប្រតិភូ​មកពី JICA នៅ​ឡាវ​និង​កម្ពុជា ក៏​ដូច​មន្ត្រី​ពី​ក្រុង​តូ​ក្យូ​ចូលរួម​ផងដែរ​។ កិច្ចសហការ​ត្បូង​-​ត្បូង​រវាង​អង្គភាព​ស៊ីម៉ាក់ និង UXO Loa បាន​សហប្រតិបត្តិការ​ជាមួយគ្នា​ជាង​៦​ឆ្នាំ​មកហើយ និង​ត្រូវ​ស្នើសុំ​បន្ត​គំរោង​ថ្មី​ទៀត ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​តា​មរយ​: JICA ៕​