ដោយ​:​ភ្នំ​សន្ទុក / កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ នេះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​មន្ត្រី​ក្រុម​កា​ងារ​ចម្រុះ បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ ប្រមាណ ១០៥ ហិកតា នៅ​សង្កាត់​ព្រៃ​អូរ​គន្ធរ ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​។

​ទន្ទឹម​នោះដែរ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៍បាន​ក្រើនរំលឹក​ដល់​មន្ត្រី​មូលដ្ឋាន ត្រូវ​បន្ត​តាមដាន​ពី​ស្ថានភាព​ទឹកជំនន់ ជាពិសេស​ត្រូវធ្វើ​បច្ចុប្បន្នភាព អំពី​ស្ថានភាព​ស្រូវ​លិច​ទឹក​របស់​បងប្អូន​ប្រជាន​ប្រជាពលរដ្ឋ ដើម្បី​ស្នើសុំ​ពូជស្រូវ សម្រាប់​បង្កបង្កើនផល នៅពេល​ទឹក​ស្រក​ទៅវិញ ព្រមទាំង​បន្ត​ផ្សព្វផ្សាយ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងស្ទឹង​សែន ក្នុង​ខេត្តកំពង់ធំ ត្រូវមាន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ហើយក៏​ត្រូវ​ត្រៀមលក្ខណៈ​គ្រប់បែបយ៉ាង ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព គ្រា​ទឹកជំនន់​បន្ត​ហក់​ឡើង ដល់​ចំណុច​ប្រកាសអាសន្ន​នេះ​។

​សូមបញ្ជាក់ថា ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជាច្រើន​មេ បាន​បង្ករ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​ទឹក ស្ទឹងសែន បន្ត​ហក់​ឡើង រហូតដល់​ការប្រកាសអាសន្ន និង​បណ្ដាលឱ្យ​លិចលង់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ទូទាំង​ខេត្តកំពង់ធំ ចំនួន ៣.៣៥០ ហិកតា និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​មួយចំនួន ប៉ុន្តែ​មិនទាន់មាន​ផលប៉ះពាល់​ដល់​ពលរដ្ឋ និង​ផ្ទះសម្បែង​នៅឡើយ​ទេ ៕/V​