ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីអារម្មណ៍ខកចិត្តដែលបានផ្ដល់ថវិកាឱ្យលោក សាន្ត ប៊ុនធឿន យកទៅទិញផ្ទះមួយកន្លែងមានតម្លៃរហូតដល់ ១៨ ម៉ឺនដុល្លារ ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបអារម្មណ៍បែបនេះនៅក្នុង ពិធីប្រគល់សញ្ញា បត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣០៧៥ នាក់នាព្រឹកថ្ងៃទី២៣ សីហា ២០២២ ។

ថ្លែងចំពោះមុខសាស្ត្រាចារ្យនិងបញ្ញវន្តនិងក្រុមនិស្សិតជាង៣ពាន់នាក់ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា៖«សាន្តប៊ុនធឿននៅផ្ទះជួលទេ។សាន្ត ប៊ុន ធឿន បានលុយពីខ្ញុំហ្នឹងទៅទិញផ្ទះ ១៨ម៉ឺនដុល្លារ ។ ក្រោយពីសាន្ត ប៊ុនធឿន បានផ្ទះខ្ញុំខកចិត្តតែម្ដង! តែខ្ញុំនៅតែអនុគ្រោះឱ្យ សាន្ត ប៊ុនធឿន»។

សម្ដេច ហ៊ុន សែន បានបញ្ចាក់ពីការខកចិត្តនឹងសាន្ត ប៊ុនធឿន ថាដោយសារចាងហ្វាងកាសែតមួយនេះបានបង្ហាញភាពក្អេងក្អាងរបស់ខ្លួនដោយ ប្រ កាសថាមិនជំពាក់លុយអ្នកណានិងផ្លាស់ប្ដូរជីវិតថ្មីដោយរស់នៅផ្ទះធំទ្រនំខ្ពស់ លាចាកផ្ទះជួល តាមរយៈតែងជាបទចម្រៀងច្រៀងកម្សាន្ត ក្រោយសម្ដេចផ្ដល់ថវិកាជួយកន្លង មក។ មិនតែប៉ុណ្ណោះលោក សាន្ត ប៊ុនធឿន ក៏បានជេរប្រមាថមេប៉េអឹមខេត្តព្រះសីហនុម្នាក់ដែលសម្ដេចចាត់ទុកជាទង្វើរមិនគួរគប្បី ហើយបានប្រាក់ឲ្យ សាន្ត ប៊ុនធឿន សុំទោសមេប៉េអឹមនោះ ។

សម្តេចតេជោមានប្រសាសន៍ថា៖«មុនដំបូង(សាន្ត ប៊ុនធឿន)តែងចម្រៀងមួយបទ លាហើយផ្ទះជួល ។ តែវាមិនអីទេ ។ ប៉ុន្តែទៅឡាយវីដេអូថាអញអត់ជំពាក់អ្នកណា មួយរៀល តែពីមុនជំពាក់គេ ។ចុះចាំបាច់ទៅនិយាយអ៊ីចឹងធ្វើអី? បន្ទាប់មកទៅជេរមេប៉េអឹមខេត្តព្រះសីហនុ ។ ខ្ញុំក៏ទៅប្រាប់ថា ធឿន អើយធឿន !ធឿនឯងធ្វើអ៊ីចឹង មិនត្រូវទេទៅជេរមេប៉េអឹម ។ ត្រូវសុំទោសគេភ្លាមទៅ។ ក៏(សាន្ត ប៊ុនធឿន) សុំទោសទៅ»។

ក្រៅពីដកតួនាទីលោក សាន្ត ប៊ុនធឿន រួចហើយសម្ដេច ហ៊ុន សែន ក៏បានដកលោក ហ៊ត ប៊ូ ហៅ”អធិរាជមហាសាច់” ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទតាម សំណើរបស់លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការដ្ឋានអង្គរក្សផងដែរ។ បើតាមសម្តេចការដកបុគ្គលទាំងពីរនេះចេញ ពីក្របខណ្ឌដោយសារពួកគេពូកែប្រើពាក្យជេរប្រមាថ ដូច្នេះដើម្បីកុំឱ្យប៉ះពាល់ដល់ស្ថាប័ន ។ ជាពិសេសកុំឱ្យមានពាក្យរិះ គន់ថាពួកគេអះអាងនៅក្បែរសម្ដេចហើយ ក្អេងក្អាងហ៊ានជេរប្រមាថអ្នកដទៃ ។

គួររំលឹកថាសម្តេចបង្ហោះសារលើទំព័រហ្វេសប៊ុករបស់សម្តេចនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២២នេះ ដោយចេញបញ្ជាទៅលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋាន កងអង្គរក្ស របស់សម្តេចឲ្យបណ្តេញលោក សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ពដើម្បីជៀសវាងការយល់ច្រឡំណាមួយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់វិធានការលើលោកសាន្ត ប៊ុនធឿន ក្រោយពីសម្តេចបានឃើញឃ្លីបវីដេអូផ្សាយផ្ទាល់មួយរបស់លោក សាន្ត ប៊ុនធឿន នាពេល ថ្មីៗនេះដោយក្នុងការផ្សាយផ្ទាល់លើបណ្តាញសង្គមនោះលោក សាន្ត ប៊ុនធឿន កំពុងអង្គុយផឹកស្រាហើយក៏បោកចានកម្ទេចចោល រួមទាំងប្រើពាក្យជេរផងដែរ ។ ក្នុង វីដេអូឃ្លីបដែលសម្តេចយកមកបង្ហោះលើទំព័រហ្វេសប៊ុកដែរនោះ លោក សាន្ត ប៊ុនធឿន បោកចានកម្ទេចចោល ស្រែកថា លោក មិនចេះខ្លាចអ្នកណាឡើយហើយសួររក មុខអ្នកណាដែលចង់ខ្លាំងជាមួយលោក ។ ពេលបោកចាននោះក៏លោកបង្ហាញអារម្មណ៍ខឹងរឿងរកទិញក្តាម-ខ្យង យកទៅក្លែមមិនបាន។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរលើទំព័រហ្វេសប៊ុកថា៖«ចរិតរបស់លោក សាន្ត ប៊ុនធឿន មិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់ សាន្ត ប៊ុន ធឿន និងប្រពន្ធ កូន ខ្ញុំនិងភរិយាបានជួយលុយដើម្បី សាន្ត ប៊ុនធឿន ទិញផ្ទះនៅថែមទាំងផ្តល់លុយជូន សាន្ត ប៊ុនធឿន ៥០០ដុល្លារក្នុង១ខែតាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំ សាន្ត ប៊ុនធឿន កុំឲ្យស៊ីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ»

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាក៏បានណែនាំទៅកាន់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានឲ្យបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលប្រើប្រាស់នូវពាក្យជេរប្រមាណអ្នកដទៃ។

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រសួងព័ត៌មានបានបិទចោលនូវអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២២ម្សិលមិញបន្ទាប់ពីលោក សាន្ដ ប៊ុនធឿន បានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួនប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរ ប្រមាថអ្នកដទៃ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា«ថ្ងៃក្រោយត្រូវពិនិត្យរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក្រុមណាដែលចេញមកជេរបិទវាចោលទៅ។ឲ្យសិទ្ធិអ្នកឯងក្នុង ការនិយាយ បញ្ចេញមតិ ប៉ុន្ដែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងសារព័ត៌មានឡើយ ហើយបើឡាយក្នុងហ្វេសបុកជេរនោះជារឿងផ្សេង»។

ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវរឿងរ៉ាវមួយកាលពីឆ្នាំ ២០២០ ដែលរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ស្នើទៅសម្ដេចដោយសុំឲ្យមេធាវីស្ម័គ្រចិត្តរបស់ សម្ដេចតេជោជួយការពារអ្នកសារព័ត៌មាន ប៉ុន្ដែត្រូវបានសម្ដេចសម្រេចថាយកត្រឹមពាក់កណ្ដាលដោយជួយការពារអ្នកសារព័ត៌មានដោយអង្គហេតុនិងអង្គច្បាប់សម ស្រប បើអ្នកសារព័ត៌មាននោះជេរគេមេធាវីសម្ដេចមិនជួយការពារនោះទេ ៕