​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ អាជ្ញាធរ ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​សង្កាត់​ផ្សារឆ្នាំង បាន​ចុះ​វាយតម្លៃ​គម្រោង​សាងសង់ ផ្លូវ​បេតុង ៥០% នៅក្នុង​ភូមិ​៣ នៃ​សង្កាត់​ផ្សារឆ្នាំង ។​

​លោក បេ សា​រុំ អភិបាលរងក្រុង​កំពង់ឆ្នាំង បាន​ប្រាប់ឱ្យដឹង តាមរយៈ​ទូរស័ព្ទ​ថាៈ ផ្លូវ​ដែល​ពីមុន ជា​ផ្លូវ​ដីក្រហម បំបែក​ចេញពី​ផ្លូវ​កៅស៊ូ​ក្នុង​ខេត្ត បំបែកចេញ​ទៅតាម​ភូមិ​៣ ហើយ​ពេលនេះ ត្រូវបាន​សាងសង់​ជា​ផ្លូវ​ប្រភេទ​បេតុង​អា​មេ ដែលជា​គម្រោង​អភិវឌ្ឍន៍​ឃុំ សង្កាត់ ៥០% ក្នុង​ឆ្នាំ​២០២២ មាន​ប្រវែង ៩៩៣ ម៉ែត្រ មាន​ទទឹង ៥ ម៉ែត្រ កម្ពស់ ១​តឹក​៥០ ត្រូវបាន​សាងសង់​នៅក្នុង ៣ ភូមិ មាន​ភូមិ​កោះក្របី ភូមិ​ត្រពាំង​បី ភូមិ​ផ្សារលើ នៃ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​លោក បេ សា​រុំ បានឱ្យដឹង​ទៀតថាៈ ការសាងសង់​ផ្លូវ​នេះ ស​ម្រ​ច​បាន ៥០% ហើយ គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ២០២២ ខាងមុខនេះ ដោយ​ចំណាយ​ថវិកា​អស់ ៤៤៦.៨៥០.០០០ រៀល ។​

​អភិបាលរងក្រុង​កំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៣ ភូមិ ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ផ្លូវ​ទាំង ៣ ខ្សែ ដែល​កំពុង​សាងសង់ នៅពេលនេះ សម្រាប់​ជា​ប្រយោជន៍ ប្រើប្រាស់​បានយូ​អង្វែង ៕/V