ដោយៈ ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់ បែកពពុះមាត់ ស្លាប់​នៅលើ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក របស់ខ្លួន ដោយសារ​រង់ចាំ​រថយន្ត​សង្គ្រោះបន្ទាន់ រយៈពេល​ជិត ៣ ម៉ោង ក៏​មិនទាន់​មកដល់ ក្រោយពេល​ប្រជាពលរដ្ឋ នៅ​ម្ដុំ​នោះ បាន​ជួយ​លើក​បុរស​នោះ ឡើងលើ​រ៉ឺម៉ក និង​ជួយ​ទូរស័ព្ទ​ហៅ​ឡានពេទ្យ​មក​នោះ ។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២ និង ២៣ នាទី ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​បុរសរងគ្រោះ មានឈ្មោះ នឿន ផល្លី អាយុ ៣០ ឆ្នាំ ស្នាក់នៅ​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​បង្កង់ ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​តែម្នាក់ឯង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី ខាងលិច​ទៅខាង​កើត ខណៈ​មកដល់​ត្រង់ចំណុច​កើតហេតុ បាន​ឈប់​រ៉ឺម៉ក រួច​ចុះ​អង្គុយ លើ​ចិញ្ចើមផ្លូវ ពលរដ្ឋ ក៏បាន​ជួយ​លើកដាក់​លើ​រ៉ឺម៉ក​វិញ និង​បានឃើញ​បែកពពុះមាត់ មិន​ស្រួល ក៏បាន​ទូរស័ព្ទ ហៅ​រថយន្ត​ពេទ្យ ដោយ​ចាំ​រថយន្ត​ពេទ្យ ជួយសង្គ្រោះ​យូ​ពេក ជិត ៣ ម៉ោង ទើប​មកដល់ ជា​អកុសល ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់ លើ​រ៉ឺម៉ក​របស់ខ្លួន​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ចុះមក​ធ្វើ​កោសល​វិច័យ​សព​រួច ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជូន ក្រុមគ្រួសារ សាច់ញាតិ ដឹកយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​៕/V​