ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ប្រភព​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា សហគ្រិន​ខ្មែរ (Khmer Enterprise) ដែលជា​អង្គភាព​ក្រោម​ចំណុះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ វគ្គ​ទី​២ នៃ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ទីផ្សារ​នាំចេញ (EMDG) នៅថ្ងៃនេះ​។វគ្គ​ទី​១ នៃ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ទីផ្សារ​នាំចេញ បាន​ដំណើរការ​ចាប់ពី​ខែមីនា ដល់​រហូតដល់​ខែកក្កដា ឆ្នាំ​២០២២​។ ក្នុងអំឡុងពេល​នៃ​វគ្គ​ទី​១ កម្មវិធី​នេះ​បានទទួល​បាន​ជិត ៩០ ពាក្យ​ពី​ក្រុមហ៊ុន​ដែល​មកពី វិស័យ​ផ្សេងៗ​គ្នា ដែល​ក្នុងនោះ​ពាក្យ​ចំនួន ៥០ ទទួល​បានមកពី​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម ២៦ ទទួល​បានមកពី​ក្រុមហ៊ុន​ក្នុង​វិស័យ​ផលិតកម្ម និង ៨ ទទួល​បានមកពី​ក្រុមហ៊ុន​ក្នុង​វិស័យ​សេវាកម្ម​។​

​កម្មវិធី​នេះ​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ សហគ្រិន​ខ្មែរ (Khmer Enterprise) និង​សហការ​រៀបចំ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អ៊ី​មើ​ជី​ង​ម៉ា​ឃី​ត​ខន​សាល់​ធី​ង (EMC)​។

​ឯកឧត្ដម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិសហគ្រិន​ខ្មែរ បាន​មានប្រសាសន៍ថា​“​ប្រទេស​កម្ពុជា​បាន​បន្ថយ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ រួម​ជាមួយនឹង​ប្រទេស​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក ។ កម្មវិធី​នេះ​គឺ​បង្កើតឡើង​យ៉ាង​ពិសេស​សម្រាប់ សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​នាំចេញ​ថ្មី​។ ការពង្រីក​លទ្ធភាព​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងស្រុក គឺជា​គំនិត​ផ្តួចផ្តើម​មួយ​របស់ សហគ្រិន​ខ្មែរ ដើម្បី​ស្របតាម​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​សម័យកាល​កូ​វីដ​-១៩ របស់ រាជរដ្ឋាភិបាល​កម្ពុជា​”​។​

​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​វគ្គ​ទី ១​បាន​លើកឡើង​ថា​ “​កម្មវិធី EMDG គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់ សហគ្រាស​ធុន​តូច និង​មធ្យម ទាំងអស់​ក្នុង​ការបង្កើន​សក្តានុពល​នាំចេញ ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​អនុញ្ញាតឱ្យ សហគ្រាស​ធុន​តូច និង​មធ្យម អាចធ្វើ​ការវិនិយោគ​ក្នុង​សកម្មភាព​លើកកម្ពស់​ការនាំចេញ​កាន់តែច្រើន​ថែមទៀត​”​។ ជាមួយនឹង​មតិ​កែលម្អ​ពី សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​វគ្គ​ទី​១ កម្មវិធី EMDG វគ្គ​ទី​២ នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ទៀត​ដល់ សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងការ​អភិវឌ្ឍ ទីផ្សារ​នាំចេញ​របស់​ពួកគេ​ជាមួយនឹង​ដំណើរការ​នៃ​កម្មវិធី និង ការដាក់​ពាក្យ​ដែល​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​។​
​កម្មវិធី EMDG វគ្គ​ទី​២ នឹង​ផ្តល់​ជាការ​ទូ​ទាត់​ឱ្យ​វិញ​រហូតដល់ ៥០ភាគរយនៃ​ការចំណាយ​សរុប​ទាក់ទង​នឹង​ផែនការអភិវឌ្ឍន៍​ទីផ្សា​រ​នាំចេញ​។ ជាមួយនឹង​វិធីសាស្ត្រ​ទូរទាត់​ការចំណាយ សហគ្រាស​ធុន​តូច និង​មធ្យម អាច​រៀបចំ​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​នាពេល​អនាគត និង​កសាង​ទីផ្សារ​នាំចេញ​ប្រកបដោយ​ទំនុកចិត្ត និង​ភាពច្បាស់លាស់​។​

​ការអភិវឌ្ឍ​ទីផ្សារ​អន្តរជាតិ និង​សកម្មភាព​លើកកម្ពស់​ការនាំចេញ​មាន​សារៈសំខាន់​ណាស់​សម្រាប់ សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើន​ការនាំចេញ ប៉ុន្តែ​សកម្មភាព​ទាំងនេះ​ត្រូវបាន​រំខាន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ កូ​វីដ​-១៩​។ កម្មវិធី EMDG ត្រូវបាន​បង្កើត​ឡើងជា​ពិសេស​ដើម្បី​គាំទ្រ សហគ្រាស​នាំចេញ និង សហគ្រាស ដែលមាន​បំណង​ចង់​នាំចេញ​ឱ្យ​បោះជំហាន​ទៅមុខ អភិវឌ្ឍ និង​ពង្រីក​ទីផ្សារ​នាំចេញ​ជាស​កល​។​
​កម្មវិធី​នេះ​បើកទទួល​ពាក្យ​ពី​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ប្រទេស​កម្ពុជា​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី EMDG និង​លក្ខន្តិកៈ ផ្សេងៗ​អាច​ស្វែង​រកបាន​នៅក្នុង​គេហទំព័រ https://emc-consulting.asia/2022/08/02/launch-of-kes-export-market-development-grant-emdg-cohort-2/
​ដាក់ពាក្យ​មកកាន់​កម្មវិធី EMDG តាមរយៈ​៖ https://bit.ly/3AQquwS
​ថ្ងៃ​ផុតកំណត់​៖ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ ២០២២
​សម្រាប់​ចម្ងល់​បន្ថែម សូម​ចុះឈ្មោះ​ចូល​វគ្គ​ព័ត៌មាន​របស់​យើង​តាមរយៈ​៖ https://bit.ly/3Pygsoi​៕សរន