​ប្រែ​សម្រួលៈ​បំណង​((BLOOMBERG,ST)៖ ចិន ម្ចាស់បំណុល​រដ្ឋ​ធំ​បំផុត​សំរាប់​បណ្តា​សេដ្ឋកិច្ច​កំពុង​លូតលាស់ បាន​និយាយថា​ខ្លួន​នឹង​លុបចោល​ឥណទាន​ឥត​កា​ប្រាក់​សំរាប់​ប្រទេស​នៅ​អាហ្វ្រិក​ចំនួន​១៧​និង​បង្វែរ​ទុនបំរុង​១០​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​ក្នុង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​ទៅកាន់​បណ្តា​ប្រទេស​នៅក្នុង​ទ្វីប​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បានប្រកាស​ការលុបចោល​បំណុល​នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​សប្តាហ៍​មុន​នៃ​វេទិកា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​។​

​ការប្រកាស​ក្នុង​គេហទំព័រ​របស់​ក្រសួងការបរទេស​ចិន​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​បំណុល​ត្រូវលុបចោលមាន​ចំនួន​ប៉ុន្មាន និង​ថា​ប្រទេស​ណាខ្លះ​ជំពាក់​លុយ​ទាំង​នេះ​។​

​ចាប់តាំងពី​ឆ្នាំ​២០០០ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បានប្រកាស​ការលុបចោល​បំណុល​ឥត​កា​ប្រាក់​ជា​បន្តបន្ទាប់​សំរាប់​បណ្តា​ប្រទេស​អាហ្វ្រិក ដោយ​លុបចោល​បំណុល​យ៉ាងតិច​៣,៤​ពាន់​លាន​ពេញ​មួយ​ឆ្នាំ​២០១៩ នេះ​បើ​តាម​ការសិក្សា​មួយ​របស់​សាលា​ស្តីពីការសិក្សា​អន្តរជាតិ​នៅ​សកល​វិទ្យាល័យ ច​ន ហប់​គីន​។​

​របាយការណ៍​បាន​និយាយថា បំណុល​ដែល​លុប​ចោល​នេះ​ត្រូវ​កំហិត​ត្រឹម​ឥណទាន​បរទេស​ឥត​កា​ប្រាក់​ដែល​ហួស​កាលកំណត់​សង ដោយ​ប្រទេ​សហ្សំ​ប៊ី ទទួលបាន​ការលុបចោល​ច្រើនជាងគេ​។​តែ​ភាគច្រើន​​នៃ​កំចី​កាលពី​ពេល​ថ្មីៗ​របស់​ចិន​នៅ​អាហ្វ្រិក ដូចជា​ឥណទាន​សម្បទាន​និង​ឥណទាន​ពាណិជ្ជកម្ម​មិនដែល​ត្រូវបាន​​គិត​ថា​នឹង​លុបចោល​ទេ តែ​មួយ​ចំនួន​បាន​រៀបចំ​កាលវិភាគ​ស​ង​ឡើងវិញ​។​

​កំណើន​អតិផរណា​បង្កអោយមាន​ការបង្កើន​អត្រា​កា​ប្រាក់​ពី​សំណាក់​ធនាគារកណ្តាល​នៅ​ទូទាំង​ពិភពលោក រួម​មាន​ធនាគារកណ្តាល​អាម៉េរិក ដែល​នាំ​អោយ​ថ្លៃ​សងបំណុល​ជាតិ​កើនឡើង​។​ក្នុងពេល​ជា​​មួយ​គ្នា បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​ចំណែក​មួយ​ភាគ​បួន​ទ្រី​លាន​ដុល្លារ​នៃ​បំណុល​ស្អុយ​(​សង​អស់​ទាន់ពេល​)​ដែល​គំរាម​បង្កើត​ភាព​មិន​អាច​សងបំណុល​ជា​ប្រវត្តិសាស្ត្រ​មួយ​ពី​ប្រទេស​ជាច្រើន​ដែល​​ជួប​ការលំបាក​តាំងពី​មុន​ផ្ទុះ​កូវី​ដ​១៩​។​

សូមបញ្ជាក់ថា ​ចិន​ប៉េកាំង មាន​ចំណែក​ជិត​៤០​ភាគរយ​នៃ​បំណុល​ទ្វេភាគី​រវាង​រដ្ឋ​និង​ឯកជន​-​ម្ចាស់បំណុល ដែល​ប្រទេស​ក្រីក្រ​បំផុត​ត្រូវការ​វា​នៅ​ឆ្នាំ​នេះ នេះ​បើ​តាម​ធនាគារពិភពលោក​។​

​ការប្រកាស​លុបចោល​បំណុល​នេះ​រំលេច​អោយឃើញ​កិច្ចខិតខំ​របស់​ចិន​ដើម្បី​ស្ថាបនា​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ជា​ពិសេស​តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​។

​លោក​វ៉ាង យី បាន​និយាយថា ចិន​មាន​បំណង​បញ្ជូន​លុយ​១០​ពាន់​លាន​ដុល្លារ​តាមរយៈ​មូលនិធិ​ពីរ ដែល​បង្កើន​ឡើង​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​និង​មាន​ចំណូល​មធ្យម ហើយ​ចាប់តាំងពី​វេទិកា​ស្តីពី​កិច្ច​សហ​ប្រតិ​​បត្តិ​ការចិន​-​អាហ្វ្រិក កើត​ឡើង​នៅ​សេ​ណេហ្កា​ល់​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន ចិន​បាន​បញ្ជូន​ប្រាក់​៣​ពាន់​លាន​ដុល្លារ​ទៅ​កាន់​បណ្តា​ស្ថាប័ន​ហិរញ្ញវត្ថុ​អាហ្វ្រិក​។​បន្ថែម​លើ​នេះ​ចិន​បានអនុញ្ញាត​អោយ​ប្រទេស​ចំនួន​១២​នៅ​អាហ្វ្រិក​នាំចូល​ទំនិញ​៩៨​ភាគរយ​ដោយ​ឥត​គិត​ពន្ធ ព្រមទាំង​ផ្តល់​ជំនួយ​ស្បៀង​ទៅកាន់ប្រទេស ជី​បូ​ទី អេត្យូ​ពី សូ​ម៉ាលី និង​អេ​រីទ្រី​៕