ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជំនាញ ដើម្បី​ត្រៀម​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ចាប់ពី​ថ្ងៃទី​១ ដល់ទី​៥ ខែតុលា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ក្រោម​ការអនុញ្ញាត​ជា គោលការណ៍ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ CAMSOC គូសបញ្ជាក់ ក្រោយ​កិច្ចប្រជុំ​ថាៈ នេះ​ជា​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ក្នុង​ការទទួល​បដិសណ្ឋារកិច្ច ប្រ​ភិ​ភូ​កីឡា​អន្តរជាតិ មកពី​ពិភពលោក ប្រមាណ ៤០០ នាក់ ។​

​មហាសន្និបាត​នេះ នឹងមាន​ប្រតិភូ ជាពិសេស​គឺ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមប្រឹក្សា អូឡាំពិក​អាស៊ី ព្រមទាំង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ៤៥ ប្រទេស ក្នុង​ទ្វីបអាស៊ី ។ ជាមួយគ្នានេះ បណ្តា​ប្រទេស ដែល​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​បន្តវេន ទាំង​កីឡា​អូឡាំពិក និង​កីឡា​អាស៊ី ក៏​នឹងចូលរួម​ធ្វើ​បទ​បង្ហាញ ក្នុង​មហាសន្និបាត​នេះ​ទៀតផង​។​

​លោក​អគ្គលេខាធិការ បាន​បន្ថែមទៀតថាៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC បានផ្តល់​អនុសាសន៍ ឲ្យ​អ្នកជំនាញ​កម្ពុជា ខិតខំ​ស្វែងរក​ការគាំទ្រ​ពី អន្តរជាតិ ឲ្យ​បាន​ពេញទំហឹង សម្រាប់​គោលដៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម និង អាស៊ាន​ប៉ា​រ៉ា ហ្គេម ឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ នៅ​កម្ពុជា បន្ទាប់ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី បានផ្តល់​សិទ្ធិ​ជូន​កម្ពុជា កាលពី​កន្លងទៅ ។​

​កន្លងមក មានមតិ​ខ្លះ បាន​លើ​ឡើង​ថា បណ្តា​ប្រទេស ជា​ម្ចាស់ផ្ទះ​ខ្លះ​ថា ទទួល​រៀបចំ​ធ្វើ​​ម្ចាស់ផ្ទះ គឺ​មិនមាន​លក្ខណៈ​ពេញលេញ ដោយ​មិន​ទទួលបាន​ការគាំទ្រ ពីលើ​ឆាក អន្តរជាតិ​ជាដើម​។ ដូច្នេះ នៅក្នុង​ឱកាស​ដ៏​កម្រ​និង​ល្អ ក្នុងនាម​ជា​ម្ចាស់ផ្ទមហាសន្និបាត ក្រុមប្រឹក្សា​អូឡាំពិក​កម្ពុជា នា​ដើម​ក្រោយនេះ កម្ពុជា​នឹង​ស្វះ​ស្វែងរក​ការគាំទ្រ ឲ្យ​បាន​ពេញលេញ ពី​អន្តរជាតិ ទៅលើ​នយោបាយ​កីឡា​របស់​កម្ពុជា​យើង នៃ​គោលដៅ កំពុង​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្កេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩​។​

​លោក វ៉ា​ត់ ចំរើន ក៏បាន​បង្ហាញ​ពី​គោលបំណង​ចម្បង នៃ​ការធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត ដោយ​កម្ពុជា នឹង​ទទួលបាន​ផលប្រយោជន៍ ជាច្រើន ពី​សហគមន៍​អន្តរជាតិ ការជួយ​ផ្សព្វផ្សាយ ពី​បណ្តាញសារព័ត៌មាន​អន្តរជាតិ ដែល​នឹង​មក​ប្រមូល​ផ្តុំគ្នា នៅ​ទី កន្លែង​តែមួយ នៃ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ពង្រីក​ការផ្សព្វផ្សាយ ទៅកាន់​ពិភពលោក​។​

​ម្យ៉ាងទៀត វា​នឹង​ផ្តល់​ភាពងាយស្រួល ក្នុងការ​ទំនាក់ទំនង​គ្នា រវាង​សហព័ន្ធ​កីឡា​ជាតិ កម្ពុជា នានា ជាមួយ​សហព័ន្ធ​កីឡា​អន្តរជាតិ ចលនា​អូឡាំពិក​អន្តរជាតិ​ទាំងអស់ ក្នុង​គោលបំណង​ជួយ​ពង្រឹង​ដល់ ការអភិវឌ្ឍ​វិស័យ​កីឡា​ជាតិ នៅ​កម្ពុជា​បាន​។​
​ចំណុច​១​ទៀត គឺ​នយោបាយ​ការទូត​កីឡា​កម្ពុជា កាន់​តែមាន​ភាពរឹងមាំ ជាពិសេស​នឹង​​ជំរុញ​បន្ថែម​ដល់​ចលនា​កីឡា​ពិភពលោក មើលឃើញ​ពី​សក្តានុពល​របស់​កម្ពុ​ជា​ផងដែរ​។ ដូច្នេះ​នេះ​ជា​ឱកាស​ដ៏​កម្រ ដោយ​មិន​ងាយ​នឹង​ទទួលបាន​ឱកាស​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី បែបនេះ​ឡើយ​។​

​នេះ​ជា​ពេលវេលា​ដ៏​ល្អ​មួ ដែល​សហគមន៍​អន្តរជាតិ និង​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី បាន​មើលឃើញ​ពី​សក្តានុពល​កម្ពុជា នូវ​វិស័យ​កីឡា​សេដ្ឋកិច្ច ជាពិសេស​គឺ កត្តា​ចម្បង នៃ​ម្លប់​សន្តិ ភាព​របស់​កម្ពុជា ដែល​កំពុង​បោះជំហាន នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ពីមួយ​ដំណាក់កាល ទៅមួយ​ដំណាក់កាល ខណៈ​គោលដៅ​នៃ​សុខ​សុវត្ថិភាព ពី​ជំងឺ​កូ​វីដ ១៩ ក៏​ត្រូវបាន​អន្តរជាតិ បានលើកឡើង​ផងដែរ​។​

​តាមពិត មហាសន្និបាត ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ត្រូវធ្វើ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯណោះ​ទេ ប៉ុន្តែ​ដោយសារ​ការពន្យារពេល នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឆ្នាំ​២០២២ នៅ​ចិន ត្រូវបាន​លើក​ពេល​ទៅ​ឆ្នាំ​២០២៣ ទើប​អន្តរជាតិ ផ្តល់​សិទ្ធិ​ជូន​កម្ពុជា រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ នា​ដើមខែ​ក្រោយនេះ​។​

​តាមរយៈ​កិច្ចប្រជុំ នៅថ្ងៃនេះ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​ជំរុញ​ឲ្យ​គ្រប់​គណៈកម្មការ​ជំនាញ ក្រោម​ឱវាទ ទាំងអស់​ត្រៀម​រៀបចំ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក្នុង​ការទទួល​បដិសណ្ឋារកិច្ច ការដឹកជញ្ជូន ហូបចុក​ស្នាក់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យ​ទទួលជោគជ័យ ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​ជាតិ ជាធំ​ផងដែរ​៕/V​