​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖​ នៅ​ព្រឹក​ទី​២៣ ខែសីហា ឆ្នាំ​២០២២ ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បានរៀបចំ​ពិធី​ចែក​វិ​ញ្ញាប​ន ប​ត្រ​សម្គាល់​អចលវត្ថុ​(​ប្លង់រឹង​) ជូន​ប្រជាពលរដ្ឋ ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន ១.៤៨៤ ប័ណ្ណ ក្រោម​អធិបតីភាព​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក ប៊ិន សូ​ឈី អនុប្រធាន​មន្ទីរ ទទួលបន្ទុក​ការងារ ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ លោក យស់ វណ្ណា អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ការងារ សុរិយោដី ស្ថិតនៅក្នុង​បរិវេណ​វត្ត​អនុ​ណ​វ​ត្តី​។​

​លោក ប៊ិន សូ​ឈី បានឱ្យដឹងថាៈ ចាប់តាំងពី​ឆ្នាំ​២០១៨ មក ក្រុមការងារ​កម្មវិធី​អនុវិស័យ រដ្ឋបាល​ដីធ្លី រាជធានី​ភ្នំពេញ បាន​ដំណើរការ ចុះបញ្ជី​ដីធ្លី (​ជា​លក្ខណៈ​ប្រព័ន្ធ​) បាន​ចំនួន ៣៥៤.៣២៥ ក្បាលដី , បិទ​ផ្សាយ​ជា​សាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ៣១៤.៨៣១ ក្បាលដី និង​ចែក​ប័ណ្ណកម្មសិទ្ធិ សម្គាល់​ម្ចាស់​អចលនវត្ថុ បាន​ចំនួន ២០.១៤៦ ប័ណ្ណ លើ ៨៥ សង្កាត់ ក្នុងចំណោម ១០៥ សង្កាត់ ទូទាំង​រាជធានី​ភ្នំពេញ​។ ដោយឡែក សំរាប់​ថ្ងៃនេះ ក្រុមការងារ បាន​ចែក​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ត្រពាំង​អណ្តូង មាន​ចំនួន ១.៤៨៤ ក្បាលដី បន្ទាប់ពី​យើង​បាន ធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ នាពេល​កន្លងមក ។​

​ក្នុងឱកាស​នោះដែរ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ថ្លែងថាៈ នេះ​ជាការ​យកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការបែងចែក និង​ទទួលស្គាល់​សិទ្ធិ​ស្របច្បាប់ ចំពោះ​ការគ្រប់គ្រង ប្រើប្រាស់​ដីធ្លី ផ្ទះសម្បែង ជា​កម្មសិទ្ធិ​នៃ​បុគ្គល​និ​មួយៗ គឺ​គ្មាន​នរណា អាចមក​រំលោភបំពាន​បានឡើយ ។ ជាមួយនេះ រាជរដ្ឋាភិបាល ក៍​ទទួលបាន​ភាព​ងាយ ស្រួល ក្នុងការ​គ្រប់គ្រង និង​ការប្រមូល​ពន្ធ​លើ ដី​ភោគៈ ដោយ​ស្របច្បាប់ ដែលជា​ចំណែក​មួយ នៃ​ការបង្កើន​ចំណូល​ថវិការ​ជាតិ កាន់តែ​កើនឡើង មួយកំរិត​ថែមទៀត ។​

​លោក​បាន​បន្តថាៈ ការផ្តល់​ប័ណ្ណ​សម្គាល់ ម្ចាស់​អចលនវត្ថុ ចុងក្រោយ​នេះ ក៍​បានផ្តល់​ភាពងាយស្រួល តាម​តម្រូវការ​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ ក្នុងការ​លក់ដូរ ដាក់បញ្ចាំ ផ្ទេរសិទ្ធិ​ទៅ​អ្នកដទៃ ឬ ធ្វើជា​អំណោយ​ដល់ កូន ចៅ ស្របតាម​ផ្លូវច្បាប់ ។ តែ​ត្រង់ចំណុច​នេះ លោក អភិបាលខណ្ឌ មិន​លើកទឹកចិត្ត​ឱ្យ​បងប្អូន យក​ប័ណ្ណ​នេះ ទៅ​ដាក់បញ្ចាំ​នោះឡើយ ។ ជាមួយនេះ សូម​រក្សា​ទុកដាក់ ឱ្យ​ផុតពី​ដៃ​ក្មេង កុំ​ទុក​ក្នុង​ទីកន្លែង​សើម នាំឱ្យមាន​ការខូចខាត ព្រោះ​ប័ណ្ណ​មួយ​សន្លឹក​នេះ គឺជា​ទ្រព្យសម្បត្តិ ប្រចាំ​គ្រួសារ មានតម្លៃ​ស្មើនឹង​អាយុជីវិត​របស់ខ្លួន​៕/V​