​ដោយៈ​សុផល​/ភ្នំពេញ​៖​ចុង​សប្ត​ហា​ទី​៣ ថ្ងៃទី​២០-២១ ខែសីហា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​២២២.៨៥៣​នាក់ ។ក្នុងនោះ​ភ្ញៀវ​ជាតិ​២០០.៦៤៥​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២២.២០៨​នាក់​។​នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ចេញផ្សាយនៅ​ថ្ងៃទី​២៣​ខែសីហា​។​

​របាយការណ៍​នេះបានឱ្យដឹងថា​​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដែល​ទទួលបាន​ទេសច​រ​ច្រើនជាងគេ រួមមាន​៖​ខេត្តសៀមរាបចំនួន ​៣៣.៩៦៨​នាក់​, ខេត្ត​ព្រះសីហនុចំនួន ៣១.៨១៥​នាក់​,​កំពត ចំនួន ២៨.០៤០​នាក់​,​បាត់ដំបងចំនួន ២០.៧៩០​នាក់​,​រាជធានី​ភ្នំពេញចំនួន ១៩.៧៩៩​នាក់​,​កណ្តាលចំនួន ១៣.៩៧៥​នាក់​,​​ ​កែបចំនួន ១១.៥៥៩​នាក់​ និង ខេត្តពោធិ៍សាត់ចំនួន ១០.៣៦៤​នាក់​។​

​តួលេខ​នេះ មានការ​ថមថយ​៤,៧៣ភាគរយ បើធៀប​នឹង​សប្តាហ៍​កន្លងមក​។ មិន​ខុសពី​សប្តាហ៍​កន្លងទៅបញ្ហា​អាកាសធាតុ​និង​លទ្ធភាព​នៃ​ការកើតមាន ជំនន់​ទឹកភ្លៀង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​តាម​ការណែនាំ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ធ្វើ​ឲ្យ​ចរន្ត​ភ្ញៀវ​មានការ​ប្រែប្រួល​ឡើង​ចុះ​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​។​

​បច្ចុប្បន្ន ក្រសួងទេសចរណ៍​ក្នុងនាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​និង​អេកូ​ទេសចរណ៍​បាននិងកំពុង​សហការ ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជំរុញ​ការដំឡើង​អង់​តែ​ន​ទូរស័ព្ទ និង​សេវា​អ៉ី​ន​ធើ​ណែ​ត​១០០​បង្គោល នៅតាម​គោលដៅ​ទេសចរណ៍​អាទិភាព ពិសេស​តំបន់​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​ដែល​នៅ​ដាច់ស្រយាល​៕​សរន