​ដោយៈ សុផល / ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូលបាន​ជាង ១៩ លាន​ដុល្លារ​។

​របាយការណ៍​ដដែល​នេះ បានឱ្យដឹងថាៈ កាលពី​ត្រីមាស​ទី​១ ឆ្នាំ​២០២២ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូលបាន​ចំនួន ៩.៤៩៨.១៤៦ ដុល្លារ មានការ​កើនឡើង ១៧ ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ មាន​ចំនួន ៨.១១៨.០៤២ ដុល្លារ ។ ដោយឡែក ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ កំពង់ផែ​នេះ ចំណូល​បាន ៩.៦៨៦.២៩៤ ដុល្លារ​អាមេរិក កើនឡើង ៤៥,៧៤%​។ ចំណែក​ប្រាក់ចំណេញ​សុទ្ធ ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ មាន​សរុប​ចំនួន ៣.៧២៨.៥៩២ ដុល្លារ​អាមេរិក​។​

​លោក ហ៊ី បា​វី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​គូសបញ្ជាក់ ក្នុង​របាយការណ៍​ថាៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​ខិតខំ​បន្ត​ផ្តោត ការយកចិត្តទុកដាក់ លើ​ការធ្វើ​ទំនើបកម្ម​ប្រតិបត្តិការ ឲ្យ​ស្របតាម​ស្តង់ដារ និង​ប្រព័ន្ធ​បច្ចេកវិទ្យា បង្កើន​ឧត្តមភាព​ប្រកួតប្រជែង ដោយស្មោះ​ត្រង់ ជាមួយ​កំពង់ផែ​ក្នុង និង​ក្រៅប្រទេស និង​បង្ខិត​សេវាកម្ម​កំពង់ផែ ឲ្យ​កាន់តែ​ខិតជិត​អ្នកប្រើប្រាស់ ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​សហគមន៍​មូលដ្ឋាន​៕/V​