​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រេង​បាន​ឡើងថ្លៃ​នៅ​ថ្ងៃ​អង្គារ​ទី​២៣​សីហា​នេះ ខណៈ​ការព្រួយបារម្ភ​ជា​ថ្មី​អំពី​ការផ្គត់ផ្គង់​ដ៏​តឹងតែង​បាន​គ្របដណ្តប់​លើ​អារម្មណ៍​ទីផ្សារ​បន្ទាប់​ពី​អា​រ៉ាប៊ីសាអូឌីត​​បាន​ព្រមាន​ថា ក្រុមហ៊ុន​ផលិត​ប្រេង​សំខាន់ៗ​អាច​កាត់បន្ថយ​ទិន្នផល​ដើម្បី​កែតម្រូវ​ការធ្លាក់ចុះ​តម្លៃ​ប្រេង​នា​ពេល​ថ្មីៗ​នេះ​។​

​ប្រេង​ឆៅ​ទីផ្សារ Brent​បាន​កើនឡើង ៤២ សេន ឬ ០,៤ ភាគរយ ស្មើនឹង ៩៦,៩០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​គិត​ត្រឹម​ម៉ោង ០៦៖៣០ ម៉ោង​សកល បន្ទាប់​ពី​ម៉ោង​ជួញដូរ​ដ៏​ច្របូកច្របល់​កាលពី​ថ្ងៃ​ចន្ទ​នៅ​​ពេល​តម្លៃ​បាន​ធ្លាក់ចុះ​ជា​ង ៤ ដុល្លារ​។ តម្លៃ​កើនឡើង ១ ដុល្លារ​ក្នុង​មួយ​បារ៉ែល​វិញ​ក្នុង​ម៉ោង​ជួញដូរ​ពី​ព្រលឹម​នៅ​អាស៊ី​។​

​តម្លៃ​ប្រេង​ឆៅ​ប្រគល់​នាពេល​អនាគត​របស់​ទីផ្សារ West Texas Intermediate របស់​អាម៉េរិក​បាន​កើនឡើង ៤០ សេន ឬ ០,៤ ភាគរយ ស្មើនឹង ៩០,៧៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​សូចនាករ​គោល​បាន​ធ្លាក់ចុះ​ប្រហែល ១២ ភាគរយ​និង ៨ ភាគរយ​ក្នុង​ខែ​នេះ​រៀងៗ​ខ្លួន ចំ​ពេល​មាន​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល​និង​តម្រូវការ​ប្រេងឥន្ធនៈ​។​

​អា​រ៉ាប៊ីសាអូឌីតជា​មេដឹក​នាំ​អង្គការ OPEC បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​នេះ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការកាត់បន្ថយ​ផលិតកម្ម​ដើម្បី​កែតម្រូវ​តម្លៃ​ប្រេង​នាពេល​​ថ្មីៗ​នេះ ។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​អា​រ៉ាប៊ីសាអូឌីត SPA បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ថាមពល​អា​រ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ អាប់ឌូ​ឡា​ហ្ស៊ីស ប៊ីន សាល់​ម៉ាន់ (Abdulaziz bin Salman)​ដោយ​ប្រាប់​គេ​ហ​​ទំព័រ Bloomberg​ថា អង្គការ OPEC+ មាន​មធ្យោបាយ​និង​ភាពបត់បែន​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​។​

​អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន Haitong Futures បាន​និយាយថា ជាមួយ​អា​រ៉ាប៊ីសាអូឌីត​ចេញមុខ​ការពារតម្លៃ ទីផ្សារ​ទំនងជា​ឆ្លៀតឱកាស​ក្នុង​ការកសាង​ជំហរ​យូរអង្វែង ដោយ​បន្ថែម​ថា​លទ្ធផល​នៃ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅតែ​ជា​ភាពមិនប្រាកដប្រជា​ដ៏​ធំ​មួយ​៕