ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃ​អង្គារ ទី ២៣ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ចាត់​ឱ្យ​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា​ចុះសួរសុខទុក្ខ​និង​ផ្តល់​អំណោយ​មនុស្សធម៌​ជា​លើក​ទី​៩ ជូន​ដល់​កុមារ​ខ្សោយ​សតិបញ្ញា កុមារ​ពិការ កុមារកំព្រា និង​គ្រូ​-​បុគ្គលិក ព្រមទាំង​អ្នកស្ម័គ្រចិត្ត​បរទេស​សរុប​ចំនួន ២៤៥​នាក់ នៃ​បុរី​ទារក និង​កុមារ​ជាតិ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ដំណាក់​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ លោកស្រី​អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​ការសួរសុខទុក្ខ ប្រកបដោយ​មនោសញ្ចេតនា​អាណិត ស្រឡាញ់​ចំពោះ​កុមារ​និង​បុគ្គលិក​ទាំងអស់ ជាពិសេស​ការកោតសរសើ​រ ស្ញប់ស្ញែង​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​គ្រូ​-​បុគ្គលិក ក៏ដូចជា​អ្នកស្ម័គ្រចិត្ត​បរទេស ដែល​បាន​យក​អស់​កម្លាំងកាយ​-​ចិត្ត មើលថែទាំ ចិញ្ចឹម​បីបាច់ ផ្តល់​ភាពកក់ក្តៅ និង​ផ្តល់​ការអប់រំ ដល់​កុមារ​ទាំងអស់​ប្រកបដោយ​បេះដូង​មនុស្សធម៌ និង​ក្តី​អាណិត​ស្រឡាញ់​។

​ប្រភព​កាកបាទក្រហមកម្ពុជា​បាន​គូសបញ្ជាក់ថា​បន្ទាប់ពី​ទទួលបាន​ថវិកា​ពី​សប្បុរសជន​ក្នុងឱកាស​នៃ​ទិវា ៨ ឧសភា ជា​រៀងរាល់ឆ្នាំ​, កាកបាទក្រហមកម្ពុជា បានផ្តល់​ថវិកា ១​លាន​ដុល្លារ ជូន​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ដែល​មកដល់​ឆ្នាំ​២០២២​នេះ បាន​ចំនួន ១១​លើក​រួចមកហើយ គិត​ចាប់តាំងពី​ឆ្នាំ​២០១២​រៀងមក និង​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ចាប់តាំងពី​ឆ្នាំ​២០១៩​រៀងមក ដើម្បី​រួមចំណែក​ក្នុងការ​ព្យាបាល និង​ថែទាំ​សុខភាព​កុមារ​-​ទារក រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​។ បន្ថែម​ពីនេះ ក្នុងពេល​ថ្មីៗ​នេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់​ថវិកា ២​លាន​ដុល្លារ ជូន​ដល់​អាជ្ញាធរ​មីន ដើម្បី​ចូលរួម​ជា​ចលនា​ជាតិ​ឆ្ពោះទៅរក​សូន្យ​គ្រាប់មីន​នៅ​ឆ្នាំ​២០២៥ ផងដែរ​។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក៏បាន​ត្រៀមលក្ខណៈ ក្នុងការ​ចូលរួម​ត្រៀម​បង្ការ និង​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយធម្មជាតិ​នានា ដូចជា​ទឹកជំនន់ ខ្យល់​កន្ត្រាក់ ភ្លើង​ឆេះ​ផ្ទះ ជាដើម​។​ល​។​»៕​សរន​