ដោយៈ ឈុំ រ៉ា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​/ភ្នំពេញ៖​ចាប់ពី​ថ្ងៃទី​១៤ ដល់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ក្រុមការងារ​ម​ជ្ឈ​ម​ណ្ឌ​ឯកសារ​កោះ​ថ្ម​បាន​ចុះ​សម្ភាសន៍​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចំនួន​១២​គ្រួសារ នៅក្នុង​ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ឃុំ​គគីរ​មាន​ចម្ងាយ​ប្រមាណ​៥០ គីឡូម៉ែត្រពី​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម និង​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ ពី​ទីរួមស្រុក​មេមត់ ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ បត់​ស្តាំ​ចូល​តាមផ្លូវ​ក្រាល​កៅស៊ូ​នៃ​ភូមិ​ផ្លាក​សំរោង ឃុំ​ដារ ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ និង​បត់​ស្តាំ​តាម​ផ្លូវលំ​ក្នុង​ចម្ការកៅស៊ូ​ប្រមាណ​៥​គីឡូម៉ែត្រ​ទើប​ដល់​ឃុំ​គគីរ​។ បច្ចុប្បន្ន ឃុំ​គគីរ​មាន​ភូមិ​ចំណុះ​ចំនួន​៨​ភូមិ គឺ​ភូមិ​គគីរ​ជើង​, ភូមិ​គគីរ​ត្បូង​, ភូមិ​ក្ងោក​, ភូមិ​ចំការ​ថ្មី​, ភូមិ​ទូល​ថ្ម​, ភូមិ​ព្រែក​ពួយ​, ភូមិ​សា​ឡង់​៣ និង​ភូមិ​ស្រែ​ពោល​។ ឃុំ​គគីរ​មាន​ព្រំ​​ប្រទល់​ខាងត្បូង​ជាប់ឃុំ​មេមត់ ខាងជើង​ជាប់ឃុំ​កំពាន់ ខាងលិច​ជាប់ឃុំ​ដារ និង​ខាងកើត​ឃុំ​មេ​មង​។

ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​កំពុង​សម្ភាសន៍​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

កាលពី​ជំនាន់​បារាំង​ឃុំ​គគីរ​មាន​ប្រជាជន​រស់នៅ​តិចតួច និង​ប្រក​បរប​ធ្វើស្រែ​ចម្ការ​។ នៅក្នុង​ភូមិ​មាន​ដើម​គគីរ​ដុះ​ច្រើន​មាន​ទាំង​ដើម​តូច​និង​ធំ​។ កាលនោះ​ប្រជាជន​នាំគ្នា​ទៅធ្វើ​ស្រែ​នៅ​ត្រើយម្ខាង​ព្រែក​។ ដោយសារ​គ្មាន​ស្ពាន​ឆ្លងកាត់​ព្រែក​អ្នកភូមិ​បាន​យក​ដើម​គគីរ​ធ្វើ​ស្ពាន​សម្រាប់​ដើរ​ឆ្លង​ព្រែក​ទៅធ្វើ​ស្រែចម្ការ​។ ក្រោយមក អ្នកស្រុក​បាននាំគ្នា​ហៅ​ភូមិ​នេះ​ថា ភូមិ​គគីរ​។ បារាំង​បានមក​ធ្វើ​ចម្ការកៅស៊ូ​នៅ​ឃុំ​គគីរ ស្រុក​មេមត់ ដោយ​ជួល​កម្មករ​ជនជាតិខ្មែរ​-​ចាម និង​វៀតណាម​ធ្វើការ​។ នៅក្នុង​ឃុំ​គគីរ​មាន​ជនជាតិ​បារាំង​ម្នាក់​នៅ​មើល​ការខុសត្រូវ និង​ធ្វើ​របាយការណ៍​ផ្ញើ​ទៅ​ថ្នាក់លើ​។ នៅក្នុង​របប​សង្គមរាស្ត្រនិយម​អាជ្ញាធរ​បាន​បង្កើតជា​ឃុំ​គគីរ ដោយមាន​ភូមិ​គគីរ និង​ភូមិ​ផ្សេងៗ​ទៀត​ជា​ចំណុះ​រហូតមកដល់​សព្វ​ថ្ងៃ​។

ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​កំពុងធ្វើដំណើរ​ទៅ​សម្ភាសន៍​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅតាម​ភូមិ​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​បន្ទាប់ពី មាន​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ ប្រជាជន​ស្រុក​មេមត់​បានធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​សម្តេចព្រះ នរោត្តម សីហនុ ចូលមក​គ្រប់គ្រង​ប្រទេស​ឡើងវិញ​។ អំឡុងពេល​ធ្វើបាតុកម្ម​មានការ​ប៉ះទង្គិច​គ្នា​រវាង​ទាហាន លន់ នល់ និង​ប្រជាជន​ដែល​គាំទ្រ​សម្តេចព្រះ នរោត្តម សីហនុ​។ ខណៈពេល​នោះ មាន​ទាំង​ប្រជាជន​ដែល​គាំទ្រ​សម្តេច​សីហនុ និង​ទាហាន លន់ នល់ រងរបួស​។ ទាហាន​លន់ នល់ មាន​កាំភ្លើង​គ្រប់គ្នា​។ ចំណែក​ប្រជាជន​មានតែ កាំបិត ពូថៅ និង​ដំបង​។ ប្រជាជន​ធ្វើបាតុកម្ម​នៅ​ខ្នង​ក្រពើ ស្រុក​មេមត់​អស់​រយៈពេល​៣​ថ្ងៃ​ទើប​ឈប់​។ នៅតាម​ដងផ្លូវ​ប្រជាជ​ន​នាំគ្នា​ស្រែកថា “​ជ័យ​យោ​សម្តេចឪ​អ្នកណា​មិន​ទៅ​កាប់​ចោល​” ។ ពេល​បាតុកម្ម​ចប់​ប្រជាជន​នាំគ្នា​ត្រឡប់មកផ្ទះ​ធ្វើស្រែ​ចម្ការ​រៀងៗ​ខ្លួន​វិញ​។ នៅក្នុង​ឆ្នាំ​១៩៧០ ដដែល ទាហាន​អាមេរិក​កបាន​ទម្លាក់​គ្រាប់បែក​លើ​ឃុំ​គគីរ ពីព្រោះ​មាន​វត្តមាន​កងទ័ព​វៀត​កុង​លាក់ខ្លួន​នៅក្នុង​ឃុំ​នេះ​។ ការទម្លាក់​គ្រាប់បែក​នេះ បណ្តាល​ឲ្យ​ប្រជាជន​ស្លាប់ និង​របួស​ចំនួន​៤០​នាក់​។ នៅ​ឆ្នាំ​១៩៧៣ ទើប​កងទ័ព​វៀត​កុង​ដកចេញ​អស់ពី​ឃុំ​គគីរ និង​លែងមាន​ការទម្លាក់​គ្រាប់បែក​ទៀត​។

ទេសភាព​តាមផ្លូវ​លំនៅ​ក្នុង​ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅពេល​ខ្មែរក្រហម​ឡើងកាន់​អំណាចនៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​១៧ មេសា មក​ដាក់​នៅក្នុង​ឃុំ​គគីរ​រយៈពេល​២​ខែ រួច​ហើយក៏​ជម្លៀស​បន្ត​ឲ្យ​ទៅ​នៅ​ភូមិ​កំ​ពៃ ភូមិ​ខ្ពប ឃុំ​រំចេក​ទាំងអស់​។ នៅ​ឆ្នាំ​១៩៧៦ ខ្មែរក្រហម​បាន​បង្កើតជា​សក​រណ៍ ហើយ​ខ្មែរក្រហម​បាន​បែងចែក​ប្រជាជន​ជា​ក្រុមៗ​។ ប្រធាន​ក្រុម​នីមួយៗ​បាន​ឲ្យ​សមាជិក​ក្នុង​ក្រុម​ប្រមូល​របស់របរ​នៅតាម​ផ្ទះ​ដូចជា​ក្របី គោ មាន់ ទា និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​មក​ដាក់​រួម​ទាំងអស់ ទុក​តែ​ស្លាបព្រា​មួយ​និង​ចាន​មួយ​សម្រាប់​ហូប​បបរ ឬ​បាយ​។
​នៅ​ចុងឆ្នាំ​១៩៧៦​និង​ដើមឆ្នាំ​១៩៧៧ ខ្មែរក្រហម​បានជ្រើសរើស​ប្រជាជន​នៅក្នុង​ឃុំ​គគីរ​ឲ្យ​ចូល​ធ្វើជា​កងចល័ត ធ្វើ​ទាហាន និង​ធ្វើជា​គ្រូពេទ្យ​ជាដើម​។ ក្មេងៗ​ប្រុស​ស្រី​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ​ត្រូវ​ចាត់តាំង​ឲ្យ​ធ្វើជា​កងចល័ត​លើក​ទំនប់​ជីក​ប្រឡាយ ច្រូតកាត់ ដក​ស្ទូង ដែល​ស្ថិតនៅ​ឆ្ងាយៗ​ពី​ភូមិ​។

​នៅ​ឆ្នាំ​១៩៧៨ កងទ័ព​មកពី​ភូមិភាគ​និរតី​បាន​ចូលមក​ចាប់​កម្មាភិបាល​ដែលជា​ប្រធាន​កង​តូច ប្រធាន​កង​ធំ គ្រូពេទ្យ គ្រូបង្រៀន​នៅ​ខាង​ភូមិភាគ​បូព៌ា​យកទៅ​សម្លាប់​នៅ​ព្រែក​ឆ្លូង​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ​។ ចំណែក​ប្រជាជន​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភូមិ​ទាំងអស់ ប្រជាជន​ខ្លះ​ជម្លៀស​ទៅដល់​ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​មាន​ប្រជាជន​ខ្លះ​បានរ​ត់ទៅ​ប្រទេស​វៀតណាម​រហូត​ដល់ក​ង​ទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចូលមក​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម និង​ទទួលបាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ទើប​ប្រជាជន​ដែល​រត់​ភៀសខ្លួន​ទាំងនោះ​វិលត្រឡប់​មក​ស្រុកភូមិ​វិញ​៕​សរន​

ទេសភាព​នៅតាម​វាលស្រែ​ក្នុង​រដូវភ្លៀង​ធ្លា​ក់នៅ​ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ខ្លោងទ្វារវត្ត​នៅ​ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

 វត្ត​នៅ​ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)