ដោយ​: ជា សីហៈ / ភ្នំពេញ​: នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២​នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល អមដោយ​វត្តមាន​ថ្នាក់ដឹកនាំ​ក្រសួង បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី ជេ​យូ​ត​សា​ណា វ៉ា​ម៉ា (Jyotsana Varma) ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​។

​ថ្លែង​ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នេះ លោកស្រី ជេ​យូ​ត​សា​ណា វ៉ា​ម៉ា បាន​ស្វែងយល់​អំពី​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ថាមពល​នៅ​កម្ពុជា និង​បាន​ផ្លាស់ប្ដូរ​យោបល់​ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល​។

​លោកស្រី ក៏បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា លើ​ការអភិវឌ្ឍ​ថាមពលបៃតង និង​ថាមពល​កកើត​ឡើងវិញ ដែលមាន​ប្រភពពី​វា​រី​អគ្គិសនី និង​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ក្នុង​គោលបំណង​ឈានទៅ​កាត់បន្ថយ​ការបញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ជាមួយគ្នានេះ ក្រសួង​ក៏​បាននិងកំពុង​សហកា​រ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ធុងអាគុយ​ស្តុក​ទុក​ថាមពល​ទ្រង់ទ្រាយ​ធំ ដើម្បី​ផ្តល់​កាលានុវត្តភាព​ដល់​ការអភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ​ផ្សេងៗ ក៏ដូចជា​ការយកចិត្ត​ទុកដាក់​លើ​បរិស្ថាន ការបង្កើត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី និង​គោលនយោបាយ​ជាតិ​ស្ដីពី​ប្រសិទ្ធភាព​ថាមពល​៕​