ដោយ:ដេប៉ូ/ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសាសនិកអ៊ីស្លាម និងសិស្ស-និស្សិតនៃសាលាអាន់នៀកម៉ះ ចំនួន២៧នាក់ ចូលជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ដើម្បីជាដើមទុន សម្រាប់សិស្ស-និស្សិត ដែលទទួលបានឱកាសទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអេហ្ស៊ីប រយៈពេល៤ឆ្នាំ នៅទីស្តីការក្រសួងបរិស្ថាន ។

ក្នុងពិធីកាលពីព្រឹកថ្ងៃទី ២៣ខែសីហាលោករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះនិស្សិតនៃសាលាអាន់នៀកម៉ះ ។លោកថ្លែងថានេះជាមោទនភាពថ្មីមួយទៀតរបស់សង្គមជាតិ ដែលមាននិស្សិត ប្រកបដោយសក្កានុពល ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង និងចំណេះធ្វើ សម្រាប់ជាប្រយោជន៍ដល់ការ អភិវឌ្ឍ សមត្ថភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ ជាពិសេស ត្រូវរៀនសូត្រពីគេ ដើម្បី យកចំណេះជំនាញមកអភិវឌ្ឍន៍អាជីព មុខរបរ និងការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត៕សរន