ប្រែ​សម្រួលៈ​បំណង​(ST)៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សាក់​(Najib Razak)​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​សីហា​បាន​ចាញ់​បណ្តឹងឧទ្ធរណ៍​ចុង​ក្រោយ​ប្រឆាំងនឹង​ការដាក់ទោស​អោយ​លោក​​ជាប់គុក​១២​ឆ្នាំ​ចំពោះ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​សែន​ធំ​កាលពី​អំឡុង​ពេល​លោក​នៅ​កាន់តំណែង​នាយករដ្ឋមន្ត្រី និង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ពន្ធ​នាគារ​ភ្លាម​ដើម្បី​បំពេញ​ទោស​។​

​តុលាការ​ជាន់​ខ្ពស់​បំផុត​របស់​ម៉ាឡេស៊ី ឬ​តុលាការ​សហព័ន្ធ បានសំរេច​រក្សាទុក​ការដាក់ទោស​ប្រាំ​ចំណុច​ចំពោះ​ការរំលោភ​អំណាច ការលាង​លុយ​និង​ការរំលោភ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ហិរញ្ញវត្ថុ SRC International​ដែលជា​សាខា​របស់​មូលនិធិ​រដ្ឋ 1Malaysia Development Berhad (1MDB)​។​

​លោក​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ពន្ធ​នាគារ​កា​ចាង ព្រី​សិន​(Kajang Prison)​នៅខាងត្បូង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ តាម​រថយន្ត​ប៉ូលិស ក្រោម​ការ​អម​ការពារ​ពី​ប៉ូលិស​ជាច្រើន​រថយន្ត​

​ការសំរេច​របស់​តុលាការ​សហព័ន្ធ​កើត​ឡើង​ក្រោយ​ការសំរេច​ដូចគ្នា​ដោយ​តុលាការ​ជាន់ខ្ពស់​កាលពី​ខែកក្កដា ឆ្នាំ​២០២០ ដែល​បាន​រកឃើញថា​លោក​ណា​ជីប​បាន​ទទួល​លុយ​៤២​លាន​រីង​ហ្គី​ត​(៩,៣២​លាន​​ដុល្លារ​)​ពី​ក្រុមហ៊ុន​SRC Internationalចូល​នៅក្នុង​គណនី​​ធនាគារ​ផ្ទាល់​របស់​លោក​។​

​សាលក្រម​របស់​តុលាការ​ជាន់ខ្ពស់​នេះ​ត្រូវ​រក្សា​ទុកជា​បានការ​ដោយ​តុលាការ​ឧទ្ធរណ៍​កាលពី​ខែតុលា​ឆ្នាំ​មុន តែ​លោក​ណា​ជីប វ័យ​៦៩​ឆ្នាំ ត្រូវបាន​អនុញ្ញាត​អោយ​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​និង​រស់នៅ​​ដោយ​សេរី ក្នុងពេល​រង់ចាំ​បណ្តឹងឧទ្ធរណ៍ ដែល​ទុក​ពេល​អោយ​លោក​វិល​មក​កាន់​ឆាក​នយោបាយ​ក្នុងស្រុក​និង​មាន​តួនាទី​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​គណបក្ស​Umno​ដែល​កំពុងកាន់​អំណាច​។​

​ទោះជា​យ៉ាងណា តុលាការ​សហព័ន្ធ​ដែល​មាន​សមាជិក​ប្រាំ​រូប កាលពី​ថ្ងៃ​អង្គារ​បានសំរេច​ប្រឆាំង​លោក​ណា​ជីប​ដោយ​ច្រាន​ចោល​បណ្តឹងឧទ្ធរណ៍រ​បស់​លោក​ជា​ឯកច្ឆន្ទ​និង​រក្សា​ទោស​ជាប់គុក​១២​ឆ្នាំ​ដដែល​។​

​ភរិយា​របស់​លោក​លោក​ស្រី រ៉ូ​សម៉ា ម៉ាន់​ស័រ​-Rosmah Mansor(អាវក្រហម) ដែល​ក៏​ប្រឈម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុងករណី​មួយ​ផ្សេង និង​កូន​បី​នាក់​របស់​លោកស្រី​បាន​មាន​វត្តមាន​ក្នុង​ស​វនា​​ការកាលពីថ្ងៃអង្គារ​នេះ​ដែរ​។​

​តាមពិត​វា​ជា​សវនាការ​មួយ​ក្នុងចំណោម​សវនាការ​ប្រាំ​ដំបូង​របស់​លោក​ណា​ជីប​។​លោក​ប្រឈម​ការចោទប្រកាន់​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​មូលនិធិ​1MDB​ព្រមទាំង​ការចោទប្រកាន់​ពីបទ​រារាំង​អធិការកិច្ច​តែ​​លោក​មិន​បាន​ឆ្លើយ​ទទួលកំហុស​ចំពោះ​ការចោទប្រកាន់​ណាមួយ​ទេ​។​

​ទោស​ជាប់គុក​របស់​ណា​ជីប​នាំអោយ​លោក​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​សំរាប់​ការបោះឆ្នោត​សកល​នា​ពេលខាងមុខ​។​លោក​ជា​សមាជិក​សភា​របស់​គ​ណ​បក្ស​Umno​អស់​ពេល​បួន​ទសវត្សរ៍​ចាប់តាំងពី​ឆ្នាំ​១៩៧៦៕

អ្នកគាំទ្រ ប្រតិកម្មក្រោយណាជីបចាញ់បណ្តឹងតវ៉ាចុងក្រោយ