ដោយៈ​ចាន់តូ / ភ្នំពេញៈ ម្ដាយ​ស្រែកយំ​ស្ទើរ​គាំងបេះដូង​ទៅហើយ បន្ទាប់ពី​មាន​មិត្ត​ភ័ក្ដ្រ​ដែល​រៀន​ជាមួយគ្នា បានមក​ប្រាប់ថា កូនស្រី​របស់គាត់ បាន​លង់ទឹក​រណ្ដៅ​មួយកន្លែង ស្លាប់ កាលពី​វេលា​ម៉ោងជាង ៦ ល្ងាច ថ្ងៃ​ចន្ទ ទី​២៣ ខែសីហា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​អង្គការ​ភាព​ញញឹម សង្កាត់​ព្រៃវែង ខណ្ឌ​ដ​ង្កា ។

​ក្មេងស្រី​រងគ្រោះ មានឈ្មោះ ស៊ុ សេងហួ លី ភេទ​ស្រី អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​៥ សាលា​ត្រពាំង​សិលា សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពពី​ម្ដាយ​ក្មេងរងគ្រោះ បាន​ឲ្យ​អ្នក​សារ​ព័​តិ៍​មាន​ដឹងថា កូនស្រី​របស់គាត់ បាន​ចេញពីផ្ទះ ទៅ​សាលារៀន ដូច​សព្វមួយដង​ហើយ​តែងតែ​ត្រឡប់មកផ្ទះ​វិញ ជា​រៀងរាល់ថ្ងៃ​ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ មាន​ក្មេង​ដែល​រៀន​ជាមួយគ្នា បាន​ប្រាប់ថា កូនស្រី​របស់គាត់ បាន​លង់ទឹក​លិច​បាត់​ខ្លួន​ទៅហើយ ។

​ប្រភពពី​មិត្ត​ភ័ក្ដ្រ​ដែល​ទៅលេង​ទឹក​ជាមួយគ្នា​បាន​ឲ្យ​ដឹងថា ពួកគាត់​មាន​គ្នា​ស្រី​ប្រុស​ជាង ១០ នាក់ ក្រោយ​ចេញពី​សាលារៀន បាននាំគ្នា​ទៅលេង​ទឹកស្រះ​រណ្ដៅ​ដី​មួយកន្លែង ស្រាប់តែ​បាន​លង់ បី នាក់ ត្រូវបាន​មិត្ត​ភ័ក្ដ្រ ជួយ​ស្រង់​បាន ពីរ​នាក់ តែ​ម្នាក់ទៀត បាន​លិចទៅ​ក្នុង​ទឹក​បាត់ ដោយ​មិន​អាចជួយ​បាន ទើប​នាំគ្នា​រត់​មក​ប្រាប់​ម្ដាយ​។ ពេល​ទទួលបាន​ដំណឹង​នេះ​ភ្លាមៗ​គាត់​និង​បងប្អូន រស់នៅ​ជិតខាង បាននាំគ្នា​ចុះទៅ​រាវ​ក្នុង​ទឹក​រណ្ដៅ​ដី ក៍​ប្រទះឃើញ​សព​ក្មេងស្រី​រងគ្រោះ​ខាងលើ ហើយ​បាន​ស្រង់​មកលើ​គោក រួច​ក៍​យក​សព​ជនរងគ្រោះ មក​តម្កល់ទុក​ក្នុងផ្ទះ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ ចុះមក​ធ្វើ​កោសល្យវិច័យ មុនពេល​រៀបចំ​ពិធីបុណ្យ​៕/V​