ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​បាន​បន្ត​សំណើ​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​សីហា​ដើម្បី​ចុះ​ទៅ​វាយ​តម្លៃ​សុវត្ថិភាព​និង​សន្តិសុខ​នៅ​រោងចក្រ​​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​នៅ​ភាគ​អាគ្នេយ៍​អ៊ុ​យក្រែន ដែល​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ចោទប្រកាន់គ្នា​ទៅវិញទៅមក​ចំពោះ​ការបាញ់​ផ្លោង ដែល​បង្ក​ឱ្យ​មាន​ការព្រមាន​អំពី​លទ្ធភាព​មហន្តរាយ​នុយក្លេអ៊ែ​រ​។​

​ប្រមុខ​ផ្នែក​នយោបាយ​របស់​អ​.​ស​.​ប លោកស្រី រ៉ូ​ស​ម៉ារី ឌី​កា​ឡូ (Rosemary DiCarlo)​បាន​ប្រកាស​នៅ​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ស្តីពី​ស្ថានភាព​នៅ​រោងចក្រ​នុយ​​ក្លេ​អ៊ែ​រហ្សា​ប៉ូ​រី​ហ្ស​ហ្សា (Zaporizhzhia)​ថា លោក រ៉ា​ហ្វា​អែល ហ្គ្រោ​សស៊ី (Rafael Grossi) អគ្គនាយក​នៃ​ទីភ្នាក់ងារ​ថាមពល​អា​តូ​ម៉ិក​អន្តរជាតិ (IAEA) បាន​ស្នើសុំ​បញ្ជូន​បេសកកម្ម​របស់ IAEA ដើម្បី​អនុវត្ត​សុវត្ថិភាព សន្តិសុខ និង​សកម្មភាព​ការពារ​ដ៏​សំខាន់​នៅ​ទីតាំង​រោងចក្រ​”​។​

​លោកស្រី​ឌី​កា​ឡូ​បាន​និយាយថា “​ការត្រៀម​រៀបចំ​សម្រាប់​បេសកកម្ម​នេះ​កំពុងដំណើរការ ហើយ IAEA​កំពុង​ធ្វើ​ការពិគ្រោះ​យោបល់​យ៉ាង​សកម្ម​ជាមួយ​គ្រប់ភាគី​ទាំងអស់​ទាក់ទង​នឹង​កិច្ច​ខិតខំ​ប្រឹង​​ប្រែង​របស់ខ្លួន​ក្នុង​ការបញ្ជូន​បេសកកម្ម​បែប​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។​យើង​ស្វាគមន៍​ចំពោះ​សេចក្តី​ថ្លែងការណ៍​ថ្មីៗ​របស់​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ដែល​បង្ហាញ​ពី​ការគាំទ្រ​ចំពោះ​គោល​​បំណង​របស់ IAEA ក្នុង​ការបញ្ជូន​បេសកកម្ម​ទៅកាន់​រោងចក្រ​នេះ ដែល​នឹង​ក្លាយ​ការចុះ​ជា​លើកដំបូង​របស់ IAEA ទៅកាន់​ទីតាំង​នោះ ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​សង្គ្រាម​”​។​

​លោក​ហ្គ្រោ​សស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បេសកកម្ម​នេះ​ត្រូវ​គេ​រំពឹងថា​នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ប្រសិនបើ​ការចរចា​ជា​បន្ត​នេះ​ទទួលបាន​ជោគជ័យ​”​។​

​លោកស្រី​ឌី​កា​ឡូ​បាន​និយាយថា អ​.​ស​.​ប​មាន​សមត្ថភាព​ភស្តុភារ​និង​សន្តិសុខ​ក្នុង​ប្រទេស​អ៊ុ​យក្រែន “​ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​របស់ IAEA ទៅកាន់​រោងចក្រ​នេះ​ពី​ទីក្រុង​គៀវ​ប្រសិនបើ​អ៊ុ​យក្រែន​​និង​រុស្ស៊ី​យល់ព្រម​”​។​

​រោងចក្រ​ហ្សា​ប៉ូរី​ហ្ស​ហ្សា​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កងកម្លាំង​រុស្ស៊ី​តាំងពី​ដើម​ខែ​មីនា ភ្លាមៗ​បន្ទាប់​ពី​ការ​លុកលុយ​របស់​ពួកគេ​លើ​អ៊ុ​យក្រែន​។​អ្នកជំនាញ​បច្ចេកទេស​មក​ពី​អ៊ុយ​ក្រែន​បាន​​បន្ត​ធ្វើ​ប្រតិបត្តិការ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ​នេះ​រហូត​មក​៕

ទីភ្នាក់ងារ​នុយក្លេអ៊ែ​បាន​បន្ត​សំណើ​របស់​ខ្លួន​ដើម្បី​វាយតម្លៃ​សុវត្ថិភាព និង​សន្តិសុខ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​នៅ​ភាគ​អាគ្នេយ៍​អ៊ុ​យក្រែន​