​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​សីហា​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​ភ្លាមៗ​នៅក្នុង​ប្រទេស​ស៊ូដង់​ចាប់តាំងពី​ការចាប់ផ្តើម​រដូវវស្សា​​របស់​ប្រទេស​ក្នុង​ខែឧសភា បាន​កើនឡើង​ដល់​យ៉ាងតិច ៨៩ នាក់ ខណៈ​ភ្លៀង​នៅតែ​បន្ត​ជន់​លិច​ភូមិ​នានា​ទូទាំង​ប្រទេស​អាហ្វ្រិក​ខាងកើត​មួយ​នេះ​។​

​ឧត្តមសេនីយ៍ទោ អាប់​ឌុល ចា​លី​ល អាប់​ឌុល រ៉ា​ហ៊ីម (Abdul-Jalil Abdul-Rahim) អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​ការពារ​ជន​ស៊ីវិល​របស់​ស៊ូដង់ បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស ៣៦ នាក់​បាន​រងរបួស​ចាប់តាំងពី​ខែ​ឧសភា​មក​។ ផ្ទះ​ប្រហែល ២០.០០០ ខ្នង​ត្រូវបាន “​បំផ្លាញ​ទាំងស្រុង​” នៅ​ទូទាំង​ប្រទេស និង​ជាង ៣០.០០០ ខ្នង​ខូចខាត​ផ្នែក​ខ្លះ​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា មនុស្ស​ជាង ១៤៦.២០០ នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​។ ​វីដេអូ​ដែល​ចាក់​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​បង្ហាញ​ទឹកជំនន់​កំពុង​ពន្លិច​ភូមិ​ជា​ច្រើន​។ អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ​ក្នុងចំណោម​ខេត្ត​ទាំង​១៨​របស់​ប្រទេស​។​

​តំបន់​ដា​ហ្វួ (Darfur)​ភាគ​ខាងលិច និង​ខេត្ត​នី​ល​រី​វើ (Nile River) ខេត្ត​វ៉ា​យ​នី​ល (White Nile) ខេត្ត​វេសកូ​ដូ​ហ្វាន (West Kordofan) និង​ខេត្ត​សៅកូ​ដូ​ហ្វាន (South Kordofan) គឺជា​តំបន់​រងគ្រោះ​ខ្លាំងជាងគេ នេះ​បើ​យោង​តាម​ការិយាល័យ​អ​.​ស​.​ប​សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ ឬ OCHA ។​

​ទីភ្នាក់ងារ​នានា​របស់​អ​.​ស​.​ប​បាន​ទទួលរង​ការខ្វះខាត​ថវិកា​យ៉ាងខ្លាំង​។ OCHA​បាន​និយាយថា ម្ចាស់​ជំនួយ​បាន​ផ្តល់ប្រាក់​ប្រហែល ៦០៨​លាន​ដុល្លារ​សម្រាប់​ការឆ្លើយតប​ផ្នែក​មនុស្សធម៌​នៅ​ស៊ូដង់​​រហូតមកទល់​ពេលនេះ​ក្នុង​ឆ្នាំនេះ ដែល​តិចជាង​មួយ​ភាគ​បី​នៃ​អ្វីដែល​ត្រូវការ​សម្រាប់​ឆ្នាំ​នេះ​។​

​ស៊ូដង់​ពុំ​មាន​រដ្ឋាភិបាល​ដំណើរការ​ទេ ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ខែតុលា​បានធ្វើឱ្យ​ខូច​ដល់​អន្តរកាល​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​រយៈពេល​ខ្លី​របស់​ខ្លួន បន្ទាប់ពី​ការដក​តំណែង​មេដឹកនាំ​ផ្តាច់ការ​យូរ​ឆ្នាំ លោក អូ​ម៉ា អាល់​បា​សៀ (Omar al-Bashir) នៅក្នុង​ការ​ងើប​បះបោរ​របស់​ប្រជាជន​៕

ភូមិ​ជា​ច្រើន​ត្រូវបាន​ជន់​លិច​នៅ​ស៊ូដង់