ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ ដោយសារកម្ពុជា ត្រូវចូលរួមក្នុងព្រឹត្តិការណ៍ AFC U20 Championship 2023 ការធ្វើតេស្ត ចម្រាញ់រកកីឡាករល្អៗ គឺជាបញ្ហាដ៏ សំខាន់បំផុត។ ការធ្វើតេស្ត គឺមិនត្រឹមតែសម្លឹងតែលើសមត្ថភាពនោះទេ តែកត្តាកម្លាំង សីលធម៌ ក៏ជាកត្តាមិនអាចខ្វះបានដែរ ។

គ្រូបង្វឹក គឺជាមនុស្សដែលសំខាន់ ក្នុងការកំណត់ ពីសមត្ថភាពកីឡាករ ដែលមកទល់ពេលនេះ ការធ្វើតេស្ត បានបញ្ចប់នូវដំណាក់កាលទី១ ហើយៗ ដំណាក់កាលទី២ ក៏កំពុងតែចាប់ផ្ដើមដែរ ។

AFC U20 Championship 2023 នឹងចាប់ផ្ដើមពីខែកញ្ញា តទៅ ដោយប្រកួត នៅប្រទេសតាជីគីស្ថាន។ ក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី ឆ្នាំ២០២៣ (AFC U20 ASIAN Cup Qualifiers 2023) នេះ កម្ពុជាស្ថិតនៅក្នុងពូលជាមួយ ឡេបាណុន សឹង្ហបូរី និង ម្ចាស់ផ្ទះ តាជីគីស្ថាន ។

តាមកម្មវិធីប្រកួតដែលចេញដោយ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីនោះ នៅថ្ងៃទី១៤ កញ្ញា កម្ពុជា ត្រូវប្រកួតជាមួយក្រុមឡេបាណុន ថ្ងៃទី១៦ កញ្ញា កម្ពុជា ប្រកួតជាមួយ សឹង្ហបូរី និងចុងក្រោយថ្ងៃទី១៨ កញ្ញា កម្ពុជា ជួបជាមួយម្ចាស់ផ្ទះ តាជីគីស្ថាន ៕/V-PC