​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ស្វាមី​របស់​ប្រធាន​សភា​អាម៉េរិក​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី ត្រូវបាន​កាត់ទោស​ដាក់​គុក​៥​ថ្ងៃ​និង​បញ្ជា​អោយ​បង់​ប្រាក់​ពិន័យ​៦.៨០០​ដុល្លារ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​សីហា​​ក្រោយ​លោក​ឆ្លើយ​ទទួលកំហុស​ចំពោះ​ការបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​​បង្ក​របួសស្នាម​នៅក្នុង​ខណ្ឌ​មួយ​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​កាលពី​ខែ​ឧសភា​។​

​តែ​លោក ផល ផេ​ឡូ​ស៊ី (Paul Pelosi)អាយុ​៨២​ឆ្នាំ នឹង​គេចផុត​ពី​ការជាប់គុក​បន្ថែម​ក្រោយពី​ចៅក្រម​អនុញ្ញាតអោយ​រាប់បញ្ចូល​ពេល​៤​ថ្ងៃ​ដែល​លោក​ស្ថិត​ក្នុង​កន្លែង​ឃុំឃាំង​ក្នុងពេលត្រូវ​ចាប់ខ្លួន​ក្រោយ​កើតមាន​ឧបទ្ទវ​​ហេតុ​ភ្លាម និង​បាន​បញ្ជា​អោយ​លោក​ធ្វើការ​សហគមន៍​ប្រាំបី​ម៉ោង​។​

​លោក​ផេ​ឡូ​ស៊ី ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការសង្ស័យថា​បាន​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​ក្រោយ​លោក​ពាក់ព័ន្ធ​នឹង​ការបុក​ទង្គិច​រថយន្ត​ពីរ​នៅក្នុង​ខណ្ឌ​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​កាលពី​ខែ​ឧសភា​។​ប៉ូលិស​បាន​​និយាយថា​រថយន្តផច(​Porsche) របស់់លោក​ផេ​ឡូ​ស៊ី​បាន​បុក​ជាមួយ​រថយន្ត​ហ្ស៊ីប(Jeep​)មួយពេល​វា​ព្យាយាម​ឆ្លងកាត់​ផ្លូវ​មួយ តែ​មិន​បណ្តាលអោយ​របួស​មនុស្ស​ធ្ងន់ធ្ងរ​ទេ​។​ភរិយា​របស់​លោក បាន​ស្ថិត​នៅ​រដ្ឋ​រ៉ូដ​អា​យ​​លែ​ន ពេល​កើតមាន​ឧបទ្ទវហេតុ​។​

​ក្រោម​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​រដ្ឋអាជ្ញា​ដើម្បី​ដោះស្រាយ​ករណី​នេះ ចៅក្រម​បាន​ព្រម​ទទួលយក​ការទទួល​កំហុស​របស់​លោក​ផេ​ឡូ​ស៊ី ត្រឹម​បទល្មើស​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​តែមួយ ហើយ​ចៅក្រម​​បាន​ច្រាន​ចោល​ការចោទប្រកាន់​ទី​ពីរ គឺ​បើកបរ​ក្រោម​ជាតិ​សុរា​ក្នុង​ឈាម​០៨​ដែល​ជនល្មើស​អាច​ជាប់គុក​មួ​យ​ឆ្នាំ​។​

​ទោះ​ជា​មិន​ត្រូវ​ជាប់គុក​បន្ថែម​តែ​លោក​ផេ​ឡូ​ស៊ី ជាប់​ការព្យួរទោស​មាន​លក្ខខណ្ឌ​ចំនួន​បី​ឆ្នាំ និង​ហាម​បើកបរ​មួយឆ្នាំបើ​មិន​ពាក់​ឧបករណ៍​តាមដាន​។​

​ផល ផេ​ឡូ​ស៊ី​ត្រូវ​បញ្ជា​អោយ​សង​ម្ចាស់​រថយន្ត​ម្ខាង​ទៀត​៤.៩២៧​ដុល្លារ បន្ថែម​លើ​ថ្លៃ​ពិន័យ​តុលាការ​ជិត​២​ពាន់​ដុល្លារ​។​ក្រៅពីនេះ នាយកដ្ឋាន​យានយន្ត​រដ្ឋ​ក៏​អាច​ដក​ប័ណ្ណបើកបរ​របស់​លោក​មួ​យ​ឆ្នាំ​ផ្អែក​​លើ​ការ​ដា​ក់​ទោស​នេះ​៕

​ផល ផេ​ឡូ​ស៊ី និង​ភរិយា​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​