ដោយៈ ទេព មង្គល / ភ្នំពេញៈ អនុវត្តតាម​សេចក្តីសម្រេច​របស់ រាជរដ្ឋាភិបាល​លេខ២៦ សសរ ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២២ ស្ដីពី​ការបង្កើត​ក្រុមការងារ​តម្រង់ទិសដើម្បី​ដោះស្រាយ​បញ្ហា​សំណង់ ខុសច្បាប់ និង​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និងតំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចាត់​បញ្ជូន ក្រុមការងារ​បច្ចេកទេស ចំនួន ៦៨ ក្រុម មាន​មន្ត្រី​ជំនាញ​សរុប ចំនួន ៧៨១ រូប ចុះ​សហការ​ជាមួយ​មន្ត្រី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចំនួន ៣៥២ រូប ដោយមាន​ការសហការ​ជាមួយ មន្ត្រី​មូលដ្ឋាន​ថ្នាក់ភូមិ រដ្ឋបាល​ឃុំ សង្កាត់ ក្រុង ស្រុក ចំណុះ​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ អ្នកកាន់កាប់​ដី និងសំណង់​ខុសច្បាប់ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់ អាជ្ញាធរ​ជាតិ​អប្សរា​។ នេះ​បើ​យោងតាម សេចក្ដីប្រកាស​ព័ត៌មាន​មួយចុះ​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែសីហា ឆ្នាំ​២០២២ របស់​ក្រសួង​រៀបចំ​ដន​ដី នគរូបនីយកម្ម និង​សំណង់ ។

​ក្រសួង​រៀបចំ​ដន​ដី នគរូបនីយកម្ម និង​សំណង់ បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាសព័ត៌មាន នេះ​ថាៈ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ ក្រុមការងារ​បច្ចេកទេស បានសម្រេច​លទ្ធផល ដូចខាងក្រោម​៖

– វាស់វែង​ក្បាលដី បាន​ចំនួន ២០.០៣១ ក្បាលដី ក្នុងនោះ ក្បាលដី​មាន​សំណង់ ចំនួន ១២.៣១៥ ក្បាលដី ក្បាលដី​គ្មាន​សំណង់​ចំនួន ៦.៧៣៧ ក្បាលដី ក្នុង​ទំហំ​សរុប ៤០. ១១៨ ហិកតា នៃ​ទីតាំង​ទាំងបី ដែល​ស្ថិតក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

– បំពេញ​សម្រង់​ព័ត៌មាន​របស់ អ្នក​សាងសង់ និង​កាន់កាប់​ដី បាន​ចំនួន ១៧.៣២២ គ្រួសារ ។
– ប្រជាពលរដ្ឋ​ស្ម័​ត្រ​ចិត្ត​រុះរើ​តូប​លក់ដូរ សរុប​ចំនួន ៤៤ តូប ក្នុងនោះ ៣៤ តូប លក់​វត្ថុ​អនុស្សាវរីយ៍ ស្ថិតនៅលើ​ខឿន​ជុំវិញ​ស្រះស្រង់ ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ និង ១០ តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង និង​ភូមិ​វាល សង្កាត់​គោកចក​។

​- ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ ខុសច្បាប់ សរុប​ចំនួន ៦៨៩ គ្រួសារ បាន​ស្ម័គ្រចិត្ត ទៅ​រស់នៅ តំបន់​ភូមិ​ធម្មជាតិ រុន​តា​ឯក ក្នុងនោះ ២៣៤ គ្រួសារ ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង និង ៤៥៥ គ្រួសារ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ និង​ត្រូវ​ចូលរួម​ចាប់ឆ្នោតទទួលយក​ដីឡូត៍ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពី​ម៉ោង ៨ និង ៣០ នាទី​ព្រឹក នៅ​សាលា​ខេត្តសៀមរាប ៕/V