​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ បី​ភាគ​បួន​នៃ​ទ្វីបអឺរ៉ុប​កំពុង​ស្ថិត​ក្រោម​ការព្រមាន​អំពី​គ្រោះរាំងស្ងួត នៅក្នុង​អ្វីដែល​ទំនង​ជា​គ្រោះ​រាំងស្ងួត​អាក្រក់​បំផុត​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល​៥០០​ឆ្នាំ​។​

​របាយការណ៍​ចុងក្រោយ​បំផុត​ពី​មណ្ឌល​សង្កេត​គ្រោះរាំងស្ងួត​សកល​និយាយថា​៤៧​ភាគរយ​នៃ​ទ្វីប​អឺរ៉ុប​កំពុង​ស្ថិត​ក្រោម​ស្ថានភាព​នៃ “​ការព្រមាន​” នេះ​មានន័យថា ដី​កំពុង​ប្រេះ​បែក​ក្រ​ហែង​។​

​ប្រហែល ១៧ ភាគរយ​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ក្រើនរំលឹក នេះ​មានន័យថា បន្លែបង្ការ​កំពុង​បង្ហាញ​សញ្ញា​នៃ​ភាព​តានតឹង​។​

​របាយការណ៍​បាន​ព្រមាន​ថា គ្រោះរាំងស្ងួត​នឹង​ប៉ះពាល់​ដល់​ទិន្នផល​ដំណាំ បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ និង​អាច​អូសបន្លាយ​ពេល​ជា​ច្រើន​ខែ​ទៀត​នៅក្នុង​តំបន់​ភាគខាងត្បូង​មួយចំនួន​របស់​អឺរ៉ុប​។​

​បើ​ប្រៀបធៀប​ទៅ​នឹង​មធ្យមភាគ​នៃ​ប្រាំ​ឆ្នាំមុន ការព្យាករណ៍​របស់​ស​ហ​ភាព​អឺរ៉ុប​សម្រាប់​ការប្រមូល​ផល​បាន​ធ្លាក់ចុះ ១៦​ភាគរយ​សម្រាប់​ពោត ១៥​ភាគរយ​សម្រាប់​សណ្តែក​សៀង និង​១២​ភាគរយ​​សម្រាប់​ផ្កាឈូករ័ត្ន​។​

​មណ្ឌល​សង្កេត​គ្រោះរាំងស្ងួត​សកល​គឺ​ជា​ផ្នែក​មួយ​នៃ​អង្គភាព​ស្រាវជ្រាវ​របស់​គណៈកម្មកា​រ​អឺរ៉ុប​។ ឆ្លើយតប​ទៅនឹង​មណ្ឌល​នេះ គណៈកម្មការ​បាន​ព្រមាន​ថា ទិន្នន័យ​បឋម​បង្ហាញ​ថា​”​គ្រោះរាំងស្ងួត​​បច្ចុប្បន្ន​នៅតែ​អាក្រក់​បំផុត​ចាប់តាំងពី​ពេល​យ៉ាង​ហោច ៥០០ ឆ្នាំ​”​។​

​ស្នងការ​ស្រាវជ្រាវ​លោកស្រី ម៉ា​រី​យ៉ា ហ្គា​ព្រីល (Mariya Gabriel) បាន​និយាយថា រលក​កម្តៅ​ដែល​កំពុង​កើត​ឡើង​និង​កង្វះ​ទឹក​បាន​”​បង្កើត​ភាព​តានតឹង​មិន​ធ្លាប់មាន​ពីមុន​មក​លើ​កម្រិត​ទឹក​​នៅក្នុង​សហភាព​អឺរ៉ុប​ទាំងមូល​”​។​

​លោកស្រី​បាន​បន្ថែមថា “​បច្ចុប្បន្ន​យើង​កំពុង​កត់សម្គាល់​ឃើញ​រដូវ​ភ្លើង​ឆេះ​ព្រៃ​ខ្ពស់​ជាង​មធ្យមភាគ និង​ផលប៉ះពាល់​យ៉ាង​សំខាន់​លើ​ផលិតកម្ម​ដំណាំ​។​ការប្រែប្រួល​អាកាសធាតុ​ពិតជា​គួរឱ្យ​កត់​​សម្គាល់​ជា​រៀងរាល់ឆ្នាំ​”​។​

​របាយការណ៍​បាន​ព្រមាន​ថា ទន្លេ​ស្ទើរតែ​ទាំងអស់​របស់​អឺរ៉ុប​បាន​រីងស្ងួត​ដល់​កម្រិត​ទាប​បំផុត​មួយចំនួន​។​

​ក្រៅ​ពី​ផលប៉ះពាល់​ជាក់ស្តែង​លើ​នាវា ទន្លេ​រីងស្ងួត​ក៏​កំពុង​ប៉ះពាល់​ដល់​វិស័យ​ថាមពល​ដែល​កំពុង​មាន​វិបត្តិ​រួចទៅហើយ​ផងដែរ​។ ថាមពល​វា​រី​អគ្គិសនី​បាន​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់ ២០ ភាគរយ នេះ​បើ​យោងតាម​របាយការណ៍​៕

ទូក​ជាប់គាំង​លើ​បឹង​រីងស្ងួត​មួយ​នៅ​ព្រំដែន​បារាំង​និង​ស្វីស