ដោយៈ​ទេព​មង្គល ,​ម៉េង​ឆៃ​/​ភ្នំពេញ​៖​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​នៅ​ព្រឹក​ថ្ងៃទី ២៤​ខែសីហា​ឆ្នាំ​២០២២ បានប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​ការងារ​របស់​ក្រុមការងារ​តម្រង់ទិស​ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់​និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ។​

សកម្មភាពរបស់ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរានេះ (រូបថតអាជ្ញាធរជាតិអប្សរា)

សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ ២៦ សសរ ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២២ ស្តីពី ការបង្កើត​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់​និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បាន​ចាត់​បញ្ជូន​ក្រុមការងារ​បច្ចេកទេស​ចំនួន ៦៨ ក្រុម មាន​មន្ត្រី​ជំនាញ​សរុប​ចំនួន ៧៨១ រូប​ចុះ​សហការ​ជាមួយ​មន្ត្រី​របស់ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចំនួន​៣៥២ រូប ដោយមាន​ការសហការ ជាមួយ​មន្ត្រី​មូលដ្ឋាន​ថ្នាក់ភូមិ រដ្ឋបាល​ឃុំ សង្កាត់ ក្រុង ស្រុក​ចំណុះ​រដ្ឋបាល​ខេត្តសៀមរាប​ដើម្បី​ចុះ​វាស់វែង​កំណត់​និយាម​កា​ក្បាលដី​និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ ក្រុមការងារ​បច្ចេកទេស​បានសម្រេច​លទ្ធផល វាស់វែង​ក្បាលដី​បាន​ចំនួន ២០០៣១ ក្បាលដី ក្នុងនោះ​ក្បាលដី​មាន​សំណង់​ចំនួន ១២ ៣១៥ ក្បាលដី ក្បាលដី​គ្មាន​សំណង់​ចំនួន ៦ ៧៣៧ ក្បាលដី ក្នុង​ទំហំ​សរុប ៤០ ១១៨ ហិកតា​នៃ​ទីតាំង​បំពេញ​សម្រង់​ព័ត៌មាន​របស់​អ្នក​សាងសង់ និង​កាន់កាប់​ដី​បាន​ចំនួន ១៧ ៣២២ គ្រួសារ ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ​តួ​ប​លក់ដូរ​សរុប​ចំនួន ៤៤ តូប ក្នុងនោះ ៣៤ តួ​ប លក់​វត្ថុ​អនុស្សាវរីយ៍ ស្ថិតនៅលើ​ខឿន​ជុំវិញ​ស្រះស្រង់ ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ និង ១០​តួ​ប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង និង​ភូមិ​វាល សង្កាត់​គោកចក​

​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​ខុសច្បាប់​សរុប​ចំនួន ៦៨៩ គ្រួសារ បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក ។​ក្នុងនោះ​២៣៤​គ្រួសារ​ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង​និង​៤៥៥​គ្រួសារ​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ​និង​ត្រូវ​ចូលរួម​ចាប់ឆ្នោត​ទទួលយក​ដីឡូត៍​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពី​ម៉ោង ៨;៣០​ព្រឹក នៅ​សាលា​ខេត្តសៀមរាប​។​

​សូមបញ្ជាក់ថា ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​មួយចំនួនទៀត ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នេះ បាន​ចុះ​ពិនិត្យ​យ៉ាងសកម្ម ដើម្បី​វាស់វែង​កំណត់​និយាម​កា​ក្បាលដី អត្តសញ្ញាណ​ដីធ្លី​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ស្ថិតក្នុង​តំបន់​១ និង​តំបន់​២ ក្នុង​រមណីយដ្ឋាន​អង្គរ នៅក្នុង​ភូមិសាស្ត្រ​ទាំង​៥​សង្កាត់ មាន​សង្កាត់​នគរធំ សង្កាត់​គោកចក សង្កាត់​ស្លរ​ក្រាម និង​សង្កាត់​ទឹក​វិល ​ចាប់តាំងពី​ថ្ងៃទី​១៩​ខែសីហា​កន្លងទៅ​៕​សរន​

សកម្មភាពរបស់ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរានេះ (រូបថតអាជ្ញាធរជាតិអប្សរា)