ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសវនាជាមួយលោក លីវ ជានចៅ (LIU JIANCHAO )រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនិស្តចិននាព្រឹកថ្ងៃទី ២៤ ខែសីហា ២០២២នៅវិមាន៧មករា រាជធានី ភ្នំពេញ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ឲ្យដឹងពីជំនួបនោះថា៖ លោក លីវ ជានចៅ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខអំពីលោកប្រធានាធិបតី ស៊ី ជីនពីងនិងលោកនាយករដ្ឋមន្ត្រី លី ឃឺជាំង គោរពជូនសម្ដេចតេជោនិងនាំសាររបស់លោកប្រធានាធិបតី ស៊ី ជីន ពីង ជូនដល់សម្ដេចតេជោ ហ៊ុន សែន ។

លោក លីវ ជានចៅ បានគោរពជម្រាបជូនសម្ដេចតេជោថាលោកបានមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០០៤ខណៈពេល១៨ឆ្នាំមកនេះកម្ពុជាមានការផ្លាស់ប្ដូរយ៉ាង ខ្លាំង។ព្រះរាជាណាចក្រកម្ពុជាទាំងមូលមានភាពស្រស់បំព្រង,សេដ្ឋកិច្ចមានការលូតលាស់,ទីក្រុងមានការអភិវឌ្ឍ,ប្រជាជនមានទឹកមុខញញឹមប្រឹមប្រិយនិងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិត្រូវបានទទួលស្គាល់និងគោរព។ ទាំងនេះលោក លីវ ជានចៅបានគោរពជម្រាបជូនសម្ដេចតេជោថាគឺឆ្លុះបញ្ចាំនូវការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចនិងគួរជាទីគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ។

លោក លីវ ជានចៅ បានគោរពជូនសម្ដេចតេជោបន្ថែមថាការអភិវឌ្ឍសេដ្ឋកិច្ចជាមូលដ្ឋានបំពេញអោយសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជាក្នុងន័យនេះភាគីចិននឹង បន្តអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាឲ្យកាន់តែខ្លាំងឡើងជាពិសេសជំរុញការនាំទំនិញកសិកម្មកសិផលកម្ពុជាទៅកាន់ទីផ្សារចិនការបង្កើតការហោះ ហើរត្រង់មកកាន់កម្ពុជា,ការលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនមកកាន់កម្ពុជានឹងជួយកម្ពុជាលើការអភិវឌ្ឍថាមពលបៃតង។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក លីវ ជានចៅ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខអំពីលោកប្រធានាធិបតី និង នាយករដ្ឋមន្រ្តី ចិនជូនចំពោះសម្ដេច។សម្តេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះការនាំសាររបស់លោកប្រធានាធិបតីចិនជូនសម្ដេច។សម្តេចតេជោបានថ្លែងអំណរគុណចំពោះលោកលីវជានចៅចំពោះការវាយតម្លៃការអភិវឌ្ឍរបស់កម្ពុជារយៈពេល១៨ឆ្នាំកន្លងមកនេះ។ជាមួយនេះដែលសម្ដេចតេជោបានយល់ស្របជាមួយលោកលីវជានចៅ ដែលថាការអភិវឌ្ឍសេដ្ឋកិច្ចគឺបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជន។ក្នុងន័យនេះសម្ដេចតេជោសូមអរគុណនិងសូមស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយទៀតជាពិសេសលើវិស័យពាណិជ្ជកម្មកសិកម្មនិងវិស័យវិនិយោគទុនលើវិស័យទេសចរណ៍ក៏ដូចជាលើវិស័យថាមពលបៃតង ៕