ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រុមការងារ​បច្ចេកទេស​ចម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៥ របស់ខ្លួន ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព និង​ការដាក់​ទិសដៅ លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​សម្រាប់​ឆ្នាំ ២០២២-២០២៣​។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង នា​សាលប្រជុំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ អភិវឌ្ឍន៍ និង​ន​វា​នុ​វត្ត ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ (TWG-TVET) បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ ដែល​បាន​ខិតខំ​បំពេញការងារ កន្លងមក ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ចាប់តាំងពី ការរៀបចំ​បង្កើតឱ្យមាន​ជា​ក្រុមការងារ (TWG-TVET) រួចមក ដែលមាន​កិច្ចប្រជុំ លើក​នេះ មាន​សមាសភាព​ចូលរួម សរុប​ចំនួន ៦១​រូប មកពី​ក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ មាន​គោលបំណង​សំខាន់ ចំនួន ៣ គឺៈ ទី​១-​ការធ្វើ​របាយ ការណ៍​វឌ្ឍនភាព លើ​ការងារ​អាទិភាព វិស័យ អ​.​ប​.​វ​. ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដោយ​ផ្តោតលើ​សេចក្តីព្រាង នៃ​ការអភិវឌ្ឍ​ច្បាប់ ស្តីពី អ​.​ប​.​វ​. ការបង្កើត​ប្រព័ន្ធ ឌី​ជី​ថ​លូ​ប​នីយកម្ម វិស័យ អ​.​ប​.​វ​. (​ប្រព័ន្ធ​ជាតិ អ​.​ប​.​វ​. ពី​ចម្ងាយ ឬ​តាម​អន​ឡាញ (TVET E-Learning), ប្រព័ន្ធ​ជាតិ​វាយតម្លៃ​ទទួលស្គាល់​ការសិក្សា​ពីមុន ពី​ចម្ងាយ ឬ​តាម​អន​ឡាញ (E-RPL), ប្រព័ន្ធគ្រប់គ្រង​គ្រឹះស្ថាន អ​.​ប​.​វ​. (School Management System), ការងារ​អាទិភាព​ឆ្នាំ​២០២២, និង​ផែនការ​ថវិកា​វិស័យ អ​.​ប​.​វ​. ឆ្នាំ​២០២៣ ការធ្វើ​បច្ចុប្បន្នភាព គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF)​។ ទី​២. ការធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព នៃ​ការគាំទ្រ ក្នុង​វិស័យ អ​.​ប​.​វ​. របស់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ ទី​៣. គោលការណ៍​ណែនាំ សម្រាប់​រៀបចំ​របាយការណ៍​វឌ្ឍនភាព នៃ​ការអនុវត្ត​សូចនាករ តាមដាន​រួមគ្នា ស្តីពី អ​.​ប​.​វ​. ឆ្នាំ​២០២១-២០២២ និង​ការកំណត់​សូចនាករ តាមដាន​រួមគ្នា ស្តីពី អ​.​ប​.​វ​. ឆ្នាំ​២០២៤-២០២៨ ។​

​លោកស្រី Nadia Ottiger នាយករង​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ស្វី​ស (SDC) និង​ជា​អ្នកដឹកនាំ​សម្របសម្រួល ដៃគូ​អភិវឌ្ឍន៍​ក្រុម TWG-TVET ក៏បាន​ផ្តល់នូវ​ចំណាប់អារម្មណ៍ កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​អង្គប្រជុំ បន្ទាប់ពី លោក​រដ្ឋមន្ត្រី ក្រសួង​ការងារ បាន​លើក​ពី​សកម្មភាព​ជាច្រើន ក្នុងការ​អភិវឌ្ឍ​ជំនាញ នៅ​កម្ពុជា ដែល​ធ្វើឱ្យ​ក្រសួង​សម្រេចបាន ក្នុង​ការបន្ត​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ និង​ក៏ដូចជា ផែនការ​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត ដែល​ក្រសួង​កំពុង​សម្រេចបាន និង​ការដាក់​ទិសដៅ នៅ​ថ្ងៃ​ខាងមុខ​។​

​ក្នុង​ពិធី​នេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏ បានស្នើ​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ បន្ត​ជួយ​គាំទ្រ​សកម្មភាព​សំខាន់ៗ របស់​ក្រសួង​ក្នុង​វិស័យ TVET មួយចំនួន រួមមាន​៖ ១) ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៧-២០២៥, ២) ការអភិវឌ្ឍ​ច្បាប់ TVET ៣) ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម វិស័យ TVET ឱ្យស្រប​តាម​តម្រូវការ​ប្រើប្រាស់ ទាំង​គ្រឹះស្ថាន TVET វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ និង ៤) សូមជួយ​គាំទ្រ​ថវិកា និង​បច្ចេកទេស ក្នុងការ​រៀបចំ​ស​ន្និសិទ TVET ក្នុង​តំបន់ ASEAN ដែល​នឹង​រៀបចំឡើង នៅ​កម្ពុជា នៅ​ចុងឆ្នាំ​២០២២ នេះ​៕/V