ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បានផ្ដល់​កូនឈើ ៣០០ ដើម ជូន​ដល់​សាលា​នគរបាល​ភូមិភាគ ៦ ហើយ​កូនឈើ​ទាំងនោះ ត្រូវបាន​លោក ស្នងការរង នគរបាល​ខេត្តកំពង់ឆ្នាំង រួម​នឹង​មន្ត្រី​មួយចំនួន នាំយកទៅ​ប្រគល់ជូន សាលា​នគរបាល​ជាតិភូមិ​ភាគ ៦ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ នៅ​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ ។​

​លោក ហួន ស៊ី​ដា​រឿន ស្នងការរង​នគរបាល​ខេត្ត បានឱ្យដឹងថា ដោយ​ទទួលបាន សំណូមពរ ពី​នាយក​សាលា​នគរបាលជាតិ​ភូមិភាគ ៦ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​លោក​ទៅ​ទទួលយក​កូនឈើ ប្រភេទ​ដើម​រាំង និង​ដើម​ម្ដេ​ញ ពី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង នាំយកទៅ​ប្រគល់ជូន ដល់​សាលា​នគរបាល ភូមិភាគ ៦ តាម​សំណូមពរ​របស់លោក​នាយ​ក​សាលា ។​

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តុង អាន នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ ៦ ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកស្នងការ លោក​ស្នងការរង តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ខូវ​លី ដែល​បាន​ជួយឧបត្ថម្ភ​កូនឈើ ចំនួន ៣០០ ដើម សម្រាប់​ដាំ​នៅក្នុង​បរិវេណ សាលា​នគរបាល​ភូមិភាគ ៦ នៅពេលនេះ ដើម្បី​បរិស្ថាន​ល្អ​។

​លោក​ក៏បាន​បញ្ជាក់ដែរថា ដើមឈើ​ទាំងនេះ នឹង​រៀបចំ​ដាក់​ដាំ​ឲ្យ បាន​ត្រឹមត្រូវ តាម​ប្លង់គោល​នៃ​សាលា ដើម្បី​លម្អ ឲ្យ​មាន​សោភ័ណភាព​បរិស្ថាន ក្នុង​បរិវេណ​សាលា​ផង និង​ក៏​អាច​បរិភោគ​ជា​បន្លែ និង​ហូប​ផ្លែ​ផងដែរ ៕/V​