ដោយៈ​ប​.​ខុន​/​ភ្នំពេញ​៖​ការធ្លាក់​ភ្លៀង​ក្នុង​បរិមាណ​ច្រើន​ដល់​ជាង​១០០​មី​លី​ម៉ែត្រ​នៅ​កន្លែង​ខ្លះ​ដូច​កាលពី​ថ្ងៃទី​២៣​ខែសីហា​ម្សិលមិញ​នៅ​បន្ត​កើតមាន​សម្រាប់​ថ្ងៃទី​២៤​រហូតដល់​ថ្ងៃទី​២៦​សីហា​ទើបបាន​ចុះខ្សោយ​បន្តិច​ទៅវិញ បន្ទាប់ពី​ព្យុះ​ទី​៩​ឈ្មោះ ម៉ា​អន ឡើងគោក​នៅ​ខាងជើង​កោះ​ហៃណាំ ដោយ​មិនមាន​ឥទ្ធិពល​អ្វី​ធំដុំ​ទេ​ដល់​ប្រទេស​កម្ពុជា​នោះឡើយ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់ រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០២២​ថា​ការ​ធ្លាក់ភ្លៀង​ក្នុង​បរិមាណ​ច្រើន​និង​រាយប៉ាយ​ទូលំទូលាយ​នៅមាន​ថ្ងៃនេះ​និង​ថ្ងៃទី​២៥​ខែសីហា​មួយថ្ងៃ​ទៀត​ដល់​ថ្ងៃទី​២៦​ខែសីហា​ភ្លៀង​ចុះខ្សោយ​បន្តិច​ទៅវិញ ទោះបីជា​ព្យុះ​ដែលមាន​ដំណើរ​លឿន​បាន​ប្រែប្រួល​ទិសដៅ ឡើងគោក​បន្តិច​ក៏ដោយ​។​

អ្នកនាំពាក្យ​ដដែល​បន្តថា ដំបូង​ឡើយ​គេ​គិតថា​ព្យុះ​ទី​៩​ឈ្មោះ​ម៉ា​អន នឹង​ឡើងគោក​នៅក្រោម​ហុងកុង​បន្តិច តែ​ពេលនេះ​វា​អាច​នឹង​ឡើង​នៅលើ​ឆ្នេរ ដីគោក​ខាងជើង​កោះ​ហៃណាំ​ដោយ​មិនសូវមាន​កម្លាំង​ស្រូប​ទេ ។​ដូច្នេះ​គ្មាន​ឥទ្ធិពល​អ្វី​ធំដុំ​ដល់​ប្រទេស​កម្ពុជា​និង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អា​ង​ទន្លេមេគង្គ​លើ​នោះឡើយ​។​

 

ដោយឡែក​យោងតាម​របាយ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​រាយប៉ាយ​រយៈពេល​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​នេះ គឺ​នៅ​រាជធានី​ភ្នំពេញ​មាន​កម្រិត​ពី​៧​ដល់​៧៤​មី​លី​ម៉ែត្រ​,​នៅ​ខេត្តក្រចេះ​មាន​កម្រិត​ពី​៦​ដល់​១២៣​មី​លី​ម៉ែត្រ​,​នៅ​ខេត្តកំពង់ឆ្នាំង​មាន​កម្រិត​ពី​៤​ដល់​៩០​មី​លី​ម៉ែត្រ​,​នៅ​ខេត្តកោះកុង​មាន​កម្រិត​ពី​តិច​ដល់​៤៣​មី​លី​ម៉ែត្រ​,​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​កម្រិត​ពី​តិច​ដល់​៧១​មី​លី​ម៉ែត្រ​,​នៅ​ខេត្តកំពង់ធំ​មាន​កម្រិត​ពី​តិច​ដល់​២៧​មី​លី​ម៉ែត្រ​,​នៅ​ខេត្តរតនគិរី​មាន​កម្រិត​ពី​តិច​ដល់​៥៣​មី​លី​ម៉ែត្រ​,​នៅ​ខេត្តស្ទឹងត្រែង​មាន​កម្រិត​ពី​តិច​ដល់​៩៨​មី​លី​ម៉ែត្រ ,​នៅ​ខេត្តសៀមរាប​មាន​កម្រិត​ពី​តិច​ដល់​៣៨​មី​លី​ម៉ែត្រ​,​ខេត្ត​ពោធ​សិ​ា​ត់​មាន​កម្រិត​ពី​តិច​ដល់​៣៦​មី​លី​ម៉ែត្រ​,​ខេត្តកណ្តាល​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​៧១​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ស្ពឺ មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​៨២​មី​លី​ម៉ែត្រ​,​ខេត្តបាត់ដំបង​មាន​ភ្លៀង​កម្រិត​ពី​៦​ដល់​១២​មី​លី​ម៉ែត្រ​,​ខេត្តព្រៃវែង​មាន​កម្រិត​ពី​តិច​ដល់​៣៥​មី​លី​ម៉ែត្រ​,​ខេត្តព្រះវិហារ​មាន​ភ្លៀង​កម្រិត​ពី​៦​ដល់​៩៨​មី​លី​ម៉ែត្រ​,​ខេត្តមណ្ឌលគិរី​មាន​ភ្លៀង​កម្រិត​ពី​២១​ដល់​៧២​មី​លី​ម៉ែត្រ​,​ខេត្តកំពត​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​៣៦​មី​លី​ម៉ែត្រ​,​ខេត្ត​ត្បូងឃ្មុំ​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​២៥​មី​លី​ម៉ែត្រ​,​ខេត្តតាកែវ​មាន​ភ្លៀង​ពី​តិច​ដល់​៤៤​មី​លី​ម៉ែត្រ​និង​ខេត្តកំពង់ចាម​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​៧៤​មី​លី​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យាករណ៍​កាលពីដើម​រដូវ​វស្សា​ថា ទឹកទន្លេ​មេគង្គ​នៅ​ចតុមុខ​ក្នុង​រដូវវស្សា​ឆ្នាំ​២០២២​នេះ អាច​ឡើងដល់​កម្រិត​ក​ម្ព​ស់​៩,៦៥​ម៉ែត្រ ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម​។​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៣​ខែសីហា​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​២៤​ដល់​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០២២​ថា​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​និង​ខ្យល់មូសុង​និរតី​ខ្សោយ អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន ពី ៣៣-៣៥​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​ទន្ទឹម​នោះ​ផ្នែក​ខ្លះ​ក៍​អាចមាន​ភ្លៀង​ជា​បង្គួរ​ផងដែរ ។​

សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២​ទៅ​២៤​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៤ អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ ។ ទន្ទឹម​នោះ​ផ្នែក​ខ្លះ​ក៍​អាចមាន​ភ្លៀង​ជា​បង្គួរ​ផងដែរ ។​

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ ។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ៕​សរន​