​ដោយៈ​ដេប៉ូ​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បាន​អះអាងថា​ការដាក់ឱ្យ​ប្រើប្រាស់​នូវឯ​ក​សណ្ឋាន​សហគមន៍​មូលដ្ឋាន​ត្រូវបាន​ក្រសួងបរិស្ថាន​និង​ដៃគូ​សង្ឃឹម​ជឿជាក់ថា​នឹង​ជួយ​ឱ្យ​ការពង្រឹង​ប្រសិទ្ធភាព​ការអភិរក្ស​ធនធានធម្មជាតិ និង​ក៏ដូចជា​អនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព​។​នេះ​ជាការ​បញ្ជាក់​ក្នុង​កិច្ចប្រជុំរួមគ្នា​រវាង​ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍន៍​។​កិច្ចប្រជុំ​រួមគ្នា​នេះដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ស្តីពី​ការបង្កើត និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​សហគមន៍​មូលដ្ឋាន ​ក្នុង​កិច្ចការ​ពាក់ព័ន្ធ​ទៅនឹង​សហគមន៍​ដូចជា ដូចជា​ការចេញ​ល្បាត កិច្ចប្រជុំ និង​ការចូលរួម​កិច្ចការ​អនុវត្ត​ការងារ​ផ្សេងៗ​ទៀត​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ​២០២២ លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា​បន្ទាប់​ពី​មានការ​ដាក់ឱ្យ​ប្រើប្រាស់​នូ​វ​ឯកសារ​នេះ​ចាំបាច់​ត្រូវមាន​ការផ្សព្វផ្សាយ​ដើម្បីឱ្យ​ការប្រើប្រាស់​ឯកសណ្ឋាន​នេះ​ប្រព្រឹត្តិ​ទៅ​រលូន​និង​មានការ​ឯកភាពគ្នា​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់​បាន​រលូន​ហើយ​មាន​របៀបរៀបរយ​ល្អ​នៅ​ថ្ងៃ​ខាងមុខ​។​ឯកសណ្ឋាន​នេះ​គឺមាន​មុខងារ​សំខាន់​ដល់​ប្រជា​សហគមន៍​ប្រើប្រាស់​សម្រាប់​ការចុះ​ល្បាត​និង​ប្រើប្រាស់​ក្នុង​កិច្ចការពារ​អភិរក្ស​ធនធានធម្មជាតិ​ដែល​វា​ជា​អត្ថ​សញ្ញាណ​បង្ហាញ​ពី​ការ​សម្រាប់​ប្រើប្រាស់​ក្នុងពេល បំពេញការងារ​នៅក្នុង​អង្គភាព សំដៅ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ ឱ្យបាន​សមស្រប និង​មាន​និរន្តរភាព​ដែលជា​ឧ​ត្ត​ម ប្រយោជន៍​យូរអង្វែង​របស់​ប្រជាជន​គ្រប់រូប និង​គ្រប់​ជំនាន់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកស្រី​រដ្ឋលេខាធិការ​បាន​បញ្ជាក់ជូន​អង្គប្រជុំ​ថា បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់​ការពារ​ធនធានធម្មជាតិ​ចំនួន ៧៣ ដែលមាន​ផ្ទៃដី​សរុប ៧,២៩៧,៣១៤ ហិកតា ស្មើនឹង ៤១​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ទាំងមូល ,​មាន​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​៣ និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​១១១៥​នាក់​។​ដោយសារ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មាន​ចំនួន​តិច​នៅឡើយ​ហេតុនេះហើយ​គេ​ចាំបាច់​ត្រូវមាន​ការចូល​រួមសហកា​រ​ពី​សហគមន៍​មូលដ្ឋាន​។​

លោកស្រី រដ្ឋលេខាធិការ​បញ្ជាក់​បន្ថែមថា​”​ការប្រគល់​តូ​នាទី និង​ការចូលរួម​កិច្ចការពារ​តាមរយៈ​ការប្រើប្រាស់​ឯកសណ្ឋាន​នេះដែរ​គឺជា​ផ្នែក​មួយ​សម្រាប់​ពង្រឹង​ដល់​សហគមន៍​ឱ្យ​ពួកគាត់​មាន​សមត្ថភាព​កាន់តែច្រើន​សម្រាប់​ចូលរួម​កិច្ចការពារ​តំបន់​សហគមន៍​របស់​ខ្លួន​កាន់​តែមាន​ប្រសិទ្ធភាព​”​។​

​ចំណែក លោក រស់ ជ័រ ប្រធាន​នាយកដ្ឋាន​ជីវភាព​សហគមន៍​នៃ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ការប្រគល់​សម្លៀកបំពាក់​ដែលជា​ឯកសណ្ឋាន​ដល់​សហគមន៍​នេះ​គឺ​គណៈកម្មាធិការ​ម្នាក់​បានទទួល​២​កំ​ប្លេ​រ​ក្នុង​មួយឆ្នាំ​។​ឯកសណ្ឋាន​នេះ​គឺ​ប្រើប្រាស់​តែ​ក្នុង​សហគមន៍​ដោយ​គាត់​មិនអាច​ប្រើប្រាស់​ក្រៅពី​សហគមន៍​របស់គាត់​បានឡើយ​ពីព្រោះថា​ក្នុង​ឯកសណ្ឋាន​នេះ​គេ​បាន​សរសេរ​ឈ្មោះ សហគមន៍​ត្រឹមត្រូវ​។​

លោក​ប្រធាន​នាយកដ្ឋាន​ជីវភាព​សហគមន៍​បានឱ្យដឹង​ដែរ​ថា​បច្ចុប្បន្ន​សហគម​ន៍​តំបន់ការពារធម្មជាតិ​កម្ពុ​ជាមាន​ចំនួន​សរុប​១៩០​សហគមន៍​និង​មាន​សមាជិក​ជាង​២៩​ម៉ឺន​នាក់​។​

​គូរ​បញ្ជាក់​ថាបើ​យោងតាម​ប្រកាស​ស្តីពី​ការបង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​សហគមន៍​មូលដ្ឋាន​បានចែង​ក្នុង​ប្រការ​៥​និង​៦ ថា ការចំណាយ​លើ​ឯកសណ្ឋាន​សហគមន៍​មូលដ្ឋាន ត្រូវ​ប្រើប្រាស់​ថវិកា​របស់​ក្រសួងបរិស្ថាន​។ អគ្គនាយកដ្ឋាន សហគមន៍​មូលដ្ឋាន អាច​កៀរគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍ ឬ​អនុញ្ញាតឱ្យ​ដៃគូ​អភិវឌ្ឍន៍​រៀបចំ​ឯកសណ្ឋាន សហគមន៍​មូលដ្ឋាន​នេះ សម្រាប់​គណៈកម្មការ​ប​ណ្តា​ញ​អភិរក្ស​ធនធានធម្មជាតិ គណៈកម្មការ​សហគម​ន៍ តំបន់ការពារធម្មជាតិ ភ្នាក់ងារ​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​ល្បាត​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ នៅក្នុង​តំបន់​ការពារ ធម្មជាតិ ឬ​នៅក្នុង​ខេត្ត​គោលដៅ​។ ចំណែក​ប្រការ​៦​បាន​បញ្ជាក់ថា ៖​ជន​ណា​ដែល​មិន​មានចែង​ក្នុង​ប្រការ​២ ហើយ​បាន​ប្រើប្រាស់​ឯកសណ្ឋាន​សហគម​ន៍​មូលដ្ឋាន ដោយ គ្មាន​ការអនុញ្ញាត ឬ​ក្លែងបន្លំ​ឯកសណ្ឋាន​សហគមន៍​មូលដ្ឋាន ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕​សរន​