ទំនាស់​ដីធ្លី​អូសបន្លាយ​ពេល​រាប់​ឆ្នាំ​, ម្ចាស់​ដី​ស្របច្បាប់​៦​នាក់ ស្នើ​រដ្ឋបាលខេត្ត​កណ្ដាល​ព​ន្លឿ​ន​នីតិវិធី​

1189
ចែករម្លែក

ដោយ​: ឆាយា​នាថ / កណ្ដាល​: ទំនាស់​ដីធ្លី​មួយ​បានអូសបន្លាយ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ម្ចាស់​ដី​ស្របច្បាប់​៦​នាក់ ទទូច​សុំឱ្យ​រដ្ឋបាល​ខេត្តកណ្ដាល មេត្តា​ព​ន្លឿ​ន​នីតិវិធី​ឱ្យបាន​ឆាប់រហ័ស​ផង កុំ​ផ្អឹប​បណ្ដឹង​ចោល​គ្មាន​ចម្លើយ​បែបនេះ ។

​ស្កាត់​ជួប​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២៦ ខែមិថុនា នេះ ម្ចាស់​ដី​ស្របច្បាប់​ទាំង​៦​នាក់ ដែលមាន​វ័យ​ចំណាស់​ទៅហើយ បានបង្ហាញ​ឯកសារ​ជាច្រើន ដើម្បី​ពាំនាំ​ខ្លឹមសារ​ទាំងនេះ​ជូន​រដ្ឋបាល​ខេត្តកណ្ដាល ឱ្យបាន​ជ្រាប​។​

​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ជម្រាបជូន​លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល មានកម្ម​វត្ថុ ប្តឹង​ពី​ឈ្មោះ​ម៊ិ​ញ សុផាត ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤១៧ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បាន​យក​សាលក្រម​និង​សាលដីកា របស់​តុលាការ មាន​ភាពមិនច្បាស់លាស់​អំពី​ព្រំប្រទល់ ការវិវាទ​និង​កម្មវត្ថុ យកមក​អះអាង​លើដី​របស់​យើងខ្ញុំ​ថា ជា​ដី​របស់ខ្លួន និង ស្នើសុំ​លោក​អភិបាល ជួយ​សម្រួល​ឱ្យ​យើងខ្ញុំ​ទាំងអស់គ្នា បានទទួល​ប័ណ្ណកម្មសិទ្ធិ​ស្របតាម​ច្បាប់​ភូមិបាល​។

​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ដែល​បណ្តឹង​នេះ ស្ងាត់​សូន្យឈឹង​គ្មាន​ចម្លើយ​ពី​រដ្ឋបាលខេត្ត​កណ្ដាល​ឡើយ​។

​ម្ចាស់​ដី​ស្រប​ទាំង​៦​នាក់​មាន ទី​១៖​លោក គឹម រិ​ន អាយុ​៦២​ឆ្នាំ , ទី​២៖ លោកស្រី គង់ ដា​រ៉េត អាយុ​៦២​ឆ្នាំ , ទី​៣៖ លោក ស៊ឹម ស៊ុ អាយុ​៧០​ឆ្នាំ , ទី​៤៖​លោក ទួន សេង អាយុ​៧២​ឆ្នាំ , ទី​៥៖ លោក អ៊ុក ឡុង អាយុ​៤៦​ឆ្នាំ និង ទី​៦៖ លោកស្រី ខូវ ចាន់​ផូ អាយុ​៦០​ឆ្នាំ​។

​ពួកគាត់​រៀបរាប់ថា ដីធ្លី​ទាំងនេះ​គឺ​បាន​កាន់កាប់​តាមរយៈ​ការទិញ​លក់​ពី​ម្ចាស់​ដើម ដែល​ការទទួលស្គាល់​ពី​អាជ្ញាធរ​នៅ​ឆ្នាំ​១៩៩៣​។ ដី​នេះ ពួកគាត់​ដាំ​ដំណាំ និង សាងសង់​ផ្ទះ គ្មាន​នរណា​ហាមឃាត់​ឡើយ​។ រយៈពេល​២៤​ឆ្នាំ​ក្រោយមក ទើប​ឈ្មោះ ម៊ិ​ញ សុផាត ធ្វើការ​តវ៉ា ដី​ដែល​យើងខ្ញុំ​រស់នៅ​ថា​ជា​ដី​របស់គាត់​ទាំងអស់​។

​ម្ចាស់​ដី​ទាំង​៦​នាក់ រៀបរាប់​ទៀតថា ឈ្មោះ មិញ សុផាត បាន​ក្លែងបន្លំ​ឯកសារ​ធ្វើឱ្យមាន​ភាពអយុត្តិធម៌ ហើយ​មាន​បណ្តឹង​ជា​រឿង​ព្រហ្មទណ្ឌ​ប្តឹង​ចាប់​ជនល្មើស​ខ្យល់​គ្មាន​សាវតារ​ជាតិ​ច្បាស់លាស់ ។ ពួកគាត់ សំណូមពរ​លោក​បណ្ឌិត​អភិបាលខេត្ត​កណ្ដាល ជួយ​រក​យុត្តិធម៌​និង​ជួយ​សម្រួល​ឱ្យ​យើងខ្ញុំ​ទាំងអស់គ្នា​ទទួលបាន​នូវ​ប័ណ្ណកម្មសិទ្ធិ​ស្របតាម​តាម​ប្រសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថា “​ដី​ដែល​ប្រជាជន​បាន​កាន់កាប់​កន្លងមក ត្រូវ​ផ្តល់​កម្មសិទ្ធិ​ជូន​គាត់​ឱ្យស្រប​ច្បាប់​”​។

​ដោយឡែក​សាលដីកា​តុលាការ​កំពូល លេខ​២៦០(​ខ​)​ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ សម្រេច​តម្កល់​សាលដីកា​រដ្ឋប្បវេណី​រប​ស់​សាលាឧទ្ធរណ៍​លេខ​២៤​ក្រ​៣”​ណ​”​ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ដដែល ដែលមាន​ខ្លឹមសារ​ថា “​បញ្ជូន​សំណុំរឿង​រដ្ឋប្បវេណី​លេខ​៣៩២ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៤ របស់​សាលាឧទ្ធរណ៍ ទៅ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បីឱ្យ​សាលាដំបូង​ខេត្តកណ្ដាល បង្គាប់​ឱ្យ​ដើមចោទ​កែតម្រូវ​ចំណុច​ខ្វះខាត រៀបចំ​ចំណុច​វិវាទ​នៃ​រឿងក្តី កំណត់​ទីតាំង និង ទំហំ​ដី​ទំនាស់​ឱ្យបាន​ត្រឹមត្រូវ​”៕

ទីតាំងផ្សាយពាណិជ្ជកម្ម