ដោយៈ ថុ​ន ស្រី​ពេជ្រ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តព្រៃវែង​/ភ្នំពេញ៖ខ្ញុំ​ឈ្មោះ យ៉ាន់ វ៉ាន់ អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​សាញ់ ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង​។ ឪពុក​ខ្ញុំ​ឈ្មោះ កៅ យ៉ាន់ ធ្លាប់​ធ្វើជា​ជំទប់​ទី​១ នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង​ម្តាយ​ឈ្មោះ ជា យឿន គឺជា​កសិករ​។ ម្ដាយ​របស់ខ្ញុំ​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម ដោយសារ​មិនមាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​មិនមាន​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​។ ខ្ញុំ​មាន​បងប្អូន​ចំនួន​១១​នាក់ ក្នុងនោះ​ស្រី​ចំនួន​៦​នាក់​ហើយ​សព្វថ្ងៃ​បងប្អូន​របស់ខ្ញុំ​នៅ​រស់រានមានជីវិត​តែ​៣​នាក់​ប៉ុណ្ណោះ​។

​ខ្ញុំ​ចូលរៀន​ដំបូង​នៅ​អាយុ​១៤​ឆ្នាំ ជាមួយ​ព្រះសង្ឃ​នៅ​វត្ត​សំរោង​វត្ត​។ ខ្ញុំ​រៀន​ជាមួយ​ក្មេងៗ​ឯទៀត អំពី​អក្សរសាស្ត្រ​ខ្មែរ លេខនព្វន្ត បូក​ដក គុណ​ចែក រួមទាំង​ចំណោទ​។ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០​។ មកដល់​របប លន់ នល់ ខ្ញុំ​លែង​បាន​រៀន​តទៅទៀត ដោយសារ​នៅក្នុង​ភូមិ​ចាប់ផ្តើម​មានការ​ទម្លាក់​គ្រាប់បែក​។ ប្រជាជន​តែង​នាំគ្នា​រត់​ចូល​ពួន​ក្នុង​លេណដ្ឋាន ដើម្បី​គេច​ពី​ការទម្លាក់​គ្រាប់បែក​។ ផ្ទះសម្បែង សត្វពាហនៈ និង​មនុស្ស​មួយចំនួន​បាន​ស្លាប់​។ នៅ​ឆ្នាំ​១៩៧៥ ពេល​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​ទៅលើ​របប លន់ នល់ ទាំងស្រុង ខ្ញុំ​ត្រូវបាន​អង្គការ​បញ្ជូន​ចូលទៅក្នុង​កង​ពិសេស​ដើម្បី​ធ្វើ​ការងារ​ជីក​ប្រឡាយ​។ ខ្ញុំ​ជីក​ព្រែក និង​ប្រឡាយ​ពី​ឈើទាល ដល់​បឹង​ខ្ញី​។ ក្រៅពីនេះ ខ្ញុំ​បាន​ជីក​ប្រឡាយ​នៅ​ស្រុក​កំចាយមារ​។​

យ៉ាន់ វ៉ាន់ រស់នៅ​ភូមិ​ឬ​ស្សី​សាញ់ ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង​។ យ៉ាន់ វ៉ាន់ ផ្ដល់​បទសម្ភាសន៍​អំពី​រឿងរ៉ាវ​នៅក្នុង​របប​ខ្មែរក្រហម ដល់​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង នៅ​អំឡុងពេល​ចូលរួម​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ឆ្នាំ​១៩៧៦ ពេល​ខ្ញុំ​ត្រឡប់​មកដល់​ភូមិ​វិញ អង្គការ​បាន​ផ្សំផ្គុំ និង​រៀបការ​ប្រពន្ធ​ឲ្យ​ខ្ញុំ​។ ពិធី​រៀបការ​ខ្ញុំ​រៀបចំ​ធ្វើ​នៅ​វត្ត​ជី​ផុ​ច រួមជាមួយ​គូ​ផ្សេងទៀត​សរុប​ទាំងអស់​ចំនួន​១៧០​គូ មកពី​ភូមិ​ទាំង​១៨​ក្នុង​ឃុំ​ជី​ផុ​ច​។ ពិធី​រៀបការ​នេះ​ថ្វីត្បិតតែ​មាន​ច្រើន​គូ​ពិតមែន ប៉ុន្តែ​ខ្ញុំ​សង្កេតឃើញថា​មាន​មនុស្ស​មិនតិច​ទេ​មិន​ពេញចិត្ត​ទៅនឹង​ការផ្សំផ្គុំ​របស់​អង្គការ ព្រោះ​ពុំបាន​ស្រឡាញ់គ្នា និង​ពុំដែល​ធ្លាប់​ជួបគ្នា​ពីមុនមក​។ អ្នកខ្លះ​នៅពេល​រៀបការ​រួច​ក៏រ​ត់ទៅ​សម្លាប់ខ្លួន រីឯ​អ្នក​ខ្លះទៀត​ទៅ​ពួន​យំ​មិន​ឲ្យ​អង្គការ​ដឹង​ឡើយ​។ នៅក្នុង​ពិធី​រៀបការ​របស់ខ្ញុំ​មិនមាន​ខោអាវ​ថ្មី​សម្រាប់​ស្លៀកពាក់​ទេ​។ ខោអាវ​ដែល​ខ្ញុំ​ស្លៀក​ក្នុង​ថ្ងៃ​រៀបការ គឺ​ខោអាវ​ប្រឡាក់​សុទ្ធតែ​ភក់​។ ខ្ញុំ​និង​ភរិយា​បាន​ប្តេជ្ញា​ចំពោះ​អង្គការ​ថា​យើង​នឹង​ស្រឡាញ់គ្នា​អស់​មួយជីវិត​។ បន្ទាប់ពី​រៀបការ​រួច​បាន​រយៈពេល​៣​ថ្ងៃ ខ្ញុំ​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ហៅ​ឲ្យ​ទៅ​រៀន​វគ្គ​នយោបាយ និង​ត្រៀម​ចូល​បម្រើ​យោធា​។ ការរៀនសូត្រ​នោះ​ខ្មែរក្រហម​បណ្តុះ​ស្មារតី​ឲ្យ​ក្រុម​យោធា​មាន​ភាពស្វាហាប់ រឹងមាំ ក្លាហាន និង​មិន​ខ្លាច​ក្នុង​ការចូល​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ បើទោះបី​ជាមាន​គ្នា​តែ​៣​នាក់​ក៏​មិន​រាថយ​ដែរ​។ ខ្ញុំ​ត្រៀមខ្លួន​រួចជាស្រេច ប៉ុន្តែ​ខ្ញុំ​មិនដែល​បាន​ចូល​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​ឡើយ ព្រោះ​ខ្ញុំ​ត្រូវ​ផ្លាស់​មក​នៅ​ជិត​ក្រុង​ព្រៃវែង​ដើម្បី​មក​មើល​ការខុសត្រូវ​កន្លែង​ធ្វើ​ត្រី​ប្រហុក​។ ការ​មក​ធ្វើការ​នៅ​ជិត​ក្រុង​ព្រៃវែង​នេះ ខ្ញុំ​មិនដែល​មានទំនាស់​ជាមួយ​សមាជិក​នៅក្នុង​ក​ង​ឡើយ ខ្ញុំ​រួសរាយ ខ្ញុំ​ដាក់ខ្លួន និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​។ លើសពីនេះ ខ្ញុំ​ក៏​បំពេញចិត្ត​គណៈ​ស្រុក​ពាម​រក៍​ដែល​គ្រប់គ្រង​នៅ​ទី​នោះដែរ​។ ជា​រៀងរាល់ថ្ងៃ ខ្ញុំ យក​ត្រី​ធំៗ​បាន​ពី​ខាង​នេសាទ និង​បាយដំណើប​ទៅជូន​គណៈ​ស្រុក​។

​នៅ​ដើមខែ​មករា ឆ្នាំ​១៩៧៩ គណៈ​ស្រុក​ពាម​រក៍​ឲ្យ​ខ្ញុំ​ជិះ​កប៉ាល់​ឆ្ពោះទៅកាន់​តំបន់​ភាគ​ខាងលិច​។ កាលនោះ​ខ្ញុំ​មិន​ចង់ទៅ​ទេ​ព្រោះ​ខ្ញុំ​ដឹងថា​នៅ​ទីនោះ​មានការ​លំបាក​ទាំង​ការងារ ការហូបចុក និង​ការ​ស្នាក់នៅ ជាពិសេស​បើ​ធ្វើ​ការងារ​មិនល្អ​នឹងត្រូវ​នាំខ្លួន​យកទៅ​សម្លាប់ចោល ដូច្នេះ​ខ្ញុំ​ក៏​សុំ​អនុញ្ញាត​ពី​អង្គការ​ត្រឡប់មកផ្ទះ​វិញ​។ នៅពេល​មកដល់​ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខ្ញុំ​បាន​ជួប​ប្រពន្ធ​របស់ខ្ញុំ បន្ទាប់មក​យើង​នាំគ្នា​វិល​ត្រឡប់មកផ្ទះ​វិញ​។ កាលនោះ​ប្រសិនបើ​ខ្ញុំ​ទៅ​ភាគ​ខាងលិច ប្រហែលជា​ខ្ញុំ​ស្លាប់​បាត់ទៅហើយ ព្រោះ​ប្រជាជន​ភាគច្រើន​ដែល​ទៅ​រស់នៅ​តំបន់​នោះ​មិនមាន​ជីវិត​រស់នៅ​ច្រើន​ទេ​។ ជាក់ស្តែង ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ​ចំនួន​៥​គ្រួសារ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅ​តំបន់​ភាគ​ខាងលិច​បាន​ស្លាប់​ស្ទើរ​ទាំងអស់ គឺ​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រានមានជីវិត​ដោយសារតែ​គាត់​ធ្វើ​ពុត​ជា​ស្លាប់ នៅពេល​កម្មាភិបាល​ខ្មែរក្រហម​បាន​អាក​របស់គាត់​ទម្លាក់​ចូលទៅក្នុង​រណ្តៅ​នៅពេល​យប់​។

យ៉ាន់ វ៉ាន់ ទទួល​កញ្ចប់​អនុស្សាវរីយ៍​ពី​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ក្រោយមក ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​មេភូមិ​ឫស្សី​សាញ់ ហើយ​ខ្ញុំ​តែងតែ​ចែករំលែក​រឿងរ៉ាវ​ដែល​ខ្ញុំ​ឆ្លងកាត់​ទៅ​ក្មេងជំនាន់ក្រោយ​ឲ្យ​បានដឹង និង​យកទៅ​គិតពិចារណា បើទោះជា​ក្មេងៗ​ទាំងនោះ​ជឿ​ឬ​ពុំ​ជឿ​ក៏ដោយ​។ ខ្ញុំ​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ចេះ​ស្រឡាញ់គ្នា និង​កុំ​យក​គំរូ​តាម​ការដឹកនាំ​របស់​ខ្មែរក្រហម ដែល​នាំ​ឲ្យ​មានការ​កាប់សម្លាប់ និង​ធ្វើ​ឲ្យ​បាត់បង់​ធនធានមនុស្ស​៕​សរន​