ដោយ​៖ សៀង កញ្ញា អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​/ភ្នំពេញ៖ខ្ញុំ​ឈ្មោះ ជា លន់ អាយុ ៧២​ឆ្នាំ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ​។ កាលពី​កុមារភាព​ខ្ញុំ​រៀន​នៅ​សាលា​វត្ត​ដើម​បេង ប៉ុន្តែ​បច្ចុប្បន្ន​សាលា​នេះ​ត្រូវបាន​ដូរ​មក​ហៅថា​សាលា​ផាន់​ផន​វិញ​។ ខ្ញុំ​រៀន​ដល់​ថ្នាក់​ទី​៩​កាលពី​សង្គមចាស់ បើ​ធៀប​នឹង​ឥឡូវ​ស្មើ​ថ្នាក់​ទី​៣ ព្រោះ​កាលពី​សង្គមចាស់​រាប់​ប​ញ្ច្រា​ស់មក​វិញ​។ ខ្ញុំ​គឺជា​ក្មេង​កំព្រា ហើយ​ត្រូវបាន​មីង​យកមក​ចិញ្ចឹម ដោយសារ​គាត់​មានកូន​បង្កើត​តែ​ម្នាក់​។ មីង​របស់ខ្ញុំ​បាន​យក​ខ្ញុំ​មក​នៅ​ជាមួយ​គ្រាន់​បានជា​គ្នា​។​

​ឪពុក​របស់ខ្ញុំ​ស្លាប់​ក្នុង​ជំនាន់​ឥស្សរ​នៅ​ខេត្តបាត់ដំបង ដោយសារ​សម័យ​នោះ​គាត់​ធ្វើ​ការងារ​ខាង​កាប់​ដើមឈើ​ធំៗ ហើយ​ក្រោយមក​គាត់​ក៏​ធ្លាក់ខ្លួន​ឈឺ​មើល​មិនជា​រហូតដល់​ស្លាប់​។ ខ្ញុំ​គិតថា ឪពុក​ខ្ញុំ​ស្លាប់​ដោយសារ​ព្រាយ​ដើមឈើ​កាច់​គាត់​។ ចំណែកឯ​ម្តាយ​របស់ខ្ញុំ​ស្លាប់​នៅក្នុង​ខេត្តពោធិ៍សាត់​ដោយសារ​អត់​អាហារ​នៅក្នុង​របប​ខ្មែរក្រហម​។​

ជា លន់ អាយុ​៧២​ឆ្នាំ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ខ្ញុំ​បាន​រៀបការ​នៅ​អាយុ​១៧​ឆ្នាំ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ជូរ ឈិន រស់នៅក្នុង​ភូមិ​ដើម​បេង​ជាមួយគ្នា​។ ក្រោយពី​រៀបការ​រួចហើយ​ខ្ញុំ​មានកូន​២​នាក់​។ នៅ​ឆ្នាំ​១៩៧០ អាចារ្យ អ៊ុន មក​ហៅ​ប្តី​របស់ខ្ញុំ​ឲ្យ​ចូលធ្វើ​ទាហាន លន់ នល់ ហើយ​ប្តី​របស់ខ្ញុំ​ក៏បាន​ចាក​ចេញទៅ​។ ក្រោយមក ខ្ញុំ​បាន​ប្រាប់​ប្តី​របស់ខ្ញុំ​ឲ្យ​ឈប់​ធ្វើ​ទាហាន លន់ នល់ ព្រោះ​ខ្ញុំ​ដឹងថា​ប្តី​របស់ខ្ញុំ​ខ្លាច​ស្នូរ​កាំភ្លើង​ខ្លាំងណាស់​។ ខ្ញុំ​មិន​ចង់​ឲ្យ​ប្តី​របស់ខ្ញុំ​ទៅ​សមរភូមិ​ទេ​។​

​ខ្ញុំ​បាន​ជិះ​ម៉ូតូ​សេ​អិ​ល​របស់ខ្ញុំ​ទៅយក​ប្តី​របស់ខ្ញុំ​នៅ​បន្ទាយ​ទាហាន​នៅក្នុង​ស្រុក​គិរីវង់​។ ប្តី​របស់ខ្ញុំ​ព្រ​ត្រឡប់មក ផ្ទះ​ជាមួយ​ខ្ញុំ ហើយ​មេបញ្ជាការ​ប្តី​ខ្ញុំ​បាន​ឲ្យ​កាំភ្លើង​មួយ​ដើម​មក​ប្តី​របស់ខ្ញុំ​ដាក់​ជាប់​ខ្លួន​រហូតមក​ដល់ផ្ទះ​។ មកដល់​ឆ្នាំ​១៩៧៤ ខ្ញុំ​និង​ប្តី​បាន​ភៀសខ្លួន​មក​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ប្រកប​របរ​លក់​ម៉ូតូ​។ យើង​ទាំងពីរ​នាក់​ទិញ​ម៉ូតូ​ពី​ភ្នំពេញ​យកទៅលក់​នៅ​ខេត្តបាត់ដំបង ដោយ​ដឹក​តាម​យន្តហោះ​ឈ្នួល​។ ខ្ញុំ​ជួញដូរ​ម៉ូតូ​បានតែ​ពីរ​ជើង​ប៉ុណ្ណោះ យោធា​ខ្មែរក្រហម​វាយ​រំដោះ​បាន​ក្រុងភ្នំពេញ ហើយ​យើង​ទាំងពីរ​នាក់​ក៏​ជាប់​នៅក្នុង​ខេត្តបាត់ដំបង​។ ខ្ញុំ តែងតែ​លាក់​ប្រវត្តិ​មិន​ឲ្យ​ខ្មែរក្រហម​និង​អ្នកជិតខាង​ដឹងថា​ប្តី​របស់ខ្ញុំ​ធ្លាប់ធ្វើ​ទាហាន​ឡើយ​។​

ជា លន់ ផ្តល់​បទសម្ភាសន៍​អំពី​រឿងរ៉ាវ​នៅក្នុង​របប​ខ្មែរក្រហម​ដល់ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា កាលពី​ខែសីហា ឆ្នាំ​២០២២​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ខ្ញុំ​និង​ប្តី​របស់ខ្ញុំ​រស់នៅក្នុង​ស្រុក​មោង ដែលជា​ស្រុកកំណើត​របស់​ឪពុក​ខ្ញុំ​។ នៅក្នុង​របប​ខ្មែរក្រហម ប្រធានភូមិ​បាន​ឲ្យ​ខ្ញុំ​ធ្វើការ​នៅ​រោង​បាយ និង​ដឹក​បាយ​សម្ល​ឲ្យ​ប្រជាជន​ដែល​ចេញទៅ​ធ្វើការ​នៅតាម​ការដ្ឋាន​ផ្សេងៗ​។ នៅពេលនោះ ខ្ញុំ​គឺជា​ប្រជាជន​១៧​មេសា ប៉ុន្តែ​ដោយសារ​ខ្ញុំ​មាន​ចិត្តល្អ មាន​សុជីវធម៌​ល្អ ទើប​ប្រជាជន​ទូទៅ​ស្រឡាញ់​រាប់អាន​ខ្ញុំ​។ ចំណែកឯ​ប្តី​របស់ខ្ញុំ​ប្រធានភូមិ​ឲ្យ​គាត់​ទៅ​នៅក្នុង​ផ្នែក​សេដ្ឋកិច្ច​គឺជា​កន្លែង​បើក​អង្ករ​ឲ្យ​អ្នក​នៅតាម​កង​នីមួយៗ​។​

​នៅពេលនោះ​ខ្មែរក្រហម​នៅ​ក្នុងភូមិ​នឹកស្មានថា​ខ្ញុំ​មិនចេះ​ដកសំណាប ព្រោះ​ខ្ញុំ​គឺជា​ប្រជាជន​ថ្មី ក៏​សាកល្បង​ឲ្យ​ខ្ញុំ​ចុះទៅ​ដកសំណាប​ម្នាក់ឯង​ឲ្យ​បាន​ពីរ​ផ្លូន​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ខ្ញុំ​អាចធ្វើ​បាន ព្រោះ​ខ្ញុំ​គឺជា​កូន​អ្នកស្រែ​ស្រាប់ និង​មិន​រួញរា​ជាមួយ​ការងារ​បែបនេះ​ឡើយ​។ ក្រោយមកទៀត ខ្មែរក្រហម​បាន​ខ្ញុំ​ឲ្យ​ទៅបុក​អង្ករ ក៏​ខ្ញុំ​ចេះ​បុក​អង្ករ​យ៉ាង​ស្ទាត់ជំនាញ ព្រមទាំង​ចេះ​បុក​អង្ករ​បន្លឺឡើង​ដូចជា​សំឡេង​ភ្លេង​ពិ​រោះ​ទៀត​។ ពេលដែល​ប្រធានភូមិ​ដឹងថា​ខ្ញុំ​ចេះ​ធ្វើ​ការងារ​ច្រើន​មុខ ក៏​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​។ ការងារ​ប្រធាន​ក្រុម​មិន​ពិបាក​ដូច​អ្នក​ដែល​នៅក្រោម​បង្គាប់​នោះទេ​។ ខ្ញុំ​គ្រាន់តែ​ដើរ​មើល និង​ដើរ​ប្រាប់​សមាជិក​ក្រុម​តែប៉ុណ្ណោះ​។ ជីវិត​ខ្ញុំ​កាលពី​ជំនាន់​នោះ​មិនសូវ​លំបាក​ពេក​ទេ​។ នៅ​តំបន់​របស់ខ្ញុំ​រស់នៅ​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​មិន​ខ្វះខាត​ឡើយ​។ បន្ទាប់មក ឮដំណឹង​ថា​កងទ័ព​វៀតណាម​វាយ​ចូលមក​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​រំដោះប្រជាជន​ចេញពី​របប​ខ្មែរក្រហម ទើប​ខ្ញុំ​និង​ប្តី​នាំគ្នា​ត្រឡប់មក​ស្រុក​វិញ​។ យើង​បានធ្វើ​ដំណើរ​អស់​រយៈពេល​២៨​ថ្ងៃ​ចេញពី​ខេត្តបាត់ដំបង ទើប​មកដល់​ស្រុក​គីរីវង់​។​

​ជា លន់ (​រូប​ឈរ​កណ្តាល​) ទទួល​ប្រអប់​អនុស្សាវរីយ៍​ពី​អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​បន្ទាប់មក ប្តី​របស់ខ្ញុំ​ត្រូវបាន​ប្រជាជន​ស្នើ​ឲ្យ​ឡើង​ធ្វើជា​មេភូមិ ព្រោះ​ប្តី​របស់ខ្ញុំ​គឺជា​មនុស្ស​ស្លូតត្រង់ ហើយ​ថែមទាំង​មានចំណេះដឹង​ទៀត​។ ក្រោយមក ប្តី​របស់ខ្ញុំ​បាន​ស្លាប់​នៅក្នុង​ឆ្នាំ​១៩៨៤ ដោយសារ​កងទ័ព​ខ្មែរក្រហម​បាញ់ នៅពេលដែល​ប្តី​របស់ខ្ញុំ​ទៅ​ចូលរួម​ក្នុង​ផែនការ «​ក​៥»​។ នៅពេលដែល​ប្តី​របស់ខ្ញុំ​ស្លាប់ ខ្ញុំ​ទើបតែ​មានកូន​ខ្ចី​មួយទៀត​ដែលមាន​អាយុ​ទើបតែ​មួយខែ​។ ខ្ញុំ​គ្មាន​កម្លាំង​ធ្វើ​អ្វី​ឡើយ ក្រៅពី​យំសោក​ស្តាយស្រណោះ​ប្តី​។ បន្ទាប់ពី​បាត់បង់​ប្តី ខ្ញុំ​ខិតខំ​ប្រឹងប្រែង​រកស៊ី​ដើម្បី​ចិញ្ចឹម​កូន​ទាំង​៧​នាក់​។ ក្រោយមក ខ្ញុំ​គិតថា​ប្តី​របស់ខ្ញុំ​ស្លាប់​ដោយ​បុព្វហេតុ​ជាតិ ដូច្នេះ​ខ្ញុំ​ក៏​បន្តការងារ​ពី​ប្តី​ដើម្បី​ជួយ​អភិវឌ្ឍន៍​ភូមិ​ឃុំ​ឲ្យ​បាន​ប្រសើរឡើង ហើយ​ពេលបច្ចុប្បន្ន​ខ្ញុំ​គឺជា​សមាជិក​ភូមិ​ដើម​បេង ទទួលបន្ទុក​ការងារ​យេនឌ័រ​៕​សរន​