​ដោយៈ សុ​ផានី​តា / កោះកុង​៖ភិបាលស្រុក​មណ្ឌលសីមា បានលើកឡើង​ថាៈ អាជ្ញាធរ​ខេត្តកោះកុង សហការ​ជាមួយ ឧកញ៉ា លី យ៉ុង​ផាត់ ដោយ​រួមគ្នា​ផ្តោតលើ ការសិក្សា​អភិវឌ្ឍន៍​គម្រោង​កសាង​អគារ​ថ្មី ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន អន្តរជាតិ​ចាំ​យាម ខណៈ​បច្ចុប្បន មាន​សភាព​តូចចង្អៀត​។​

​ដើម្បី​លើកកម្ពស់​នូវ​កិត្យានុភាព មុខមាត់​ប្រទេស​កម្ពុជា ដែលមាន​ខេត្តកោះកុង ព្រំដែន​គោក និង​ផ្លូវទឹក ជាប់​នឹង​ស្រុក​ខ្លងយ៉ៃ ប្រទេស​ថៃ អាជ្ញាធរខេត្ត បាន​នឹង​កំពុង​សិក្សា ពិនិត្យ​វាយតម្លៃ ទាំង​ការចំណាយ និង​បច្ចេកទេស លើ​គម្រោង​សង់​អគារ​ថ្មី ច្រកទ្វារព្រំដែន អន្តរជាតិ ចាំ​យាម នៅពេល​ខាងមុខ​។​

​លោក ប្រាក់ វិចិត្រ អភិបាលស្រុក​មណ្ឌលសីមា បានឱ្យដឹង​កាលពីពេល​ថ្មីៗ កន្លងទៅនេះ យ៉ាង​ដូច្នេះ​ថាៈ តំបន់​ព្រំដែន​ចាំ​យាម មាន​លក្ខណៈ​តូចចង្អៀត ចាស់​ទ្រុឌទ្រោម​ខ្លាំង ជា​បន្តបន្ទាប់ ដោយឡែក ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​វិញ មិនសូវ​ស្រប តាម​ស្តង់ដារ បច្ចេកទេស ផងដែរ​។ ជួប​ការលំបាក​ខ្លាំង​គួរសម ពិសេស​បញ្ហា​រឿង សណ្តាប់ធ្នាប់ ព្រមទាំង​ការធ្វើ បែបបទ​ឆ្លងដែន ឬ​ចរាចរណ៍​ទំនិញ​ពាណិជ្ជកម្ម​ទៅមក ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ ភាគី​ថៃ ល្អប្រសើរ​ជាង​ខ្លួន​។​

​គម្រោង​ដ៏​មាន​អាទិភាព​នេះដែរ លោក​អភិបាលស្រុក​មណ្ឌលសីមា បាន​អះអាងថា ឧកញ៉ា លី យ៉ុង​ផាត់ បានរួម​ចំណែក​ឈានមុខ​គេ លើ​ការផ្តល់​ដី សម្រាប់​ទីតាំង​សាងសង់ ប្រសិន​គម្រោង​សិក្សា ដាក់ចេញ​អនុវត្ត​ជា​ផ្លូវការ​។​

​លោក ប្រាក់ វិចិត្រ ក៏​រំពឹង​ខ្ពស់​ថា នៅពេល​គម្រោង​ដំណើរ និង​បញ្ចប់ តំបន់​ព្រំដែន​ចាំ​យាម ត្រូវបាន​លើកកម្ពស់​មុខមាត់ នូវ​កិត្យានុភាព​យ៉ាងខ្លាំង តាមរយៈ​ការទទួលស្គាល់​ពី​ភាគី​ថៃ ពលរដ្ឋ និង​ភ្ញៀវទេសចរ​។​

​បើតាម​ការ​បង្ហើប​រប​ស់​អាជ្ញាធរ ស្រុក​មណ្ឌលសីមា គំរូ​ប្លង់​អគារ​ថ្មី ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម មាន​ប្រវែង ៧៥ ម៉ែត្រ​។ ប៉ុន្តែ​បែបនេះ​ក្តី លោក ប្រាក់ វិចិត្រ អភិបាលស្រុក​មណ្ឌលសីមា យល់ថា ពុំទាន់​ដឹងថា នឹង​អនុវត្ត​ជា​ផ្លូវការ​ពេលណា ឬ​ចំណាយ​ថវិកា អស់​ប៉ុន្មាន ដោយ​រង់ចាំ​លទ្ធផល​សិក្សា ពី​រដ្ឋបាលខេត្ត​។ ទាំង​លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ ច្រកទ្វារព្រំដែន​អន្តរជាតិ ចាំ​យាម និង ប្រជាពលរដ្ឋ ធ្វើ​អាជីវកម្ម​តាម​ព្រំដែន សម្តែង​នូវ​ក្តី​ពេញចិត្ត​យ៉ាងខ្លាំង ពេល​ទទួលបាន ដំណឹង​នេះ​។​

​លោក សុវណ្ណ ប៊ុនធឿន និង​ប្រជាពលរដ្ឋ​អាជីវករ ចាត់ទុកថា គម្រោង​ដែលមាន​តម្រូវការ ចាំបាច់​មួយ​នេះដែរ នឹងធ្វើ​ឱ្យ​មាត់​មុខ​តំបន់​ច្រកទ្វារព្រំដែន ក៏ដូចជា ខេត្តកោះកុង ជឿនលឿន​អភិវឌ្ឍន៍ ប្រែប្រួល​ថ្មី ពី​សមិទ្ធផល​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ឧ​ស្សហកម្ម​ការងារ​៕/V​