ដោយ​: សុផល / ភ្នំពេញ​: ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ដែល​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ការងារ​សង្គម បាន​ដំណើរការ​កម្មវិធី​កសិកម្ម​សហគមន៍ ជាមួយ​ប្រជាកសិករ ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ ។​

​កម្មវិធី​ដែល​បាន​ដំណើរការ នាពេលនេះ រួមមាន បច្ចេកទេស​ចិញ្ចឹម​ជន្លេន និង​ការបរិច្ចាគ គ្រាប់ពូជ បន្លែ ។​

​កម្មវិធី​ទីមួយ គឺ​ការផ្តល់​សិក្ខាសាលា ស្តីពី​បច្ចេកទេស​ចិញ្ចឹម​ជន្លេន ។ នៅពេល ជន្លេន ស៊ី រូបធាតុ​រលួយ (​ដែល​យក​មកពី​ផ្ទះបាយ​) លាមក​គោ ឬ ចំបើង ជាដើម ជន្លេន នឹង​បញ្ចេញ មកវិញ​នូវ​លាមក ដែលមាន​សារធាតុចិញ្ចឹម ជាច្រើន ។ លាមក​ជន្លេន​ទាំងនោះ នឹង​ក្លាយជា​ជីធម្មជាតិ និង​ធ្វើ​ឲ្យ​ដី មាន​ជីជាតិ​ឡើងវិញ សម្រាប់​ដំណាំ និង​បន្លែ ។ វិធីសាស្ត្រ​នេះ ជួយ​កាត់បន្ថយ​សំរាម និង​កាត់បន្ថយ​ការដុត​វា​ចោល ដែល​ប៉ះពាល់ ដល់​បរិស្ថាន និង​សុខភាព ។ លើសពីនេះ ប្រជាកសិករ ចំណាយ​ដើមទុន​តិច​បំផុត ក្នុងការ ចិញ្ចឹម​ជន្លេន ហើយ​ពួកគេ ក៏​នឹង​អាច​លក់​ជន្លេន ដើម្បី​ធ្វើជា​ចំណី​ត្រី ដែល​អាច​បង្កើន ប្រភព​ចំណូល​បន្ថែម​ផងដែរ ។​

​កម្មវិធី​ទី​ពីរ គឺ​ការបរិច្ចាគ​គ្រាប់ពូជ​បន្លែ ។ នេះ​ជា​កម្មវិធី ដែល​បានមកពី​ការចូលរួម របស់​បុគ្គលិក​ណាហ្គា​វើ​លដ៍ ដែល​ពួកគេ បាន​ចូលរួម​ហាត់ប្រាណ ក្នុងអំឡុងពេល​បិទ​ខ្ទប់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ កាលពី​ឆ្នាំមុន ។ ចំនួន​ម៉ោង ឬ​ចម្ងាយ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ របស់​ពួកគេ ដូចជា ការដើរ រត់ ឬ​ជិះ​កង់​ជាដើម ត្រូវបាន​គណនា ទៅជា​ចំនួន​គ្រាប់ពូជ​បន្លែ សម្រាប់​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ ក្នុងស្រុក​អង្គស្នួល ។​

​លោក Pern Chen នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ បាន​ឲ្យ​ដឹងថាៈ “ នៅពេល បុគ្គលិក កាន់តែច្រើន ចូលរួម​ហាត់ប្រាណ មានន័យថា ពួកគេ​អាច​រក​គ្រាប់ពូជ​បន្លែ បាន កាន់តែច្រើន សម្រាប់​ប្រជាកសិករ ក្នុងស្រុក​អង្គស្នួល ។ មាន​បុគ្គលិក​របស់​យើង​ជាច្រើន បាន​ចូលរួម​ហាត់ប្រាណ និង​រក្សា​របៀប​រស់នៅ​សកម្ម និង​ប្រកបដោយ​សុខភាព​ល្អ ក្នុងអំឡុងពេល​បិទ​ខ្ទប់ ។ ពួកគេ បាន​ខិតខំ​ហាត់ប្រាណ ដើម្បី​សុខភាព​ល្អ​ផង និង​ជួយ ដល់​សហគមន៍​របស់​ពួកគេ​ផង ” ។​

​សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពី​បច្ចេកទេស​ចិញ្ចឹម​ជន្លេន និង​ការបរិច្ចាគ​គ្រាប់ពូជ​បន្លែ​នេះ ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃទី​២០ ខែសីហា នេះ នៅ​សាលាស្រុក​អង្គស្នួល ក្រោម​អធិបតីភាព លោក សាន វ៉ាន់ ធុល អភិបាលរង នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល ។

​លោក សាន វ៉ាន់​ធុល បាន​មានប្រសាសន៍ថាៈ “ យើង​សូម​ថ្លែងអំណរគុណ ចំពោះ​គំនិត​ផ្តួចផ្តើម ដ៏​មាន​សារសំខាន់​នេះ របស់​ណាហ្គា​វើ​លដ៍ បេះដូង​សប្បុរស ដែល ផ្តល់​ចំណេះដឹង និង​ប្រយោជន៍​ជាច្រើន ដល់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​របស់​យើង ។ ការបរិច្ចាគ​គ្រាប់ពូជ​បន្លែ នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ អាច​ដាំ​ដុះ ដើម្បី​បង្កើន​ប្រាក់ចំណូល បន្ថែម ខណៈដែល​ការចិញ្ចឹម​ជន្លេន គឺជា​វិធីសាស្ត្រ​ថ្មី ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម របស់ យើង ” ។​

​គួរ​បញ្ជាក់ថា ណាហ្គា​វើ​លដ៍ បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង ក្នុង​ខែមីនា ឆ្នាំ​២០១៤ ដោយ​បុគ្គលិក​ដែលមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន ដើម្បី​លើកកម្ពស់​ការធ្វើការ​ស្ម័គ្រចិត្ត សម្រាប់​សង្គម​កម្ពុជា ដោយ​ផ្តោតទៅលើ​សសរស្តម្ភ សំខាន់ ៤ គឺ ការលើកកម្ពស់​វិស័យ អប់រំ ការផ្សារភ្ជាប់​ជាមួយ​សហគមន៍ ការអភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន ។ មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុជា ជាង ៤៦៣.០០០ នាក់ បានទទួល​ប្រយោជន៍ ពី កម្មវិធី​ទាំងនេះ ៕/V​