​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ក​ម្មុយ​នី​ស្ត​ចិន ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា ឲ្យ​កាន់តែ​ល្អប្រសើរ ឡើង​ថែមទៀត​។ ការប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់ទំនង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិសេស រវាង​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម រតនាទេវី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​លោក លីវ ជាន​ចាវ រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​នី​ស្ត​ចិន នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នេះ នៅ​ព្រះ​ដំណាក់​ផ្លូវ​សម្តេច​ប៉ាន សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ខណៈ​លោក​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​។​

​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញឿ​ន រ៉ា​ដែន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ជំនួប​ចប់​ថា នៅក្នុង​ជំនួប​ពិសេស រវាង​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម រតនាទេវី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​លោក លីវ ជាន​ចាវ រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​នី​ស្ត​ចិន គឺ​បាន​ផ្តោតទៅលើ​ទំនាក់ទំនង រវាង​គណបក្ស​ទាំងពីរ ដែល​បាន​បន្សល់ទុក​ឡើង ជាពិសេស​អនុស្សាវរីយ៍​ជាច្រើន ដែល​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​ភាគី​ចិន បាន​សាង​រួមគ្នា​។ ជាពិសេស គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​កេរ្តិ៍ដំណែល​ដ៏​ពិសិដ្ឋ នៃ​សម្តេចព្រះ នរោត្តម សីហនុ​។

​លោក ញឿ​ន រ៉ា​ដែន បានបញ្ជាក់​ថាៈ “​ភាគី​ចិន​នៅតែ​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ ជាមួយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ជាពិសេស​ផ្តោតលើ​ការយកចិត្តទុកដាក់ ក្នុងការ​ធ្វើយ៉ាងណា ជួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តាមរយៈ​ការបណ្តុះបណ្តាល​យុវជន​យើង​កាន់តែ​ខ្លាំងក្លា​។ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម រតនាទេវី បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ចិន ដែល​បានផ្តល់ ជំនួយ​ជាច្រើន មកដល់​ប្រទេស​កម្ពុជា​យើង ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជាដើម​”​។​

​សូមជម្រាបថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក លីវ ជាន​ចាវ បាន​អញ្ជើញ​ជួប ពិភាក្សា​ការងារ​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា នា​វិមាន ៧​មករា នៃ​ទីស្នាក់ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នេះ​៕/V