ដោយ​៖ដេប៉ូ/​ភ្នំពេញ​៖​ក្រសួង​អប់រំ​សម្រេច​ពន្យារពេល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប ពីថ្ងៃ​ទី​១៤-១៥ ខែវិច្ឆិកា​ទៅ​ថ្ងៃទី​២១-២២​ខែវិច្ឆិកា​ឆ្នាំ​២០២២​វិញ​។​នេះ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​
​ការពន្យារពេល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​
​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០២២​នេះ​។​

​សេចក្តីជូនដំណឹង​ថា​បញ្ជាក់ថា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​ជា​ម្ចាស់ផ្ទះ ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង ៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ គ្រោង​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១០-១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។​

​ដើម្បី​បញ្ចៀស​ការរំខាន​នានា​ដល់​កិច្ចប្រជុំ​ខាងលើ និង​ដើម្បី​ធានាថា​ដំណើរ​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន ក្រសួង​សម្រេច​ពន្យារពេល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិឆ្នាំ​សិក្សា ២០២១-២០២២ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​១៤ និង​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ទៅ​ថ្ងៃ ទី​២១ និង​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ វិញ​។
ក្រសួង​នឹង​ផ្សព្វផ្សាយ​កម្មវិធី​ការងារ​លម្អិត​ស្តីពី​ការរៀបចំ និង ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តាម​ដំណាក់កាល​សំណេរ ដំណាក់កាល​កំណែ ដំណាក់កាល​ស្រង់​បូក​ពិន្ទុ និង​ដំណាក់កាល​ប្រកាស​លទ្ធផលក្នុងពេល​ឆាប់ៗ​នេះ​។​

​សេចក្ដី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត គណៈ​គ្រប់គ្រង គ្រឹះស្ថាន​មធ្យមសិក្សា បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស​គ្រប់រូប ជ្រាប​ជា​ព័ត៌មាន និង​ត្រៀមលក្ខណៈ ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕​សរន​