ដោយ៖តារារិទ្ធ(ភ្នំពេញ)៖គិតពីចាប់ផ្តើមអនុវត្តដល់ឆមាសទី១ ឆ្នាំ២០២២ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋសម្រេចបាន៦ ៥៨៤ ៥៧៨ បណ្ណស្មើ៩៤, ០៦ភាគរយក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី។

លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការនិងជានាយកខុទ្ធកាល័យ នៃក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ថ្លែងនៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២២នេះក្នុងសន្និសីទ សារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់រយៈពេល៥ឆ្នាំ (២០១៨-២០២២)ដែលរៀបចំឡើងដោយអង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាល ។

លោក ថេង ច័ន្ទសង្វារ បានមានប្រសាសន៍បន្ថែមថាការចុះបញ្ជីនិងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសម្រេចបានជាង៦,៥លានបណ្ណនោះរួមមាន៖ចុះបញ្ជីដីមាន លក្ខណៈជាប្រព័ន្ធចំនួន៥ ៩៥៩ ៥៨២ បណ្ណ, ចុះបញ្ជីដីដាច់ដោយដុំចំនួន ៦២៤ ៩៩៦បណ្ណ,ចុះបញ្ជីដីរដ្ឋសម្រេចបានជាង២ ១២១ បណ្ណទំហំ ៩២១៩០៣ហិកតានិងចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិចបាន៣៧សហគមន៍ទំហំជាង៣៨ ៧១៨ ហិកតាស្មើ ៩៤៨ បណ្ណជូនប្រជាពលរដ្ឋ ៣ ៦៥២ គ្រួសារ។

លោក ថេង ច័ន្ទសង្វារ បានបញ្ជាក់ថាការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋដោយធ្វើឲ្យ តម្លៃដីធ្លីរបស់ពួកគាត់ កាន់តែមានតម្លៃ រស់នៅដោយមានភាពកក់ក្តៅ ព្រមទាំងអស់យកទៅធ្វើការវិនិយោគ សម្រាប់ជីវភាពរស់នៅរបស់ពួកគាត់ផងដែរ។ក្រៅ ពីនោះ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិនេះ ក៏ដើម្បីបម្រើផលប្រយោជន៍ ជូនដល់រាជរដ្ឋាភិបាលផងដែរ តាមរយៈការបង់ពន្ធ។

លោកបានលើកឡើងដែរថានៅឆមាសទី១ឆ្នាំ២០២២នេះក្រសួងសម្រេចបាន ១៦៩,២៦៧ ក្បាលដីស្មើ២,៤២ភាគរយក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ១៦៧ ៨២១ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន១ ៤៤៦ក្បាលដី ។ គិតតាមប្រភេទទ្រព្យការចុះបញ្ជីដីជាទ្រព្យខាងប្តីមានចំនួន ៩ ភាគរយ, ទ្រព្យខាងប្រពន្ធមានចំ នួន១៩ភាគរយ,ទ្រព្យ លីវមានចំនួន ៩ភាគរយ, ទ្រព្យរួមប្តីប្រពន្ធមានចំនួន ៦០ភាគរយនិងទ្រព្យផ្សេងៗមានចំនួន ៣ភាគរយ ។ ការចុះបញ្ជីដីគរុភណ្ឌរបស់វត្តនៅ ទូទាំងប្រទេសសម្រេច បានចំនួន១ ៩៣៦វត្ត ស្មើ ២ ៤០៤បណ្ណ៕