ដោយៈ បូកគោ / កំពត​: ប្រធាន​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត បាន​ប្រមើលមើល ឃើញថា ខេត្តកំពត មាន​បញ្ហា​ពីរ គឺ​បទល្មើស​ដីធ្លី និង​ការគ្រប់គ្រង​សំរាម នៅតាម​ក្រុង ស្រុក ដែល​រដ្ឋបាលខេត្ត ត្រូវ​រក​ដំណោះស្រាយ ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​បំផុត​។​
​កាលពី​ព្រឹក ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត បាន​បើក​វេទិកា ស្តីពី​ការរៀបចំ​ផែនការ នគរូបនីយកម្ម និង​ការគ្រប់គ្រង​ដីធ្លី​ថ្នាក់​ខេត្ត​។​

​ថ្លែង​ក្នុង​ពិធី​ខាងលើ លោក ម៉ប់ សារិន ប្រធាន​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត បាន​មានប្រសាសន៍ថាៈ សមាគម បានទទួល​ព័ត៌មាន នូវ​បញ្ហា​ប្រឈម​ជាច្រើន ករណី​ដែល​កំពុង​កើតឡើង ក្នុង​មូលដ្ឋាន​ឃុំ ស​ង្គា​ត់ នៃ​ខេត្តកំពត ។ ជាក់ស្តែង សង្កាត់​កោះ​តូច និង​សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ មាន​ករណី​ចាក់ដី​លុប​ចំណីផ្លូវ ចំណី​ព្រែក ដើម្បី​សាងសង់​ផ្ទះ លុប​ប្រឡាយ​លុប​ភ្លឺស្រែ ដោយ​ប្រជា​នេសាទ​ប្រមាណ ៦០ ទៅ ១០០ គ្រួសារ បាន​សង់​សំណង់ មិន​រៀបរយ នៅលើ​ប្រឡាយទឹក និង​ព្រែក​ជាដើម​។​

​លោក​ប្រធាន​សមាគមជាតិ បាន​បន្តថាៈ បញ្ហា​មួយទៀត គឺ​នៅ​ក្រុង និង​ស្រុក​មួយចំនួន គ្រប់គ្រង​សំរាម​មិនបាន​ល្អ ដោយមាន​ការកកស្ទះ ក្នុងការ​ដឹកជញ្ជូន រហូតដល់​មួយ សប្តាហ៍ ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព និង​ខ្វះ​អនាម័យ​។ បញ្ហា​ទាំងនេះ រដ្ឋបាលខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​បំផុត ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ លោក សេង សិរី​បុត្រ អភិបាលរង​ខេត្តកំពត បានបញ្ជាក់​ថាៈ រដ្ឋបាល​ខេត្តកំពត តែងតែ​យកចិត្តទុកដាក់ ដោយ​ចុះ​ពិនិត្យ និង​ដោះស្រាយ​រាល់​បញ្ហា ពិសេស​ការដោះស្រាយ វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។ អំឡុងពេល ៧​ខែ នៃ​ឆ្នាំ​២០២២ នេះ រដ្ឋបាលខេត្ត បានទទួល​ពាក្យបណ្តឹង ១.៧៥២ សំណុំរឿង ក្នុងនោះ បាន​ដោះស្រាយ រួចរាល់ ចំនួន ៣១ លើក ស្មើនឹង ៦៨៩ ករណី ។​

​លោក​អភិបាលរង​ខេត្ត បាន​បន្តថាៈ បញ្ហា​ទាំងនោះ ក៏មាន​ករណី​ធ្វើ​របង​បិទផ្លូវ លុប​ប្រឡាយ បឹង និង ព្រែក​ផងដែរ​។ ទោះជា​បែបនេះ​ក្តី ក៏​នៅតែមាន​ភាពខ្វះ​ចន្លោះ មួយចំនួន​ផងដែរ ហើយ​រដ្ឋបាលខេត្ត នឹង​បន្ត​ពង្រឹង​យន្តការ​ការពារ​ទប់ស្កាត់ និង​បង្ក្រាប រាល់​បទល្មើស​ដីធ្លី ឲ្យ​បានល្អ​។​

​លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត បាន​ឆ្លើយតប​ចំពោះ​ករណី ខាងលើ​ថាៈ បញ្ហាដីធ្លី ពិតជា​កើតមាន​មែន ប៉ុន្តែ​មិនធំ​ដុំ​នោះទេ ពោលគឺ រដ្ឋបាលខេត្ត អាច​ដោះស្រាយ បាន​។ ចំពោះ​បញ្ហា​សំរាម កន្លងមក ក្រុង ស្រុក មាន​ក្រុមហ៊ុន ទទួល​ប្រមូល ហើយក៏​ធ្លាប់ បញ្ឈប់​ក្រុមហ៊ុន ដែល​អនុវត្ត​មិនបាន​ល្អ​ផងដែរ​។ ប៉ុន្តែ​តំបន់ មួយចំនួន​នៅ​ផ្នែក​ខ្លះ​ក្នុង​ខេត្ត មិន​ស្ថិតក្នុង​ដែន​កំណត់ ដោយ​កិច្ចសន្យា នៃ​ការប្រមូល សំរាម​ទេ​។ ដូច្នេះ​លោក​ស្នើសុំ ដល់​អាជ្ញាធរ ជំនាញ និង​ក្រុមហ៊ុន​ប្រមូល​សំរាម ត្រូវ​ជួបជុំ​ពិភាក្សាគ្នា ដើម្បី​ស្វែងរក​លទ្ធភាព ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​៕/V​