ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី កាលពី​ថ្ងៃ​ពុធ ទី​២៤ សីហា បាន​ប្តេជ្ញា​នៅក្នុង​សុន្ទរកថា​នៅឯ​ទិវា​ឯករាជ្យ​ថា​ប្រទេស​របស់​លោក​​នឹង​ប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី “​រហូត​ដល់​ទីបញ្ចប់​” ហើយ​នឹង​មិន​ធ្វើ “​សម្បទាន​ឬ​ការសម្របសម្រួល​ណាមួយ​នោះឡើយ​”​។​

​នៅក្នុង​សុន្ទរកថា​ដ៏​រំជួលចិត្ត​ដើម្បី​រំលឹក​ខួប​៣១ ឆ្នាំ​នៃ​ឯករាជ្យភាព លោក​បាន​និយាយថា អ៊ុយ​ក្រែន​បាន “​កើត​ជា​ថ្មី​” នៅពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​ហើយ​ខ្លួន​នឹងមិន​បោះបង់​ចោល​ការតស៊ូ​ដើម្បី​​សេរីភាព​ពី​ការត្រួតត្រា​របស់​ទីក្រុង​មូ​ស្គូ​នោះឡើយ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា អ៊ុយ​ក្រែន​លែង​មើលឃើញ​សង្គ្រាម​ត្រូវ​ចប់​នៅពេលដែល​ការប្រយុទ្ធ​គ្នា​ត្រូវបាន​បញ្ឈប់​ទៀតហើយ ប៉ុន្តែ​នៅពេលដែល​ទីក្រុង​គៀវ​ទទួលបាន​ជ័យជម្នះ​ប៉ុណ្ណោះ​។​

​លោក​និយាយថា “​ប្រជាជាតិ​ថ្មី​មួយ​បាន​បង្ហាញខ្លួន​នៅក្នុង​ពិភពលោក​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​វេលា​ម៉ោង ៤ ព្រឹក​។ វា​មិន​បាន​កើត​ទេ ប៉ុន្តែ​វា​បានចាប់កំណើត​ឡើង​វិញ​។ វា​ជា​ប្រជាជាតិ​ដែល​មិនចេះ​យំ ស្រែក ឬ ភ័យខ្លាច​។ វា​ជា​ប្រជាជាតិ​ដែល​មិនចេះ​រត់គេចខ្លួន មិនចេះ​ចុះចាញ់ និង​មិន​ចេះ​ភ្លេច​ប្រវត្តិសាស្ត្រ​”​។​

​មេដឹកនាំ​អាយុ ៤៤ ឆ្នាំ​រូប​នេះ​បាន​ថ្លែង​សុន្ទរកថា​យ៉ាង​មោះមុត​ក្លាហាន​បែបនេះ​នៅ​ពីមុខ​វិមាន​ដ៏​ខ្ពស់​កណ្តាល​ទីក្រុង​គៀវ ដែល​តំណាងឱ្យ​ការទាមទារ​ឯករាជ្យ​ពី​សហភាពសូវៀត​ដែល​ដួលរលំ​ក្នុង​ឆ្នាំ ១៩៩១​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ដែល​ជា​ថ្ងៃ​ខួប​ប្រាំ​មួយខែ​ចាប់តាំងពី​ការឈ្លានពាន​បានចាប់ផ្តើម យ៉ាង​ដូច្នេះ​ថា “​យើង​មិន​ខ្វល់​ថា​អ្នក​មាន​កងទ័ព​អ្វី​នោះ​ទេ​យើង​យកចិត្តទុកដាក់​តែ​​លើ​ទឹកដី​របស់​យើង​ប៉ុណ្ណោះ​។ យើង​នឹង​ប្រយុទ្ធ​ដើម្បី​វា​រហូត​ដល់​ទីបញ្ចប់​”​។​

​លោក​បាន​និយាយថា “​យើង​បាន​ទប់ទល់​យ៉ាងរឹងមាំ​រយៈពេល​ប្រាំ​មួយខែ​។ វា​លំបាក​ណាស់ ប៉ុន្តែ​យើង​បាន​តស៊ូ​យ៉ាង​ខ្លាំងក្លា ហើយ​យើង​កំពុង​ប្រយុទ្ធ​ដើម្បី​ជោគវាសនា​របស់​យើង​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​គូសបញ្ជាក់​ជំហរ​សង្គ្រាម​រឹងមាំ​របស់​អ៊ុ​យក្រែន ដែល​ប្រឆាំង​រាល់​ការសម្របសម្រួល​ណាមួយ ដែល​អនុញ្ញាត​ឱ្យ​ទីក្រុង​មូ​ស្គូ​ទទួល​បាន​ទឹកដី​រប​ស់​ខ្លួន​រួមទាំង​តំបន់​ភាគខាងត្បូង​​និង​ភាគ​ខាងកើត​អ៊ុ​យក្រែន ដែល​រុស្ស៊ី​ដណ្តើម​បាន​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​កន្លងមកនេះ​។​

​លោក​និយាយថា “​យើង​នឹង​មិន​អង្គុយ​នៅ​តុ​ចរចា​ទាំង​ភ័យ​ខ្លាច ទាំង​មាន​កាំភ្លើង​ភ្ជង់​នឹង​ក្បាល​យើង​នោះ​ទេ​។ សម្រាប់​យើង ដែក​ដ៏​គួរឱ្យខ្លាច​បំផុត មិនមែន​ជា​មី​ស៊ី​ល យន្តហោះ និង​រថក្រោះ​ទេ​ប៉ុន្តែ​​ជា​ច្រវាក់​ចងដៃ​។ មិនមែន​លេណដ្ឋាន​ទេ ប៉ុន្តែ​ជា​ច្រវាក់​ចងជើង​”​។​

“​សម្រាប់​ពួកយើង អ៊ុយ​ក្រែន​គឺជា​ទឹកដី​អ៊ុ​យក្រែ​ន​ទាំងស្រុង​។ តំបន់​ទាំង ២៥ គឺ​គ្មាន​សម្បទាន ឬ​ការសម្របសម្រួល​ណាមួយ​នោះ​ឡើយ​”​។​

​លោក​បាន​ប្តេជ្ញា​ថា អ៊ុយ​ក្រែ​ននឹង​ដណ្តើម​យក​មក​វិញ​នូវ​ទឹកដី​ដែល​បាន​បាត់បង់​ក្នុង​តំបន់ឧស្សាហកម្ម​ដុន​បាស​នៅ​ភាគ​ខាងកើត ក៏ដូចជា​ឧបទ្វីប​គ្រីមេ ដែល​រុស្ស៊ី​បាន​កាត់​យក​ក្នុង​ឆ្នាំ ២០១៤​។​

​លោក​និយាយថា ប្រជាជន​អ៊ុយ​ក្រែន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​អូសបន្លាយ​យូរ​និង​រដូវរងា​ដ៏​ឃោរឃៅ​ចំ​ពេល​កំពុង​ខ្វះខាត​ថាមពល បន្ទាប់ពី​បាន​រុញច្រាន​កងកម្លាំង​រុស្ស៊ី​ចេញ​វិញ​នៅ​ពេល​ចាប់ផ្តើម​នៃ​អ្វីដែល​ទីក្រុង​មូ​ស្គូ​ពណ៌​នាថា​ជា “​ប្រតិបត្តិការ​យោធា​ពិសេស​” និង​ទប់ស្កាត់​បាន​ការដួលរលំ​នៃ​ទីក្រុង​គៀវ​៕

​លោក​ហ្សេ​លេន​ស្គី​ប្តេជ្ញា​ដណ្តើមយក​ទឹកដី​អ៊ុយ​ក្រែន​មក​វិញ​ទាំងអស់ពី​រុស្ស៊ី