ដោយៈដេប៉ូ/ភ្នំពេញ​៖ កម្មវិធី​ថ្មី​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត(AI) ឈ្មោះថា “WoodAI” ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី ២៥​ខែសីហា​នេះ​ដើម្បី​គាំទ្រ​ដល់​រោងចក្រ​កាត់ដេរ​និង​វិស័យ​វាយនភ័ណ្ឌ​ក្នុងការ​កាត់បន្ថយ​សម្ពាធ​លើ​ព្រៃឈើ​ធម្មជាតិ​នៅ​កម្ពុជា​។ នេះ​ជា​កិច្ចសហការ​ដ៏​ប្រសើរ​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ដោយ​ភាព​ច្នៃប្រឌិត​រវាង​ក្រុមហ៊ុន​H&M Group និង​អង្គការ​WWF នៅ​កម្ពុជា​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការWWF កម្ពុជានៅថ្ងៃទី២៥ខែសីហានេះ​បានស្រង់ប្រសាសន៍​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​មកបញ្ជាក់ថា​«​ក្រសួងបរិស្ថាន​សូម​សាទរចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​នូ​វក​ម្ម​វិធី​បញ្ញា​សិប្ប​និម្មិត​(AI)​សម្រាប់​អត្តសញ្ញាណ​កម្ម​ប្រភេទ​ឈើ​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ភាពជា​ដៃគូ​នៃ​ក្រុមហ៊ុន H&M Group​និង​អង្គការ​WWF​។​លោក​បន្តទៀតថា​៖«​យើង​សូម​កោតសរសើរ​ចំពោះ​គំនិត​ផ្តួច ផ្តើម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ​ពី​សំណាក់ អង្គការ​WWF និង ក្រុមហ៊ុន H&M Group​ហើយ​សូម​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន H&M Group ក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​និង​ក្នុងការ​ចូលរួម​កាត់ បន្ថយ​សម្ពាធ​លើ​ព្រៃឈើ​ធម្មជាតិ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន​។​»

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​(​រូបថត WWF-​កម្ពុជា​)

​លោក​រដ្ឋលេខាធិកា​របាន​បន្ថែមទៀត​ថា​ «​កម្មវិធី WoodAI​គឺជា​ការរួមចំណែក​ដ៏​សំខាន់​មួយ​ក្នុងការដោះស្រាយ ​កត្តា​ចម្បងៗ​មួយចំនួន​ដែល​បង្កឱ្យមាន​ការកាប់​បំផ្លាញ​ព្រៃឈើ​។​ក្រសួង​សូម​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ដទៃៗ​ទៀត​អនុវត្តតាម​គំរូ​នេះ និង​ចូលរួម​ក្នុង​កិច្ចការពារ និង​ថែរក្សា​ធនធាន​ព្រៃឈើ​ធម្មជាតិ និង​សត្វព្រៃ ដើម្បី​ជា​ប្រយោជន៍​យូរអង្វែង​សម្រាប់​មនុស្ស និង​ធម្មជាតិ​។​»

លោក​រដ្ឋលេខាធិកា​រក៏បាន​អំពាវនាវ​ផងដែរ​ដល់​វិស័យ​ឯកជន​ឲ្យ​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈ​ការលើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន ដែល​រស់នៅក្នុង​និង​ជុំវិញ​តំបន់​ការពារធម្មជាតិ​។​ក្រុមហ៊ុន​ទាំងអស់​ក៏​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​រួមចំណែក​អនុវត្ត​សកម្មភាព​នានា​តាម​លទ្ធភាព​ដែល​ខ្លួន​ធ្វើបាន​ក្នុង​ការជួយ​កាត់បន្ថយ​សម្ពាធ​លើ​ព្រៃឈើ​ធម្មជាតិ​។ រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​នូវ​រាល់​គំនិត​ផ្តួចផ្តើម​ដែល​គាំទ្រ​ដល់​គោលបំណង​នេះ គាំទ្រ​ដល់​រាល់​គម្រោង​មេត្រីភាព​បរិស្ថាន ដែល​លើកកម្ពស់​ការអនុវត្ត និង​ការគ្រប់គ្រង​ប្រកបដោយ​ការទទួលខុសត្រូវ និង​គាំទ្រ​ដល់​ការអភិរក្ស​។​

​កម្មវិធី​Wood AI​អាច​កំណត់​អត្តសញ្ញាណ​ប្រភេទ​ឈើ​បាន​រហ័ស​និង​អាច​គាំទ្រ​ដល់​រោងចក្រ​កាត់ដេរ​បន្ថែមទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះ​ព័ត៌មាន​ជុំវិញ​ប្រភព​ជីវម៉ាស​ដែល​ពួកគេ​ប្រើប្រាស់​។​កម្មវិធី​នេះ​អាច​កំណត់​អត្តសញ្ញាណ​ប្រភេទ​ឈើ​ដោយ​ប្រើ​ទូរស័ព្ទដៃ​ទំនើប​និង​កញ្ចក់​ម៉ាក្រូ​នៅ​ច្រកចូល​នៃ​រោងចក្រ​ដើម្បី​ជួយ​រោងចក្រ​ក្នុង​ការត្រួត​ពិនិត្យមើល​ដើម្បី​ធានាថា​ប្រភេទ​ឈើ​ដែល​ពួកគេ​ប្រើ​សម្រាប់​ផលិត​ជា​ថាមពល​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម អនុលោម​តាម​គោលការណ៍​របស់​ក្រុមហ៊ុន H&M Group​ពោលគឺ​ឈើ​ដែល​បានមកពី​ចម្ការ​ឈើ​ដាំ​ដូចជា​ស្វាយ​និង​ស្វាយចន្ទី​ជាដើម​ដែល​អាចជួយ​ធានាថា​មិន​រួមចំណែក​ដល់​ការកាប់បំផ្លាញ​ព្រៃឈើ​ធម្មជាតិ​នោះឡើយ​។​

ខាងឆ្វេង៖លោក សេង ទៀក នាយក​អង្គការ​WWF​កម្ពុជា (​រូបថត WWF-​កម្ពុជា​)

ក្នុងព្រឹត្តិការណ៍នេះដែរលោក សេង ទៀក នាយក​អង្គការ​WWF​កម្ពុជា បាន​មានប្រសាសន៍ថា​ «​បេសកកម្ម​របស់ អង្គការ​WWF នៅ​កម្ពុជា គឺ​អភិរក្ស​ធនធាន​ជីវចម្រុះ​ដ៏​សម្បូរបែប​នៅក្នុង​ប្រទេស​។ ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​នៅមាន​សភាព​ល្អ​ផ្តល់​អំណោយផល​ជាទី​ជម្រក​ធម្មជាតិ​យ៉ាងសំខាន់​សម្រាប់​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​។ ដូច្នេះហើយ យើង​តែង​រិះរក​នូវ​វិធីសាស្ត្រ និង​បច្ចេកវិទ្យា​ថ្មីៗ​ប្រកបដោយ​ការច្នៃប្រឌិត តួយ៉ាង​ដូចជា​កម្មវិធី​WoodAI​នេះ​ព្រោះ​វា​អាច​ដើរតួនាទី​មួយ​ក្នុង​ការជួយ​កាត់បន្ថយ​សម្ពាធ​មួយចំនួន​ដែល​កំពុង​គំរាមកំហែង​ដល់​ព្រៃឈើ​ធម្មជាតិ​។​»

​ការផ្តល់​ដល់​រោងចក្រ​នូវ​បច្ចេកវិទ្យា​ដែល​រួមចំណែក​ក្នុងការ​សម្រេច​ចិត្តបាន​កាន់តែ​ប្រសើរ​គឺជា​ការបោះ​ជំហាន​ល្អ​មួយ​ក្នុង ការរួមចំណែក​កាត់បន្ថយ​សម្ពាធ​លើ​ព្រៃឈើ ការពារ​ជីវចម្រុះ​ដ៏​សម្បូរបែប និង​ឆ្លើយតប​នឹង​បញ្ហា​អាកាសធាតុ​សកល​។ វា​ជា​គន្លឹះ​ចាំបាច់​ក្នុង​វិស័យ​វាយនភ័ណ្ឌ​ដោយ​ថាមពល​ដែល​គេ​ប្រើ​ក្នុង​ការផលិត​សម្លៀកបំពាក់​គឺជា​កត្តារួម​ចំណែក​ធំ​បំផុត​ទៅដល់​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ថាមពល​នេះ​ត្រូវបាន​គេ​ប្រើ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ដូចជា​ការបោក​គក់​និង​ការ​អ៊ុត​សម្លៀក បំពាក់​ជាដើម ហើយ​ដែល​ថាមពល​នេះ​មាន​ប្រភព​មកពី​ធ្យូងថ្ម ឧស្ម័ន និង​ជីវម៉ាស​ដូចជា​ឈើ​នេះ​ជាដើម​។​

កម្មវិធី​ថ្មី​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត ឈ្មោះថា “WoodAI” ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី ២៥​ខែសីហា​

ការប្រើប្រាស់​កម្មវិធី​WoodAI​ជា​ផ្នែក​មួយ​ក្នុងចំណោម​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​រួមគ្នា​វា​ក្លាយជា​ធនធាន​ដ៏​សំខាន់​មួយ​ក្នុង​ការគាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​ចំការ​ឈើ​ដាំ និង​ព្រៃឈើ​ធម្មជាតិ​នៅ​កម្ពុជា​ប្រកបដោយ​ការទទួលខុសត្រូវ​។ ក្រុមហ៊ុន H&M Group​គាំទ្រ​គម្រោង​បែបនេះ​ក្នុង​គោលបំណង​រួមចំណែក​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ​ឱ្យមាន​គុណ​ភាពល្អ​ដើម្បី​បន្ត​ស្រូបយក​ឧស្ម័ន​កាបូ​និក​។

​ការកាត់បន្ថយ​ការកាប់បំផ្លាញ​ព្រៃឈើ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរក្សា​សីតុណ្ហភាព​ពិភពលោក​ឱ្យនៅ​ត្រឹម ១.៥ អង្សា​សេ ហើយ​វា​ក៏មាន​សារៈសំខាន់​ផងដែរ​សម្រាប់​គោលដៅ​របស់​ក្រុមហ៊ុន H&M Group ក្នុងការ​សម្រេចបាន​net-zero​នៅ​ឆ្នាំ ២០៤០​។​

​លោក Christer Horn af Aminne នាយក​ក្រុមហ៊ុន H&M Group​ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា​៖«​វា​ពិត​រំភើប ណាស់​សម្រាប់​ការសាកល្បង​អនុវត្ត​បច្ចេកវិទ្យា​ថ្មី​នេះ​នៅ​កម្ពុជា​និង​ស្វែងរក​នូវ​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​គាំទ្រ​ដល់​កិច្ចការ​របស់​យើង​ជាមួយ​បណ្តា​ក្រុម​អ្នកផ្គត់ផ្គង់ ដែល​អាចជួយ​កាត់បន្ថយ​ហេតុ​ប៉ះពាល់​អវិជ្ជមាន​លើ​ព្រៃឈើ​ធម្មជាតិ​របស់​កម្ពុជា​។​»៕


កម្មវិធី​ថ្មី​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត ឈ្មោះថា “WoodAI” ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី ២៥​ខែសីហា​(រូបថWWFកម្ពុជា)