​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ដ Off Road ឆ្នាំ​២០២២ ចាប់​​ផ្ដើម​ពីថ្ងៃ​ទី​២៥ នេះហើយៗ​ក៏​គ្រោង​នឹង​បញ្ចប់​ថ្ងៃទី​២៨ សីហា​។

​រថយន្ត Off Road ៩​គ្រឿង បានចេញ​ដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Off Road ឆ្នាំ​២០២២ ដោយបាន​ដឹក​ឡាន​ប្រណាំង ពី​ខេត្ត​ត្រាត ឆ្ពោះទៅ​ខេត្ត​កា​ឆា​ណាក់​បុរី ភាគ​ខាងលិច​ប្រទេស​ថៃ​។

​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Off Road ឆ្នាំ​២០២២ នេះ មាន​ក្រុម​កីឡាករ​ចូលរួម​ចំនួន ៤​ប្រទេស ក្នុងនោះ​មាន ម៉ាឡេស៊ី ឡាវ កម្ពុជា​និង​ថៃ ដែលជា​ម្ចាស់ផ្ទះ និង​មាន​រថយន្ត​ចូលរួម​ប្រណាំង​ប្រមាណ​ជាង ១០០​គ្រឿង ក្នុងនោះ​កម្ពុជា មាន​៣​ក្រុម គឺ «​ក្រុម​ខេ​ម​បូ 4×4» «​ក្រុម VKH» ក្រុម VKH BM Garage និង​«​ក្រុម​គោព្រៃ​មណ្ឌលគិរី​»​។

​កាលពី​ថ្ងៃទី​២២ ខែសីហា ក្រុម​រថយន្ត​កម្ពុជា​ទាំង ៣ ក្រុម​ខាងលើ បានធ្វើ​ដំណើរ​ទៅដល់​ខេត្ត​ត្រាត ប្រទេស​ថៃ ដោយ​សុវត្ថិភាព ហើយ​នៅ​ថ្ងៃទី​២៤ ម្សិលមិញ​នេះ រថយន្ដ​បន្តដំណើរ​ទៅកាន់​ទីក្រុង​បាងកក និង​ខេត្ត​កា​ឆា​ណាក់​បុរី តែម្ដង​។

​ការធ្វើដំណើរ​ទៅ​ចូលរួម​ការប្រកួត​កីឡា​ប្រណាំង​រថយន្ត Off Road នេះ ក្រុម​រថយន្ត​កម្ពុជា នឹង​ឆ្លងកាត់​ចាប់ពី​ខេត្ត​ត្រាត (Trat) ខេត្ត​ចន្ទ​បុរី (Chanthaburi) ខេត្ត​រ៉ៃ​យ​ង្គ (Rayong) ខេត្ត​ជល​បុរី (Chonburi) ខេត្ត​ស្ទឹង​ជ្រៅ (Chachoengsao) ខេត្ត​សមុទ្រ​ព្រះខ័ន (Samut Prakan) ហើយ​បាន​ចូល​ទៅដល់​រាជធានី​បាងកក និង​បន្តទៅ​ខេត្ត​កា​ឆា​ណាក់​បុរី (Kanchanaburi)​។

​កម្មវិធី​ប្រកួត នៅ​ថ្ងៃទី​២៥ មុខ​នេះ គឺមាន​ទាំង​ការចុះឈ្មោះ ប្រជុំ​បច្ចេកទេស ពិនិត្យ​រថយន្ត គ្រឿង​មា​ស៊ីន ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ​។ លុះដល់​ថ្ងៃទី​២៦-២៧-២៨ ក្រុម​រថយន្ត​ដែល​ចូលរួម គឺ​នឹង​ចាប់ផ្តើម​ប្រណាំង​លើ​វិញ្ញាសា​ឯកត្តជន វិញ្ញាសា UTV និង​វិញ្ញាសា​ជា​ក្រុម​។ ក្នុងការ​ចូលរួម​ប្រណាំង​ខាងលើ ក្រុម Off Road កម្ពុជា បានបង្ហាញ​ការ​ជឿជាក់ថា នឹង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ចន្លោះ​ពី​លេខ​១ ដល់​លេខ​៥៕/V​