ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ រដ្ឋបាលខេត្តកែប រៀបចំវគ្គបណ្តុះបណ្តាល ជូនដល់គណៈកម្មការរៀបចំការប្រកួត កីឡាទ្រីយ៉ាត្លុង ២ ក្រោមវត្តមាន លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ម៉ក់ សុវណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងលោក vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃឡងដ៍ និងជាប្រធានស្តីទីសហព័ន្ធកីឡា ទ្រីយ៉ាត្លុងអាស៊ី ព្រមទាំងអគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជា លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប កីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រី ម៉ក់ វណ្ណស៊ីថា បានលើកឡើងថាៈ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន ៣០ នាក់ ជាអត្តពលិកជម្រើសជាតិ មន្ត្រី និងលោកគ្រូបង្វឹក ចំពោះវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើទ្រឹស្តី Technical Handbook 2023 និង Technical Committee និងការអនុវត្តជាក់ស្តែង លើឆ្នេរសមុទ្រស្រីសរ។

ចំពោះការសិក្សាលើ Technical Handbook 2023 និង Technical Committee ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យអត្តពលិក និងគណៈកម្មការរៀបចំការប្រកួតយល់ច្បាស់ពីច្បាប់ប្រកួតអន្តរជាតិ ឬស៊ីហ្គេម ចៀសវាងការយល់ខុស ឬមិនបានដឹងពីច្បាប់ប្រកួត ការរៀបចំប្រកួត ក្នុងនាមយើងជាម្ចាស់ផ្ទះ យើងត្រូវតែឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្របតាមបទដ្ឋានអន្តរជាតិ។

លោក ព្រុំ គន្ធិ អភិបាលរងខេត្ត បានលើកឡើងថាៈ ការរៀបចំវគ្គបណ្តុះបណ្តាល ជូនដល់គណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងនៅពេលនេះ គឺធ្វើឱ្យមានបំណិន ពិតប្រាកដ និងអាចយកចំណេះដឹងទាំងនេះ សម្រាប់អនុវត្តន៍ ក្នុងការងារបច្ចេកទេស នៃការប្រកួត ដែលធ្វើឱ្យកីឡាករ កីឡាការិនី កាន់តែមានជំនឿចិត្ត និងអាចក្លាយទៅជា គណៈកម្មការក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាដើម។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិញ្ញាសារកីឡាទ្រីយ៉ាត្លុង ហើយចំពោះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ ខេត្តកែប ក៏បានទទួលលើវិញ្ញាសាមួយនេះដែរ គឺកីឡាទ្រីយ៉ាត្លុង។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ស្តាប់លើការពន្យល់ ការអនុវត្តជាក់ស្តែង ឱ្យស្របទៅនឹងកម្មវិធីដែលបានគ្រោងទុក ជាពិសេស នៅពេលប្រកួត ត្រូវប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានមេដាយ ជូនជាតិ មាតុភូមិរបស់យើង៕/V