​ដោយៈ ប . ជ័យ / បន្ទាយ មានជ័ យៈ អភិបាល ខេត្តបន្ទាយមានជ័យ បញ្ជា​ឱ្យ​អភិបាលរង​ខេត្ត​ម្នាក់ ដឹកនាំ​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ ចុះ​អធិការកិច្ច និង​ស្នើ​បញ្ចប់​អាជ្ញាប័ណ្ណ​ភាស៊ី​ចំណត​នៅ​ថ្មពួក​១​កន្លែង និង​នៅ​បឹង​ត្រកួន ១​កន្លែង​ទៀត ដ្បិត​ម្ចាស់​ទទួល​អនុវត្ត​ហូត​ភាស៊ី​នេះ គឺ​លោក​វរសេនីយ៍​យោធា គី ជា បង្ករ​រឿងហេតុ​ឥត​ល្ហែ បង្ក​ឱ្យ​ពលរដ្ឋ អាជីវករ ថ្នាំងថ្នាក់ ។

​លោក អ៊ុ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​បញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ​។

​លោក​បានបញ្ជាក់ និង​បញ្ជា​ថាៈ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត ត្រូវ​ពិនិត្យ និង​ចុះ​បន្ទាន់ ដឹកនាំ​មន្ត្រី​ទីចាត់ការ​អន្តរ​វិស័យ ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត ស្រុក និង​រក​មេធាវី ចុះ​អធិការកិច្ច ពិនិត្យ​លើ​ការអនុញ្ញាត​របស់​ខេត្ត លើ​កិច្ចសន្យា​សៀវភៅ​បន្ទុក​លើ​ភាស៊ី​ចំណត​នៅ​ស្រុក​ថ្មពួក ព្រោះ គាត់​បង្ក​ឮ​តែ​រឿង​ច្រើន​ឥតឈប់ឈរ ហើយ​បង្ក​ឱ្យ​រាស្ត្រ​ក្តៅក្រហាយ ហើយ​នាំ​រឿង​អំពល់​ទៅដល់​ថ្នាក់លើ ហើយ​ពលរដ្ឋ​បាន​ប្តឹង​ចូល​ទៅដល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ​ផង​ទៀត ។

​លោក អ៊ុ រាត្រី ក៏​ព្រមាន​ដែរ​ដល់​លោក អែម សុខា អភិបាលស្រុក​ថ្មពួក​ថាៈ ” កុំឱ្យ​ប៉ះពាល់​លាភ​អី​នឹង​ម្ចាស់​ភាស៊ី ។ តែបើ​អភិបាល​មិន​ប៉ះ ប្រយ័ត្ន​អភិបាលរង (​យង់ យឺន​) ប៉ះពាល់ ពាក់ព័ន្ធ​ទទួល​របស់​អីៗ​គេ (​ម្ចាស់​ភាស៊ី​) ណា !​។ ”

​លោក បឹង គឹម​សឹង្ហ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី ២៤ ខែសីហា​ថាៈ កន្លងមក ករណី​ភាស៊ី​ចំណត​នៅ​ថ្មពួក និង​បឹង​ត្រកួន​នោះ ទីចាត់ការ​ជំនាញ​នៃ​រដ្ឋបាលខេត្ត បាន​ចុះ​អធិការកិច្ច និង​ឱ្យ​ម្ចាស់​ភាស៊ី​ដែល​ដេញថ្លៃ​បានធ្វើ​កិច្ចសន្យា​កែលម្អ​ចំណុច​ខុសឆ្គង​របស់ខ្លួន ហើយ​រដ្ឋបាលខេត្ត មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត រដ្ឋបាល​ស្រុក និង​ផ្នែក​ពាក់ព័ន្ធ នឹង​ចុះទៅ​ធ្វើ​អធិការកិច្ច ប្រជុំ​នៅ​ស្រុក និង​ពិនិត្យ​ទីតាំង​ដាក់​ភាស៊ី​នោះ នៅ​ថ្មពួក​និង​នៅ​បឹង​ត្រកួន ។

លោក​អនុប្រធាន ទីចាត់ការ អន្តរ វិស័យ សាលាខេត្ត បន្ទាយមានជ័យ ធ្លាប់ ប្រាប់ កាសែត រស្មី កម្ពុជា ថាៈ ម្ចាស់​ទទួល​ដេញថ្លៃ​ភាស៊ី​ចំណត (​លោក គី ជា ដែលជា​មន្ត្រី យោធា នៃ ក្រុមការងារ ទំនាក់ទំនង ព្រំដែន កម្ពុជា ថៃ ច្រក តំបន់ បឹង ត្រកួន ស្រុក ថ្មពួក ) បានដាក់​កន្លែង​ត្រួតពិនិត្យ​ហូត​ភាស៊ី​ចំណត ២​កន្លែង នៅ​ស្រុក​ថ្មពួក :​ទី​១-​នៅ ផ្លូវជាតិ លេខ ៥៦ នា ភូមិ ឯកភាព ឃុំ គំរូ ស្រុក ថ្មពួក និង ទី​២-​នៅ ផ្លូវជាតិ លេខ ៥៨ រង្វង់ មូល បឹង ត្រកួន ភូមិ​បឹង​សុ​ក្រំ ឃុំ គោក រមៀត ស្រុក ថ្មពួក ។

​លោក​បានឱ្យដឹងថាៈ បុគ្គល​រូបនេះ មាន ភាព ក្រអឺតក្រទម មិន ចង់ សហការ នឹង មន្ត្រី អធិការកិច្ច នៃ សាលាខេត្ត ឡើយ ហើយក៏​បង្ក​តែ​រឿង ហើយ​ធ្វើឱ្យ​លំបាក​ដល់​អាជ្ញាធរ ហើយ​នាំឱ្យ​ឮមាត់ឮក ថ្នាំងថ្នាក់​ពី​ពលរដ្ឋ ។

​ចំណែក​លើក​នេះ លោក​អនុប្រធាន បានឱ្យដឹងថា : មន្ត្រី​អាជ្ញាធរ​និង​ជំនាញ បាន​ជំរុញ​លោក​គី ជា បំពេញ និង​ឆ្លើយតប​កិច្ចសន្យា​សៀវភៅ​បន្ទុក ដែល​គាត់​ទទួលបាន​ពី​អ្នកដេញថ្លៃ ហើយ​សហការ​ល្អជា​មួយ​មន្ត្រី​ចុះ​បំពេញការងារ ។

សូម រំលឹកថា ក្នុង អធិការកិច្ច របស់ មន្ត្រី ចម្រុះ ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី ១៥ ខែ​ក ញ្ញា​ឆ្នាំ ២០២០ កន្លងមក លើ ភាពមិនប្រក្រតី នៃ ការទារ ភាស៊ី ចំណត របស់លោក គី ជា (​មន្ត្រី យោធា​ដែល​ទទួល​សិទ្ធិ ដាក់​ចំណត​ភាស៊ី ២ កន្លែង គឺ​នៅ​ទីតាំង​ខាងលើ ថា​បាន​ប្រព្រឹត្ត​ដូច កុងត្រូលជជុះ (​ខុសច្បាប់​) ។

​មន្ត្រី​ទាំងនោះ ដឹកនាំ​ដោយ​លោក ណង វុទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ និង​ចូលរួម​ដោយ​មន្ត្រី​ជំនាញ កងកម្លាំង ពាក់ព័ន្ធ ហើយ​បាន​ចុះ​អធិការកិច្ច ក្នុងនោះ មានការ​ប្រជុំ នៅ​សាលាស្រុក​ថ្មពួក ។

ការចុះ​អធិការកិច្ច​នេះ ធ្វើឡើង បន្ទាប់ពី​មាន បណ្តឹង​ផង ក៏ដូចជា មន្ត្រី ថ្នាក់ដឹកនាំ បាន​រកឃើញថា បុគ្គលិក​ចំណត​ភាស៊ី​រថយន្ត​ទាំង​២ កន្លែង របស់​មន្ត្រី​យោធា លោក គី ជា បាន ស្ទាក់​កាក់​ទាំង​យានយន្ត គោយន្ត​ដឹក​ធ្យូង ដឹកអុស និង​កសិផល​នានា​របស់​ពលរដ្ឋ យកលុយ​ក្រោមលេស​ថា យក​ថ្លៃ​ភាស៊ី​ចំណត ។

​បំណង​របស់​មន្ត្រី​ដែល​ចុះ គឺ​ឱ្យ​លោក គី ជា ដែល​ទទួល​សិទ្ធិ​ដាក់​ភាស៊ី​ចំណត នៅ ទីតាំង ខាងលើ ៖ ទី​១ ផ្តល់​ឯកសារ​ទាក់ទិន​ទីតាំង ចំណត ( ដី​ចំណត ) ។ ទី​២ ផ្តល់​វិក្កយបត្រ ទូទាត់​ថវិកា ដែលថា​បង់​ចូល​មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ខេត្ត និង​ថា​បាន​បង់​ចូល​សាលាខេត្ត តាមរយៈ​លោក វ៉ាន់ ដា​រ៉ា​ន់ ( មន្ត្រី អនុប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត ក្នុង ១ ឆ្នាំ ពី ៣ ទៅ ៥ លាន រៀល ) និង​ទី​៣ ផ្តល់​ឯកសារ កិច្ចសន្យា ទិញ លក់ អាជ្ញាប័ណ្ណ រវាង លោក គី ជា និង លោក ភ្ល ន់ ចំរើន ហៅ ងី ដែល បន្ត ដំណើរការ​ភាស៊ី​ចំណត ពី​អ្នកទទួល​សិទ្ធិ ជំនាន់​មុន និង​សាលាស្រុក​ថ្មពួក ។​

​ជាការ​ឆ្លើយតប លោក គី ជា ធ្លាប់​ប្រាប់​មន្ត្រី​ថា លោក មាន​ឯកសារ និង​ការអនុញ្ញាត​ត្រឹមត្រូវ ពី​មន្ទីរជំនាញ និង​អាជ្ញាធរ ឱ្យ​ដំណើរការ​ភាស៊ី ចំណតរថយន្ត​ទាំង ២ កន្លែង នៅ​ស្រុក​ថ្មពួក គ្រាន់​តែបើ​បន្ទាន់ៗ លោក​មិនមាន​ឯកសារ​នៅជាប់​ខ្លួន ព្រោះ​ឯកសារ​លោក​ឱ្យគេ​កាន់​ជំនួស ៕/V​