ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​បុរស​បីនាក់​ទៀត​បាន​រងរបួស ដោយសារ​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង ១០ និង ៥០​នាទី យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នៅត្រង់ចំណុច​ស្តុ​ប​ក្តាន់​ពីរ តាម​បណ្តោយ​មហាវិថី​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី កែង​នឹង​ផ្លូវ​១៦៩ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

​សព​ជនរងគ្រោះ មានឈ្មោះ ណន់ ថុ​ក ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ ធ្វើការ​អង្គរក្ស​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ឌ្រី​ម C125 ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​ទិស​ខាង​លិចទៅ​ខាងកើត ក្នុង​ល្បឿន​លឿន លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា PCX ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1JK-7241 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ១៦៩ ទិសដៅ​ពី​ខាងត្បូង​ទៅខាង​ជើង ចំ​ពី​ចំហៀង​ម៉ូតូ​ហុងដា PCX ខាងឆ្វេង ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ហុងដា PCX ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ ។ ចំណែក​បុរស​បីនាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម បាន​រងរបួស ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង យក​ម៉ូតូ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។ ដោយឡែក សព​ជនរងគ្រោះ សមត្ថកិច្ច ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​